សហគមន៍តំបន់ការពារធម្មជាតិ មានតួនាទី និងការទទួលខុស ត្រូវចូលរួមអភិរក្សធនធានធម្មជាតិ
ខេត្តព្រះវិហារ៖ ក្រសួងបរិស្ថាន និងអង្គការជាដៃគូ ព្រមទាំងសហគមន៍តំបន់ការពារធម្មជាតិ បានរួមសហការគ្នាពង្រឹងទៅលើកិច្ចការការពារនិងអភិរក្សធនធានធម្មជាតិដោយមិនត្រឹមតែមានទិសដៅការពារធនធានធម្មជាតិព្រៃឈើនិងសត្វព្រៃនោះទេ ប៉ុន្តែក្រសួងបានអភិរក្សមុខរបរប្រជាសហគមន៍ ចូលអភិរក្សប្រពៃណី ទំនៀមទម្លាប់របស់ប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍របស់គាត់ផងដែរ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានក្នុងការដឹកនាំគណៈប្រតិភូក្រសួងបរិស្ថាន រដ្ឋបាលខេត្តព្រះវិហារ និងក្រុមអ្នកសារព័ត៌មានទស្សនកិច្ចស្វែងយល់នៅតំបន់ដែនជម្រកសត្វព្រៃព្រះរកា ភូមិក្រឡាពាស ឃុំព្រីងធំ ស្រុកជាំក្សាន្តខេត្តព្រះវិហារ កាលពីថ្ងៃទី៩ ខែមិថុនា បានបញ្ជាក់ថា បច្ចុប្បន្ននេះក្រសួងបរិស្ថាន អង្គការដៃគូនិងស្ថាប័នពាក់ព័ន្ធមួយចំនួនបានរួមគ្នាក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ក៏ដូចជាចូលរួមបង្កើតមុខរបរជូនប្រជាពលរដ្ឋសហគមន៍ អភិរក្សបេតិកភណ្ឌវប្បធម៌ប្រពៃណីទាំងរូបី និងអរូបិយឱ្យបានគង់វង្ស និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបង្កើតតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីបង្កើនសេដ្ឋកិច្ចមូលដ្ឋាន។
ឯកឧត្តមមានប្រសាសន៍ថា នៅក្នុងតំបន់សហគមន៍ការពារធម្មជាតិក្នុងខេត្តព្រះវិហារមាន ដល់សហគមន៍តំបន់ការពារធម្មជាតិចំនួន ៤១ សហគមន៍ ហើយក្នុងចំណោមសហគមន៍ទាំងនេះតែងមានប្រជាពលរដ្ឋប្រកបរបរដងជ័រទឹក។ សម្រាប់មុខរបរដងជ័រទឹកនេះដែរគឺជាមុខរបរមួយផ្តល់ប្រាក់ចំណូលបន្ថែមដល់ប្រជាពលរដ្ឋក្នុងសហគមន៍សម្រាប់ផ្គត់ផ្គង់ជីវភាព។ ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងដោយបញ្ជាក់ថាក្នុងក្របខណ្ឌគោលនយោបាយរបស់ក្រសួងបរិស្ថានគឺកំពុងតែរៀបចំការកំណត់តំបន់ និងជំរុញលើការបោះបង្គោលកំណត់តំបន់ឱ្យបានច្បាស់លាស់ ដើម្បីធ្វើការបែងចែកតំបន់ការពារធម្មជាតិ។
ដោយឡែកដែនជម្រកសត្វព្រៃព្រះរកា ខេត្តព្រះវិហារនេះដែរ គឺបានផ្ទេរមកការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន នៅឆ្នាំ២០២១៦ ដែលមន្ត្រីឧទ្យានុរក្សបានចាប់ផ្តើមមានវត្តមាននៅទីនេះ ហើយក៏បានខចូលរួមពីសហគមន៍ការពារតំបន់ធម្មជាតិ អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) ដែលជាដៃគូបានធ្វើការរួមគ្នាគឺទី១ ដើម្បីពង្រឹងទៅលើការការពារនិងអភិរក្សធនធានធម្មជាតិ ទី២ អភិរក្សនូវមុខរបរប្រជាសហគមន៍ដែលមានជាលក្ខណៈប្រពៃណីដូចជារបរដងជ័រទឹក និងផ្តល់ជម្រើសនិងមុខថ្មី។
ជាទិសដៅក្រសួងមិនត្រឹមតែការពារធនធានធម្មជាតិ ដែលមានព្រៃឈើ សត្វព្រៃទេ តែយើងបានចូលរួម អភិរក្សនូវប្រពៃណី ទំនៀមទម្លាប់ របស់ប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍របស់គាត់ផងដែរ។«ដោយឡែកនៅសហគមន៍ផ្សេងៗទៀត ក្រសួងក៏កំពុងស្រង់ស្ថិតិនៃមុខរបររបស់ប្រជាពលរដ្ឋក្នុងការធ្វើជ័រច្បោះនេះ ដើម្បីកំណត់ទីតាំងឱ្យបានច្បាស់លាស់ ពិសេសដើមជ័រច្បោះនេះស្ថិតនៅក្នុងព្រៃជ្រៅៗដែលអាចធ្វើឱ្យគេមានទិន្នន័យច្បាស់លាស់និងសិក្សាតំបន់ទាំងអស់នេះ។ សម្រាប់តំបន់សហគមន៍ ក្រសួងបានប្រគល់តួនាទីដល់សហគមន៍ដើម្បីចូលរួមការពារថែរក្សា ហើយវាជាផលប្រយោជន៍របស់គាត់។ ពួកគាត់អាចអាស្រ័យផលពីព្រៃសហគមន៍នេះបាន។
បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិព្រៃទ័ពបានចូលរួមជាមួយមន្ត្រីអាជ្ញាធរមូលដ្ឋាន មន្ត្រីឧទ្យានុរក្សក្នុងការពារដើមច្បោះ និងធនធានធម្មជាតិទាំងនេះដើម្បីផលប្រយោជន៍រួមទាំងអស់គ្នា។ ពួកគាត់មិនត្រឹមតែទទួលបានផលពីជ័រច្បោះនេះទេ ប៉ុន្តែពួកគាត់ក៏អាចដកផលប្រយោជន៍ពីអនុផលព្រៃឈើផ្សេងៗទៀតដូចជា បន្លែ បង្កា ផ្លែឈើ និងទឹកឃ្មុំជាដើម។ ក្រៅពីនេះមុខរបរទាំងនេះ ក្រសួងបរិស្ថានបានសហការជាមួយអង្គកា WCS ដើម្បីបង្កើតមុខរបរថ្មីមួយបន្ថែមទៀតគឺការធ្វើស្រូវត្រយងដែលជាស្រូវមួយអាចលក់ក្នុងតម្លៃខ្ពស់។
ពលរដ្ឋអាចបង្កើតមុខរបរធ្វើស្រូវថ្មីដែលមានតម្លៃខ្ពស់ពីស្រូវពួកគាត់ប្រកបរបរធ្វើស្រែរៀងរាល់ឆ្នាំអស់កាលជាយូរមកហើយនេះ។ ពួកគាត់អាចផ្លាស់ប្តូរមុខរបរថ្មីដើម្បីផ្តាច់ខ្លួនចេញពីការពឹងផ្អែកទៅលើធនធានធម្មជាតិ ដោយពួកគាត់មិនត្រូវកាប់ព្រៃឈើ បរបាញ់សត្វ ការទន្ទ្រានដីខុសច្បាប់ ហើយមកប្រកបរបរថ្មីដែលជារបរមួយរឹងមាំអាចរកចំណូលចិញ្ចឹមគ្រួសារ។ នេះជាផែនការរបស់ក្រសួងបរិស្ថាន ដើម្បីបង្កើនជីវភាពគ្រួសាររបស់ប្រជាសហគមន៍ឱ្យកាន់តែធូរធានិងរឹងមាំយូរអង្វែង។ គួរបញ្ជាក់ថាជ័រទឹក ឬក៏បងប្អូនប្រជាជនជនជាតិដើមភាគតិចកួយហៅថា ជ័រច្បោះនោះ គឺជាមុខរបរទំនៀមទម្លាប់បន្តវេនពីដូនតារបស់ពួកគាត់បានបន្សល់ទុក ឲ្យមកដល់សព្វថ្ងៃនេះ។
ជ័រច្បោះត្រូវបានយកចេញពីដើមឈើមួយចំនួនដូចជាដើមឈើទាល ដើមឈើផ្ចឹកនិងឈើត្រាច ជាដើម។ ពាក់ព័ន្ធក្នុងមុខរបរចៀរជ័រច្បោះនេះ លោក នង ដេង ប្រធានសហគមន៍ស្រែទ័ព ស្ថិតនៅក្នុងតំបន់អភិរក្សសត្វព្រៃព្រះរកា ខេត្តព្រះវិហារបានឱ្យដឹងថាសព្វថ្ងៃលោកមានដើមច្បោះ១០០៨ ដើម ហើយក្នុងនេះមួយដើមអាចផ្តល់ជាជ័រក្នុងមួយខែ១០២៥កានហើយអាចលក់បាន៨ម៉ឺនរៀល។
បុរសរូបនេះបានឱ្យដឹងបន្ថែមថានៅតំបន់នេះមានទំហំដីចំនួន ៣៤៩០ហិកតា ហើយក្នុងចំណោមនេះពលរដ្ឋរស់នៅ ៣០០គ្រួសារបាន ប្រកបរបរចៀរជ័រច្បោះ នេះជាងពាក់កណ្តាលទៅហើយ។ លោកបានពន្យល់ប្រាប់ថា៖«ដើមច្បោះមួយដើមគេអាចយកជ័រក្នុងមួយខែ៣ដង ហើយគេអាចដងគ្រប់ខួបពោលគឺអាចទាញយកជ័របានពេញមួយឆ្នាំតែម្តង។ចំពោះដើមច្បោះមួយដើមក្នុង១ថ្ងៃអាចផ្តល់ជ័រ២ទៅ៣លីត្រនិងដើមខ្លះក៏បានតិចជាងនេះ។
ចំពោះដើមច្បោះដែលផ្តល់ជ័របានតិចបំផុតគឺស្ថិតខែ៣ និងខែ៤ដែលជាខែក្តៅបំផុតនោះជ័រមិនសូវចេញទេ។ បន្ទាប់ពីឈានចូលដល់ខែ ៥ ទៅជ័រច្បោះវា នឹងផ្តល់ជ័រច្រើនដូចធម្មតាវិញ! លោកបានប្រាប់ផងថាសព្វថ្ងៃប្រជាជនជនជាតិដើមភាគតិច អាចប្រមូលអនុផលពីជ័រច្បោះម្តងៗបានចាប់ពី ៣ ទៅ ៤កាន ដែលក្នុងមួយកានមានចំណុះ ៣០ លីត្រ ឬក៏លើសពីនេះទៅតាមដើមច្បោះដែលពួកគាត់មាន។ ដោយពួកគាត់ត្រូវចំណាយពេលប្រហែលជា ២ យប់ ៣ថ្ងៃក្នុងការចូលព្រៃដើម្បីប្រមូលផល ហើយពួកគាត់អាចលក់ជ័រទឹកទៅឲ្យឈ្នួញកណ្តាលបានមួយកានចាប់ពីតម្លៃ ៧ ម៉ឺនរៀល ទៅដល់ ៨ម៉ឺនរៀលដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារដែរ។
គួរបញ្ជាក់ថា ជនជនដើមភាគតិចកួយ បានចែកកេរមរតដើមជ័រច្បោះដែលមាននៅក្នុងព្រៃព្រះរកាឱ្យទៅកូនចៅរបស់ពួកគាត់ ពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីប្រកបរបរចិញ្ជឹមជិវិតជាប្រចាំថ្ងៃ។ចំពោះ វិធីដែលបងប្អូនជនជាតិដើមភាគតិចកួយដងជ័រច្បោះពីដើមឈើទាល ដើមផ្ចឹកនិងដើមឈើត្រាច គឺពួកគាត់ត្រូវចោះដើមឈើយកមុខប្រហែលជា៦០សង់ទីម៉ែត្រ និងធ្វើការដុតភ្លើងត្រង់កន្លែងចោះនោះ ដើម្បីឲ្យវាចេញជ័របានល្អ និងដងយកជ័រច្បោះដាក់កាន បន្ទាប់មកទៀតពួកគាត់មានធ្វើជាឧបរកណ៍ដាក់បាំងទឹកភ្លៀង កុំឲ្យហូរចន្លោះនាំឲ្យខួចខាតជ័រច្បោះរបស់ពួកគាត់។ អត្ថប្រយោជន៍របស់ជ័រច្បោះ គេអាចយកវាមកលាយជាមួយជ័រចុង ទុកសម្រាប់បិតឬក៏លាបទូកកុំឲ្យជ្រាបទឹក និងប្រើសម្រាប់ធ្វើគប់ភ្លើង ឬចន្លុះក៏បាន។ ដោយសារតែជ័រច្បោះ មានភាពស្អិតយខ្លាំងអាចធ្វើឲ្យគេលាបនៅលើផ្ទៃខាងក្រៅឥដ្ឋ ដើម្បីបន្សារពីដុំឥដ្ឋទៅដុំឥដ្ឋមួយទៀត ពេលសាងសង់ប្រាសាទផងដែរកាលពីសម័យដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។