ខែមករា ដើមឆ្នាំនេះ កម្ពុជា នាំអង្ករចេញ ៣៤ ២៧៣តោន ប្រទេសចិន ឈរលំដាប់ទី១
ភ្នំពេញ៖ ក្នុងខែមករាឆ្នាំ២០២១នេះ បរិមាណអង្ករនាំចេញសរុបមានចំនួន ៣៤ ២៧៣តោន មានការថយចុះចំនួន ១៦ ១៧៧តោន (-៣២,០៧%) តិចជាងបរិមាណនាំចេញក្នុងខែមករា ឆ្នាំ២០២០ ដែលមានចំនួន ៥០ ៤៥០តោន ក្នុងនោះ ក្នុងខែមករា ឆ្នាំ២០២១នេះ អង្ករបាន នាំចេញទៅកាន់ទិសដៅចំនួន ២៨ប្រទេស ក្នុងនោះប្រទេសចិន ឈរលំដាប់ទី១ ។
បើតាមរបាយការណ៍ស្តីពីស្ថានភាពនៃការនាំចេញអង្ករក្នុងខែមករា ឆ្នាំ២០២១ បញ្ជាក់ថា ស្ថានភាពនៃការនាំចេញអង្ករទៅក្រៅប្រទេស ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) មានដូចខាងក្រោម៖
ស្ថានភាពនៃការនាំចេញអង្ករ ៖ បរិមាណអង្ករនាំចេញក្នុងខែមករាឆ្នាំ២០២១ មានចំនួន ៣៤ ២៧៣តោន មានការថយចុះចំនួន ១៦ ១៧៧ តោន (-៣២,០៧%) តិចជាងបរិមាណនាំចេញក្នុងខែមករា ឆ្នាំ២០២០ ដែលមានចំនួន ៥០ ៤៥០តោន (សូមបង្ហាញ ជូនក្នុងតារាងទី១នៃឧបសម្ព័ន្ធ)។
អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៣០ ០៣២តោន ស្មើនឹង ៨៧,៦៣% និងអង្ករ ស គ្រប់ប្រភេទមានចំនួន ៣ ៦៩៥តោន ស្មើនឹង ១០,៧៨% និងអង្ករចំហុយមានចំនួន ៥៤៦តោន ស្មើនឹង ១,៥៩%។ ក្នុងចំណោមរង្ករក្រអូបទាំងនោះ អង្ករផ្ការំដួល ផ្កាម្លិះមានចំនួន ១៩ ៨០៧តោន ស្មើនឹង ៥៧,៧៩% (សូមបង្ហាញជូនក្នុងតារាងទី២ នៃឧបសម្ព័ន្ធ)។
ក្នុងខែមករា ឆ្នាំ២០២១នេះ អង្ករបាន នាំចេញទៅកាន់ទិសដៅចំនួន ២៨ប្រទេស ក្នុងនោះប្រទេសចិន ឈរលំដាប់ទី១ មានចំនួន ១៦ ១៦៣តោន ប្រទេសបារាំងឈរលំដាប់ទី២ មានចំនួន ៣ ៧២៣តោន ប្រទេសហ្គាបុង ឈរលំដាប់ទី៣ មានចំនួន ៣ ៥៧០តោន ប្រទេសម៉ាឡេស៊ីឈរលំដាប់ទី៤ មានចំនួន ៣ ១៨៤តោន ប្រទេស អូស្ត្រាលីឈរលំដាប់ទី៥ មានចំនួន ៩០៨តោន សាធារណរដ្ឋឆែកឈរលំដាប់ទី៦ មានចំនួន ៨៩៥តោន ប្រទេស អេស្ប៉ាញឈរលំដាប់ទី៧ មានចំនួន ៧៨៦តោន ប្រទេសណេដឺឡឺនឈរលំដាប់ទី៨ មានចំនួន ៧៥២តោន ប្រទេស នូវែលហ្សេឡង់ឈរលំដាប់ទី៩ មានចំនួន ៥៦២តោន និងប្រទេសម៉ាយុតឈរលំដាប់ ទី១០ មានចំនួន ៥០៣តោន។ បរិមាណអង្គរដែលនាំចេញទៅកាន់ប្រទេសជាទិសដៅសហភាពវីរ៉ុប ចំនួន១៤ប្រទេស មានបរិមាណសរុបចំនួន ៧ ៦៣៥ តោន (២២ ,២៨%) ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន ១៦ ១៦៣តោន (៤៧,១៥%) ទិសដៅអាស៊ាន ចំនួន២ប្រទេស មានបរិមាណសរុបចំនួន ៣ ២៥៩តោន (៩,៥១%) និងទិសដៅដទៃទៀតចំនួន១១ប្រទេសមានបរិមាណសរុប ៧ ២១៦តោន (២១,០៦%) (សូមបង្ហាញជូនក្នុងតារាងទី៣នៃឧបសម្ព័ន្ធ) ។
ក្នុងខែមករា ឆ្នាំ២០២១នេះ មានក្រុមហ៊ុននាំចេញអង្ករចំនួន ៣៦ក្រុមហ៊ុន និងបរិមាណរអង្ករដែលបាននាំចេញដោយក្រុមហ៊ុនធំៗទាំង១០ មានរហូតដល់ ២៥ ៣៨០តោន (៧៤,០៥%) នៅពេលដែលបរិមាណនាំចេញទៅកាន់ទិសដៅរបស់ក្រុមហ៊ុន២៦ ដទៃទៀតបានត្រឹមតែ ៨ ៨៩៣តោន (២៥,៩៥%) (សូមបង្ហាញជូនក្នុងតារាងទី៤នៃឧបសម្ព័ន្ធ)។
ឯកឧត្តមរដ្ឋមន្ត្រីកសិកម្ម បានបញ្ជាក់ថា ក្នុងខែមករាឆ្នាំ២០២១នេះ បរិមាណអង្ករនាំចេញសរុបមានចំនួន ៣៤ ២៧៣តោន មានការថយចុះចំនួន ១៦ ១៧៧តោន (-៣២,០៧%) តិចជាងបរិមាណនាំចេញក្នុងខែមករា ឆ្នាំ២០២០ ដែលមានចំនួន ៥០ ៤៥០តោន ហើយការថយចុះនេះរួមមាន ទិសដៅសហភាពអឺរ៉ុបចំនួន ១០ ៩៨៥តោន ( -៥៩%) ទិសដៅប្រទេសអាស៊ានចំនួន ២ ៦២៥តោន (-៤៤,៦១%) និងទិសដៅដទៃទៀតចំនួន ៣ ៧២៣តោន (-៣៤,០៣%)។ ដោយឡែក ប្រទេសចិនមានការកើនឡើងចំនួន ១ ១៥៦តោន (៧,៧%) (សូមបង្ហាញជូនក្នុងតារាងទី ៥នៃឧបសម្ព័ន្ធ )៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។