សហគមន៍​ការពារ​ធម្មជាតិ និង​តំបន់ការពារធម្មជាតិ​ជាង​២០ កំពុងមាន​សកម្មភាព​ទេសចរណ៍​

​ខេត្តសៀមរាប​៖ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រសួងបរិស្ថាន​បាន​បង្កើត​សហគមន៍​មូលដ្ឋាន​នៅ​តំបន់ការពារធម្មជាតិ​មាន​ចំនួន ១៧៤ នៅ​ទូទាំងប្រទេស​កម្ពុជា ក្នុងចំណោម​នោះ​មាន​សហគមន៍​ការពារ​ធម្មជាតិ និង​តំបន់ការពារធម្មជាតិ​ជាង ២០ កំពុងមាន​សកម្មភាព​ទេសចរណ៍​។​

​ការ​ថ្លែង​បែបនេះ​របស់​ឯកឧត្តម​រដ្ឋមន្ត្រី សាយ សំ​អាល់ ត្រូវបាន​ក្នុងឱកាស​បើក​វេទិកា​ជាតិ​អេកូ​ទេសចរណ៍​លើក​ទី​២ កាលពី​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២១ នៅ​សណ្ឋាគារ​សុខា​អង្គរ ខេត្តសៀមរាប​។ កម្មវិធី​នេះដែរ​ត្រូវធ្វើឡើង​ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​ក្រុមការងារ​អន្តរក្រសួង​គ្រប់គ្រង និង​អភិវឌ្ឍន៍​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍ (​ក​.​គ​.​អ​.​អ​.) តំណាង​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា រួមទាំង​វត្តមាន​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

​ឯកឧត្តមរ​រដ្ឋមន្ត្រី បាន​លើកឡើងថា ក្រសួងបរិស្ថាន​បានសម្រេច​គោលដៅ​ក្នុង​ការរៀបចំ បង្កើត​សហគមន៍​មូលដ្ឋាន​នៅ​តំបន់ការពារធម្មជាតិ​ទាំងអស់ ដែល​គិត​មកដល់​បច្ចុប្បន្ននេះ​មាន​ចំនួន ១៧៤ ក្នុង​គោលបំណង​ពង្រឹង​ភាពជា​ដៃគូ តួនាទី និង​ការទទួលខុសត្រូវ​រប​ស់​សហគមន៍​មូលដ្ឋាន​ក្នុងការ​ចូលរួមចំណែក​លើកកម្ពស់​កិច្ច​គាំពារ​បរិស្ថាន ការគ្រប់គ្រង​ធនធានធម្មជាតិ​ដោយ​និរន្តរភាព និង​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​នៅ​មូលដ្ឋាន តាមរយៈ​ការកាត់បន្ថយ​ការពឹងផ្អែក​របស់​ប្រជាពលរដ្ឋ​ទាំងស្រុង​លើ​ការប្រើប្រាស់​ធនធានធម្មជាតិ ជាពិសេស​ព្រៃឈើ និង​ជីវចម្រុះ និង​ជំរុញ​ការរស់នៅ​ដោយ​ចីរភាព ដោយ​ធ្វើ​ពិពិធ​កម្ម​មូលដ្ឋាន​សេដ្ឋកិច្ច​តាម​សហ​មគ​មន៍​នីមួយៗ​។​

​ឯកឧត្តម បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ក្នុងចំណោម​ចំនួន​នេះ មាន​សហគមន៍​តំបន់ការពារធម្មជាតិ និង​សហគមន៍​ផ្សេងទៀត​ក្នុង​តំបន់ការពារធម្មជាតិ​ជាង ២០ ដែលមាន​សក្តានុពល​ផ្នែក​ទេសចរណ៍ធម្មជាតិ និង​កំពុងផ្តល់​សេវាកម្ម​នេះ​ដល់​ភ្ញៀវទេសចរ​»​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្តថា ការអភិវឌ្ឍ​អេកូ​ទេសចរណ៍​ដែល​ឈរលើ​គោលការណ៍​និរន្តរភាព​បរិស្ថាន ព្រមទាំង​ការចូលរួម​យ៉ាងសកម្ម​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន និង​ការបែងចែក​ផល​សេដ្ឋកិច្ច​ប្រកបដោយ​សមធម៌ មិន​ត្រឹមតែ​រួមចំណែក​លើកកម្ពស់​ជីវ​ភាព​របស់​ប្រជា​សហគមន៍ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​រួមចំណែក​យ៉ាងសំខាន់​ដល់​កិច្ច​គាំពារ​បរិស្ថាន ការគ្រប់គ្រង​ធនធានធម្មជាតិ ការអភិរក្ស​ជីវចម្រុះ និង​ការអភិវឌ្ឍ​ដោយ​ចីរភាព​ផងដែរ​។​

​ក្នុងន័យនេះ ក្រសួងបរិស្ថាន​បាននិងកំពុង​ខិតខំ​អនុវត្ត​ភារកិច្ច​របស់ខ្លួន ដោយ​ដៃ​ម្ខាង​ផ្តោតលើ​ការគ្រប់គ្រង អភិរក្ស​ធនធានធម្មជាតិ និង​ជីវចម្រុះ ដែលមាន​សារៈសំខាន់​ចាំបាច់​ជា​សារវន្ត​ក្នុងការ​ធានា​ដល់​និរន្តរភាព​បរិស្ថាន និង​គាំទ្រ​ដល់​សន្តិសុខ​ស្បៀង សេដ្ឋកិច្ច សង្គម និង​សុខភាព​សាធារណៈ តាមរយៈ​មុខងារ និង​តួនាទី​សេវាកម្ម​ប្រព័ន្ធ​អេកូឡូស៊ី ហើយ​ដៃ​ម្ខាង​ទៀត​ផ្តោតលើ​ការជួយ​ដល់​ការអភិវឌ្ឍ​សហគមន៍​តំបន់ការពារធម្មជាតិ ដែលជា​ឆ្អឹងខ្នង​មួយ​ដ៏​សំខាន់​ជា​យុទ្ធសាស្ត្រ​សម្រាប់​ការពារ អភិរក្ស​ធនធានធម្មជាតិ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​នៅ​តំបន់ការពារធម្មជាតិ​។​

​ក្រៅពីនេះ ក្រសួងបរិស្ថាន​តែងតែ​យកចិត្តទុកដាក់​ផ្តល់​ការគាំទ្រ​ដល់​ពួកគាត់ ទាំង​ទិសដៅ​រយៈពេល​វែង តាមរយៈ​ការជំរុញ​ការអនុវត្ត​គោលនយោបាយ យុទ្ធសាស្ត្រ និង​ផែនការ​នានា​របស់​រដ្ឋ ជាអាទិ៍​អេកូ​ទេសចរណ៍ កសិកម្ម​បែប​ទំនើប សុខភាព​សហគមន៍ ទឹកស្អាត និង​អាហារូបត្ថម្ភ ទាំង​ជា​លក្ខណៈ​ជួយ​អន្តរាគមន៍​បន្ទាន់​ចំពោះមុខ ជាពិសេស​ក្នុង​កំលុង​វិបត្តិ​កូ​វីដ​-១៩​នេះ និង​ការផ្តល់​ជា​ពូជ​បន្លែ សត្វ​ជាដើម​៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close