នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ប្រកាស​កុំ​ផ្ដល់​លេខ​សម្ងាត់ « OTP » ទៅ​អ្នកណាម្នាក់ តាមរយៈ​សារ ឬ​ទូរស័ព្ទ​ឱ្យសោះ​

​ភ្នំពេញ​៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​សង្កេតឃើញថា មាន​គណនី​ទំនាក់ទំនង​បណ្ដាញ​សង្គម​ដូចជា WhatsApp និង Telegram របស់​អ្នកប្រើប្រាស់​មួយចំនួន​ត្រូវបាន​លួច​ចូល​ប្រើប្រាស់​នៅពេលដែល​ម្ចាស់​គណនី​បាន​ផ្ដល់ឱ្យ​ជនអនាមិក នូវ​លេខ​សម្ងាត់ OTP ដែល​ពួកគេ​ទទួលបាន​ពី​ក្រុមហ៊ុន​។​

​ដើម្បីឱ្យ​អ្នកប្រើប្រាស់​កាន់តែ​យល់ដឹង​ទាក់ទង​នឹង​ការវាយប្រហារ​នេះ លោកអ្នក​ត្រូវ​ស្វែងយល់ថា តើ​អ្វី​ទៅ​ដែលជា​លេខ​សម្ងាត់ OTP នោះ​។ ​លេខ​សម្ងាត់ OTP ឬ One Time Pin គឺជា​លេខ​សម្ងាត់​ដែល​ក្រុមហ៊ុន​បាន​ផ្ញើឱ្យ​តាមរយៈ​សារ នៅពេលដែល​មានការ​ស្នើ​សុំ​ពី​អ្នកប្រើប្រាស់​ដើម្បី​បង្កើត​គណនី​ថ្មី ឬ​ដើម្បី​ចូល​ប្រើប្រាស់ (Login) គណនី​ជាមួយនឹង​ឧបករណ៍​ថ្មី​។ ដូច្នេះ​ដើម្បី​អាច​ចូលទៅក្នុង​គណនី​របស់​លោកអ្នក​បាន​នោះ ជនអនាមិក​គ្រាន់តែ​ដឹង​នូវ​លេខ​ទូរ​សព្ទ​របស់​លោកអ្នក ហើយ​ពួក គេ​ក៏​ធ្វើការ​ស្នើសុំ​លេខ​សម្ងាត់ OTP ថ្មី​។​

​ជា​ចុងក្រោយ ដើម្បី​អាច​ចូលទៅក្នុង​គណនី​របស់​លោកអ្នក​បាន ពួកគេ​គ្រាន់តែ​ផ្ញើ​សារ ឬ​ទូរ​សព្ទ​ទៅ​លោកអ្នក​ដើម្បី​លួងលោម​ឱ្យ ផ្ដល់នូវ​លេខ​សម្ងាត់​នោះ ដោយ​ប្រើប្រាស់​រូបភាព​ផ្សេងៗ​ដូចជា ពួកគេ​ពួកគេ​ជា​បុគ្គលិក​របស់​ក្រុមហ៊ុន មិត្ត​ភ័ក្តិ ឬ​លោកអ្នក បានឈ្នះ​រង្វាន់​ហើយ​ពួកគេ​ត្រូវការ​លេខ​សម្ងាត់​នោះ​ដើម្បី​បញ្ជាក់​អត្តសញ្ញាណ​ជាដើម​។​ ​ដើម្បី​ការពារ​កុំឱ្យ​មានការ​លួច​ចូល​ប្រើប្រាស់​គណនី​ទំនាក់ទំនង​បណ្ដាញ​សង្គម​របស់​លោកអ្នក ជាពិសេស​គណនី​ធនាគារ​នោះ សូម​លោកអ្នក​កុំ​ផ្ដល់​លេខ​សម្ងាត់​នេះ​ទៅឱ្យ​ជន​ទី​បី​នៅពេលដែល​មានការ​ស្នើសុំ​ណាមួយ​ឡើយ​។

​សូមបញ្ជាក់​ផងដែរ​ថា នាយកដ្ឋាន​ក៏​ធ្លាប់​បានធ្វើ​ការណែនាំ​បញ្ហា​ស្រដៀង​គ្នា​នេះ​រួចមកហើយ ទាក់ទង​នឹង​ការ​លួច​ចូល​ប្រើប្រាស់​គណនី​ធនាគារ ដែល ជនអនាមិក​បាន​ទូរ​សព្ទ​ទៅ​អ្នកប្រើប្រាស់ ហើយ​បន្លំ​ធ្វើជា​បុគ្គលិក​របស់​ធនាគារ​ដើម្បី​ទាមទារ​ឱ្យ​ផ្ដល់​លេខ​សម្ងាត់​នេះ​៕

​ប្រភព​៖ វេ​ប​សាយ​អគ្គស្នងការ​នគរបាល​ជាតិ​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close