ក្រសួង​វប្បធម៌​ជំរុញ​ការគ្រប់គ្រង​ស្ថានីយ​បុរាណ​កុំ​ឲ្យ​មានការ​ទន្ទ្រាន​យក​ជា​កម្មសិទ្ធិឯកជន​បន្តទៀត​

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ជំរុញ​ការគ្រប់គ្រង​ស្ថានីយ​បុរាណ​មិនឱ្យ​មានការ​ទន្ទ្រាន​យក​ជា​កម្មសិទ្ធិឯកជន ខណៈ​បច្ចុប្បន្ន​មាន​ស្ថានីយ​បុរាណ​ខ្លះ​ខូច​ទ្រង់ទ្រាយ​ដើម និង​ខ្លះទៀត​ត្រូវបាន​បំផ្លាញ​ទាំងស្រុង​។​

​ថ្លែង​នៅក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​បច្ចេកទេស​កំណត់​និយាម​ការ និង​កំណត់​ទំហំ​ការពារ​ស្ថានីយ​បុរាណ​នៅតាម​បណ្តា​រាជធានី​-​ខេត្ត ដែល​ធ្វើ​នា​ទីស្តីការក្រសួង​ថ្ងៃទី​២៧ ខែសីហា ម្សិលមិញ ឯកឧត្តម ជុច ភឿន រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ឲ្យ​ដឹងថា កត្តា​យល់ដឹង​ពី​តម្លៃ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​របស់​ប្រជាពលរដ្ឋ​នៅមានកម្រិត និង​កំណើន​ដីធ្លី​កាន់តែ​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ បាន​បណ្តាលឱ្យ​ស្ថានីយ​បុរាណ​មួយចំនួន ត្រូវបានធ្វើ​ការទន្ទ្រាន ឈូសឆាយ​យក​ដី​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។ ឯកឧត្តម​បញ្ជាក់ថា ក្រសួង​បាន​ពង្រឹង​ការងារ​ដល់​មន្ត្រី​ជំនាញ​ចុះ​កំណត់​ទំហំ​ដែន​ការពារ​ស្ថានីយ​បុរាណ​ដែល​កំពុង​ប្រឈម​ខ្លាំង​បាត់បង់​។​

ក្រុមមន្ត្រី​អភិរក្ស និង​នគរបាល​បេតិកភណ្ឌ​វប្បធម៌ បានលើកឡើង​ស្រដៀង​គ្នា​ថា នៅ​ស្ថានីយ បុរាណ​នៅតែ​ជា​គោលដៅ​នៃ​ការបំផ្លិចបំផ្លាញ ដោយ​ការ​ឈូសឆាយ រំលោភ ការទន្ទ្រាន​កាន់កាប់ យក​ជា​កម្មសិទ្ធិ ដោយ​ពុំបាន​គិតដល់​ការអភិរក្ស​ស​ម្ប​ត្ត​ដែលមាន​តម្លៃ ខណៈ​មន្ត្រី និង​សមត្ថកិច្ច​ពាក់ ព័ន្ធ​ខ្វះ​កិច្ចសហការ និង​ចំណេះដឹង​អំពី​ស្ថានីយ​បុរាណ​។​

​យោងតាម​ស្ថិតិ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​បង្ហាញថា នៅ​ទូទាំងប្រទេស​កម្ពុជា មាន​ស្ថានីយ​បុរាណ​រហូតដល់​ជាង​៦​ពាន់​កន្លែង ដោយ​ស្ថានីយ​បុរាណ​មួយចំនួនធំ ត្រូវបាន​ការចាប់អារម្មណ៍​ពី​សំណាក់​អ្នកស្រាវជ្រាវ​ជាតិ និង​អន្តរជាតិ ដើម្បី​បង្ហាញ​ពី​ប្រវត្តិសាស្ត្រ និង​វប្បធម៌​ជាតិ ហើយក៏​ជាការ​ទាក់ទាញ​ភ្ញៀវទេសចរ ដែលជា​ប្រយោជន៍​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close