ម្រេចស្រុកមេមត់ចាប់ផ្តើមមានជំងឺច្រើន និងធ្លាក់ចុះតម្លៃ
ដំណាំម្រេចស្រុកមេមត់ ខេត្តត្បូងឃ្មុំ កំពុងរងនូវហានិភ័យពីជំងឺនានា ខណៈតម្លៃគ្រាប់ម្រេចក៏កំពុងតែធ្លាក់ចុះផងដែរនៅឆ្នាំនេះ បើធៀបនឹងរដូវប្រមូលផលកាលពីឆ្នាំមុន ។លោក យិន សូផា នាយកប្រតិបត្តិសមាគមដំណាំម្រេចមេមត់ បានថ្លែងឲ្យដឹងនៅព្រឹកថ្ងៃទី៤ កុម្ភៈថា ដំណាំម្រេចឆ្នាំនេះកើតជំងឺច្រើន គឺជំងឺរលួយគល់ ដែលមានការរីករាលដាលយ៉ាងលឿននៅតាមចម្ការនានា ។ ជាមួយបញ្ហានេះ តម្លៃម្រេចនៅឆ្នាំនេះ ក៏កំពុងធ្លាក់ចុះផងដែរ ។ តាមព័ត៌មានលោកទទួលបាន គឺម្រេចឆ្នាំនេះមានតម្លៃ៦ដុល្លារក្នុង១គីឡូក្រាម បើធៀបនឹង៨,៥០ដុល្លារកាលពីឆ្នាំមុន ។
លោកបន្តថា ៖ « ការធ្លាក់ចុះតម្លៃម្រេចនៅឆ្នាំនេះ ដោយសារឥទ្ធិពលនៅលើទីផ្សារអន្តរជាតិដូចជា ប្រទេសវៀតណាម ម៉ាឡេស៊ី ស្រីលង្កា និងម្រេចផលិតនៅឥណ្ឌាបានធ្លាក់ចុះតម្លៃ ។ គុណភាពម្រេចរបស់វៀតណាមបានធ្លាក់ចុះដោយសារមានជាតិគីមី និងជាតិពុលច្រើន ដែលបានធ្វើឲ្យប៉ះពាល់ដល់តម្លៃម្រេចរបស់កម្ពុជាផងដែរ ខណៈម្រេចជាច្រើនបានងាប់ដោយសារកើតជំងឺរលួយគល់ » ។
ទិន្នផលម្រេចស្រុកមេមត់៩០% បាននាំចេញទៅប្រទេសវៀតណាម និង១០%ត្រូវបែងចែកលក់នៅកម្ពុជា និងនាំចេញទៅប្រទេសថៃ ។
លោក យិន សូផា បន្ថែមថា សមាគមម្រេចមេមត់ មានសមាជិកចំនួន២៩៨គ្រួសារ ជាមួយផ្ទៃដីដាំដុះសរុបប្រមាណ៥០០ហិកតា ដែលសមាជិកខ្លះបានចាកចេញ និងសមាជិកខ្លះទៀតបានចូលមកសមាគមជាបន្តបន្ទាប់ ។ ដូច្នេះ ផ្ទៃដី និងទិន្នផលម្រេចឆ្នាំនេះ ទំនងជាមិនកើនឡើង ទេ ។ ផ្ទៃដីដាំម្រេចកើនឡើង ឬថយចុះ គឺអាស្រ័យលើស្ថានភាពតម្លៃម្រេចជាក់ស្តែង ។
លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានថ្លែងថា ទីផ្សារកសិកម្មនៅអន្តរជាតិមិនសូវល្អទេ ។ ដូច្នេះ តម្លៃម្រេចអាចនឹងរងផលប៉ះពាល់ ប៉ុន្តែសម្រាប់ម្រេចកំពត និងស្រាក្រហម ដែលមានឈ្មោះល្បីរួចហើយ គឺមិនថយចុះតម្លៃនោះទេ ។ តម្លៃកសិផលវាពឹងអាស្រ័យលើទីផ្សារអន្តរជាតិច្រើន ។
លោកបន្តថា ៖ « ការងារនេះមិនមែនជាការងាររបស់កសិករទេ គឺជាការងាររបស់រាជរដ្ឋាភិបាលដែលផ្តោតលើការដឹកនាំ កុំផ្តោតលើការផលិតតែអ្វីមួយមុខ គឺគួរធ្វើពិពិធកម្មផលិតផល កុំដាំតែមួយមុខ គួរធ្វើឲ្យច្រើនមុខតាមស្ថានភាពដី និងទីតាំងជាក់ស្តែង ។ រាជរដ្ឋាភិបាលត្រូវដឹកនាំតាមបែបម៉ាក្រូ ហើយសិក្សាពីបញ្ហានេះឲ្យបានស៊ីជម្រៅដើម្បីរកដំណោះស្រាយជូនកសិកររបស់យើង » ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។