សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ ជា​បណ្តុំ​ចំណេះដឹង​ផ្នែក​ប្រវត្តិសាស្ត្រ ប្រវត្តិ​សិល្បៈ សម្រាប់​កូន​ខ្មែរ​សិក្សា​ស្វែងយល់​

​ខេត្តសៀមរាប​៖ សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ មាន​ពិព័រណ៍​អចិន្ត្រៃយ៍​ចំនួន​៣ សុទ្ធសឹង​ជា​លទ្ធផល​កំណាយ​ស្រាវជ្រាវ​បុរាណវិទ្យា​នៅក្នុង​តំបន់​អង្គរ​។ ពិព័រណ៍​វត្ថុ​បុរាណ​ដែល​បានមកពី​កំណាយ​ស្រាវជ្រាវ​ទាំងនោះ នឹង​ផ្តល់​ចំណេះដឹង​ដល់​អ្នកទស្សនា​ឱ្យ​យល់បាន​កាន់តែច្បាស់​អំពី​បុរាណវិទ្យា​លើដី​និង​ក្រោម​ដី រួមទាំង​ប្រវត្តិ​សិល្បៈ​ជាច្រើន​ទៀត​។

​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​បឹង​ដូន​ប៉ា ឃុំ​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​អង្គរ​មិន​ត្រឹមតែ​ជាទី​កន្លែង​ពិព័រណ៍​នូវ​កុលាលភាជន៍ ផ្នូរ​សព​បុរាណ សាកសព ឬ​ឆ្អឹង​ខ្មោចមនុស្ស​សម័យបុរាណ រួមទាំង​បដិមា​ជាច្រើន​សម្រាប់​ទស្សនា​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​កន្លែង​ដែល​ផ្តុំ​នូវ​ចំណេះដឹង​ផ្នែក​ប្រវត្តិសាស្ត្រ ប្រវត្តិ​សិល្បៈ និង​បម្រែបម្រួល​នៃ​សាសនា​ខ្មែរ​នា​អតីតកាល​។

​លោក ប៉ែន ចំ​រ៉ុង នាយក​ស្តីទី​នៃ​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ បាន​លើកឡើងថា អ្នកទស្សនា​អាច​ទទួលបាន​នូវ​ចំណេះដឹង​ដ៏​កម្រ តាមរយៈ​ការ​ចូលមក​ទស្សនា​ពិព័រណ៍​នៅ​សារមន្ទី​ព្រះ​នរោត្តម​សីហនុ​-​អង្គរ​។ ជាពិសេស​សម្រាប់​យុវជន កុលបុត្រ​ខ្មែរ​ដែល​ចំណេះដឹង​ទាំងនេះ​គឺមាន​តម្លៃ​ជាទីបំផុត​។

​លោក​សង្កត់ធ្ងន់ថា យុវជន​ជា សសរទ្រូង​របស់​ប្រទេសជាតិ ហើយ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​សិក្សា​ស្រាវជ្រាវ និង​ចូលរួម​ក្នុង​កិច្ចការ​ថែរក្សា ការពារ និង​អភិរក្ស​បេតិកភណ្ឌ​។ ដូច្នេះ សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ លើកទឹកចិត្ត និង​បើកទូលាយ​ដល់​គ្រឹះស្ថាន​អប់រំ​ផ្សេងៗ​ដឹកនាំ​សិស្សានុសិស្ស​ឱ្យមកធ្វើ​ទស្សនកិច្ច​សិក្សា​ស្វែងយល់​យល់​ពី​តួនាទី​របស់​សារមន្ទីរ និង​បានឃើញ​បុរាណវត្ថុ​ផ្ទាល់​ភ្នែក ដែល​បានមកពី​ការស្រាវជ្រាវ​របស់​អាជ្ញា​ធរ​ជាតិ​អប្សរា អង្គការ​ស្ថាប័ន​អន្តរជាតិ​ធ្វើការ​ងារ​ជួសជុល អភិរក្ស និង​ស្រាវជ្រាវ​នៅក្នុង​តំបន់​អង្គរ​។​

​លោក ប៉ែន ចំ​រ៉ុង បន្ថែមថា ក្រោយពេល​មានការ​អប់រំ​បេតិកភណ្ឌ​បាន​ទូលំទូលាយ មាន​ប្រជាព​រដ្ឋ និង​សប្បុរសជន​បាន​ចូលរួម​ផ្តល់នូវ​បុរាណវត្ថុ​ដូចជា​បដិមា និង​កុលាលភាជន៍​មក​សារមន្ទីរ​ជា​ហូរហែរ​។ សកម្មភាព​នេះ សបញ្ជាក់​ឱ្យឃើញថា ប្រជាពលរដ្ឋ​មានការ​យល់ដឹង​កាន់តែច្រើន រួមទាំង​បាន​ចូលរួមចំណែក​ថែរក្សា ការពារ អភិរក្ស​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា និង​សម្រាប់​ប្រជាជាតិ​ខ្មែរ​ទាំងមូល​៕​
 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close