សត្វ​ក្រៀល​និមិត្តរូប​នៃ​ជោគវាសនា​ល្អ និង​អាយុ​យឺនយូរ មនោសញ្ចេតនា​ស្នេហា​ស្ម័គ្រស្មោះ កំពុងមាន​ចំនួន​ធ្លាក់ចុះ​នៅលើ​ពិភពលោក

«​សត្វ​ក្រៀល​គឺជា​ប្រភេទ​សត្វ​កម្រ និង​ជាស​ត្វ​ស្លាប​ដែលមាន​កម្ពស់​ខ្ពស់​ជាងគេ​នៅលើ​ពិភពលោក ហើយ​អាច​ហើរ​បាន ត្រូវបាន​រកឃើញថា​មាន​និន្នាការ​ធ្លាក់ចុះ​ខ្លាំង ក្នុងនោះ​សត្វ​ក្រៀល​នៅ​កម្ពុជា​ក៏មាន​ចំនួន​ធ្លាក់ចុះ​ដែរ ដែល​យើងទាំងអស់គ្នា​ចាំបាច់​ត្រូវ​ចូលរួម​ការពារ និង​អភិរក្ស​ប្រភេទ​សត្វ​ដ៏​កម្រ​នេះ ទាំង​ការថែរក្សា​ទីជម្រក​ពង​កូន និង​តំបន់ដីសើម​ដែលជា​កន្លែង​ស្វែងរក​ចំណី​របស់​សត្វ​ក្រៀល​និង​សត្វ​ស្លាប​ផ្សេងៗ​ទៀត​»​។

នេះ​គឺជា​ការ​ថ្លែង​របស់​រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២១​នេះ​។ ឯកឧត្តម​រដ្ឋលេខាធិកា​រ នេត្រ ភក្ត្រា បាន​ថ្លែងថា យោងតាម​ជំរឿន​សត្វ​ក្រៀល​នៅ​ចុងឆ្នាំ​២០១៩ និង​ដើមឆ្នាំ​២០២០ សត្វ​ក្រៀល​ចំនួន ១៩៤ ក្បាល​ត្រូវបាន​កត់ត្រា​នៅ​ប្រមាណ ១០​ទីតាំង​ខុសៗ​គ្នា​នៅក្នុង​ប្រទេស​កម្ពុជា​។ ការ​ជំរឿន​នេះ ធ្វើឡើង​នៅ​រាល់​ខែធ្នូ ដល់​ខែឧសភា នៃ​ឆ្នាំ​នីមួយៗ ដើម្បី​អាចឱ្យ​យើង​ប៉ាន់ស្មាន និង​ពិនិត្យ​តាមដាន​ពី​ចំនួន​សត្វ​ក្រៀល​ថា​តើ​វា​កើនឡើង ឬ​ថយចុះ និង​ដើម្បី​រៀបចំ​យន្តការ និង​ផែនការ​ការពារ​និង​អភិរក្ស​បន្ថែមទៀត​។​


​ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួងបរិស្ថាន បាន​ថ្លែងឱ្យដឹងថា យោងតាម​ទិន្នន័យ​សិក្សា​ដោយ​អ្នកជំនាញ ចំនួន​សត្វ​ក្រៀល នៅលើ​ពិភពលោក​នាពេល​បច្ចុប្បន្ន​នេះ មាន​ចំនួន​ចន្លោះ​ពី ១៣.០០០ ទៅ​១៥.០០០ ក្បាល​ដែល​កំពុង​រស់នៅ​ក្នុងប្រទេស​ឥណ្ឌា ប្រទេស​អូស្ត្រាលី ប្រទេស​វៀតណាម ប្រទេស​ឡាវ និង​ប្រទេស​កម្ពុជា​។ សត្វ​ក្រៀល​មាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា​តាំងពី​យូរលង់​ណាស់​មកហើយ​។ ប្រសិន​បើសិន​យើង​បាន​ទស្សនា​ប្រាសាទបាយ័ន​នៅ ខេត្តសៀមរាប យើង​នឹង​ឃើញ​រូបចំលាក់​សត្វ​ក្រៀល​ដែល​ត្រូវបាន​ឆ្លាក់​ជាប់​នឹង​ផ្ទាំង​ថ្ម​។ នៅក្នុង​ទ្វីបអាស៊ី សត្វ​ក្រៀល​គឺជា​និមិត្តរូប​នៃ​ជោគវាសនា​ល្អ និង​អាយុ​យឺនយូរ​។ ពួកវា​ក៏ត្រូវ​បាន​គេ​គិតថា​ជា​និមិត្តរូប​នៃ​មនោសញ្ចេតនា​ស្នេហា​ស្ម័គ្រស្មោះ​ដោយយោង​ទៅតាម​ការភ្ជាប់​ចំណង​មេត្រីភាព​របស់​ពួកវា​។ នៅក្នុង​ប្រទេស​ភូមា សត្វ​ក្រៀល​ត្រូវបាន​គេ​ឃើញ​មាន​ក្នុង​ពុទ្ធសាសនា​។​


​ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើង​ពី​កត្តា​គំរាមកំហែង​ចំពោះ​សត្វ​ក្រៀល​ដោយបាន​ពន្យល់ថា​៖ «​ចំនួន​សត្វ​ក្រៀល​ត្រូវបាន​ធ្លាក់ចុះ​យ៉ាងច្រើន​នា​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ​ដោយសារតែ​អត្រា​ស្លាប់​កម្រិត​ខ្ពស់ និង​អត្រា​បង្ក​កំណើត​មាន​កម្រិត​ទាប​នៅឡើយ​។ ការធ្លាក់ចុះ​ចំនួន​សត្វ​ក្រៀល​នៅ​ទូទាំង​ពិភពលោក​នេះ​គឺ​បណ្ដាលមកពី​កត្តា​គំរាមកំហែង​ផ្សេងៗ​ដែល​បង្កឡើង​ដោយ​មនុស្ស និង​ធម្មជាតិ ដូចជា​ការបាត់បង់​តំបន់ដីសើម​ដែលជា​ទីជម្រក​ដ៏​សំខាន់​របស់​សត្វ​ក្រៀល ការរំខាន់​នៅ​តំបន់​ពង​កូន ដែលនាំឱ្យ​អាត្រា​បង្ក​កំណើត​ទាប ការបំពុល​ដោយ​ថ្នាំពុល​កសិកម្ម ការថយចុះ​នូវ​វត្តមាន​ចំណីអាហារ ការកែប្រែ​ប្រព័ន្ធ​ជលសា​ស្ត្រ ជំងឺឆ្លង ការយក​ស៊ុត ឬ​កូន​សត្វ​ក្រៀល​ពី​សំបុក​ដើម្បី​ច​ញ្ចឹ​ម ឬ​ជួញដូរ ការសម្លាប់​ដោយ​សត្វ​ឆ្កែ​ខាំ និង​ការប្រែប្រួល​អាកាសធាតុ​ជាដើម​»​។​

​ឯកឧត្តម​រដ្ឋលេខាធិកា​របា​ន​ថ្លែងថា ក្រសួងបរិស្ថាន​បាននិងកំពុង​សហការ​ជាមួយ​អង្គការ​ដៃគូ​ក្នុងការ​អភិរក្ស​សត្វ​ក្រៀល និង​ទីជម្រក​របស់​ពួកវា​ដោយ​ឧ​ទ្យា​នុ​រក្ស តែងតែ​ល្បាត​នៅ​តំបន់ការពារធម្មជាតិ​ដែលជា​ជម្រក​របស់​សត្វ​ក្រៀល ការសិក្សា​ពី​ផលប៉ះពាល់​ការប្រែប្រួល​អាកាសធាតុ ការគ្រប់គ្រង​និង​ដាក់​តំបន់ដីសើម​សំខាន់ៗ​ជា​តំបន់ការពារធម្មជាតិ និង​ធ្វើ​ជំរឿន​សត្វ​ក្រៀល​ជា​រៀងរាល់ឆ្នាំ ដើម្បី​ប្រមូល​និង​រក្សាទុក​ទិន្នន័យ​ជាក់លាក់​នៃ​ចំនួន​សត្វ​ក្រៀល​នៅ​ប្រទេស​កម្ពុជា​។ ឯកឧត្តម នេត្រ ភក្ត្រា បាន​មានប្រសាសន៍ថា​៖«​យើង​ក៏បាន​លើកទឹកចិត្ត​ដល់​សម្មភាព​អភិរក្ស និង​លើកកម្ពស់​ជីវភាព​សហ​គម​ន៍​មូលដ្ឋាន​តាមរយៈ​ទេសចរណ៍ធម្មជាតិ និង​ការសាកល្បង​ធ្វើ​ស្រូវ​មិត្ត​ក្រៀល​។ លើសពីនេះ​ទៀត យើង​បានធ្វើ​ការអប់រំ​ផ្សព្វផ្សាយ និង​លើកកម្ពស់​ការយល់ដឹង​អំពី​សត្វ​ក្រៀល​ដល់​សាធារណ និង​តែងតែ​រៀបចំ​ប្រារព្ធ​ទិវា​តំបន់ដីសើម​ពិភពលោក និង​ទិវា​សត្វ​ស្លាប​ទេសន្តរប្រវេសន៍​ពិភពលោក​ជាដើម​»​។​

​សត្វ​ក្រៀល​គឺជា​សត្វ​ស្លាប​ដែលមាន​កម្ពស់​ខ្ពស់​ជាងគេ​លើ​ពិភពលោក ហើយ​អាច​ហើរ​បាន​។ ជាទូទៅ សត្វ​ក្រៀល​មាន​កម្ពស់​ប្រហែល ១,៧៦ ម៉ែត្រ មាន​ទម្ងន់ ៥-១២ គីឡូក្រាម និង​ប្រវែង​ស្លាប​ទាំងសងខាង ២,៥ ម៉ែត្រ​។ ពួកវា​មាន​ម្រាមជើង​មុខ​វែងៗ​ចំនួន​បី និង​ម្រាមជើង​ក្រោយ​ខ្លី​មួយ​។ ពួកវា​មិនអាច​ទំ​នៅលើ​ដើមឈើ​បានទេ ហើយ​ដេក​ដោយ​ឈរ ឬ​ក្រាប​ស្ងៀម​ធ្មឹង​នៅ​ទីតាំង​ជិតៗ​កន្លែង​រក​ចំណី​របស់​វា​នៃ​តំបន់ដីសើម​។ សត្វ​ក្រៀល​មាន​សម្បុរ​ប្រផេះ​លើ​ដងខ្លួន ក​ផ្នែក​ខាងលើ​និង​ក្បាលមាន​ពណ៌​ក្រហម ក្បាល​ផ្នែក​ខាងលើ​បំផុត​និង​ត្រចៀក​មាន​ពណ៌​ប្រផេះ​ស្រាល​។ កូន​ក្រៀល​មាន​មាឌតូច​បន្តិច និង​មាន​ពណ៌​ត្នោត​នៅ​ចំក្បាល​របស់​វា​។ គេ​ពិបាក​ស​ម្គា​ស់​ថា សត្វ​ក្រៀល​ណា​ជា​ឈ្មោល ឬ​ញី នៅពេលដែល​ពួកវា​នៅ​ជា​គូ ប៉ុន្តែ​មី​ញី​មាន​មាឌតូច​ជាង អា​ឈ្មោល​បន្តិច ហើយ​ពេលដែល​វា​ស្រែក​រកគ្នា​ជា​គូ អា​ឈ្មោល​ធ្វើ​ការបើក​ស្លាប​ឡើងលើ​។ សត្វ​ក្រៀល​ត្រូវបាន​ចាត់ជា​ប្រភេទ​សត្វ​ងាយ​រងគ្រោះ​នៅក្នុង​បញ្ជី ក្រហម IUCN​។​

​ទាក់ទង​នឹង​ទីជម្រក​សត្វ​ក្រៀល​នៅ​កម្ពុជា លោក ស្រី ស៊ុន​លាង អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន រដ្ឋបាល​ការពារ​និង​អភិរក្ស​ធម្មជាតិ បានឱ្យដឹងថា​សត្វ​ក្រៀល​ប្រើប្រាស់​ទីជម្រក​ផ្សេងៗ​គ្នា​ដែលមាន​វិសាលភាព​ធំ​គ្របដណ្ដប់​ទូទាំងប្រទេស​កម្ពុជា ដែល​នេះ​ជា​តម្រូវការ​នានា នៅ​រដូវ​កាល​ផ្សេងៗ​គ្នា​សម្រាប់​សត្វ​ក្រៀល​។ នៅ​រដូវ​ពង​កូន​ចាប់ពី ខែកក្កដា ដល់ ខែតុលា សត្វ​ក្រៀល​ធ្វើ​បំលាស់​ទី​ទៅ​ភាគ​ខាងជើង និង​ភាគ​ឦសាន​(​ខាងជើង​ឈាង​ខាងកើត​) នៃ​ប្រទេស​កម្ពុជា​។ នៅក្នុង​ព្រៃ​ដែល​សំបូរ​ដោយ តំបន់ដីសើម​តូចៗ​(​ត្រពាំង ឬ​ថ្លុក​ទឹក​) គឺជា​ទីជម្រក​ដ៏​សំខាន់​សម្រាប់​បន្ត​ពូជ​។ លោក​បាន​បន្តថា នៅ​រដូវ​រក​ចំណី​មិន​បន្ត​ពូជ​ចាប់ពី ខែធ្នូ ដល់ ខែមេសា សត្វ​ក្រៀល​ធ្វើការ​ផ្លាស់​ទី​ទៅ​ភាគ​ពាយ័ព្យ​(​ខាងជើង​ឈាង​ខាងលិច​) និង​ភាគ​អាគ្នេយ៍ (​ខាងត្បូង​ឈាង​ខាងកើត​) នៃ​ប្រទេស​កម្ពុជា ដែលជា​ទីជម្រក​ដ៏​សំខាន់​សម្រាប់​រក​ចំណី​បំប៉ន​សុខភាព​សម្រាប់​រដូវ​បន្ត​ពូជ​។ សត្វ​ក្រៀល​ធ្វើការ​ផ្លាស់​ទី​ពី​ទីតាំង​បន្ត​ពូជ​ទៅ​ទីតាំង​រក​ចំណី​នៅ​ចន្លោះ​ខែតុលា និង​ខែវិច្ឆិកា​អាស្រ័យ​លើ​ស្ថានភាព​រដូវវស្សា​ប្រចាំឆ្នាំ​។ ពួកវា​ធ្វើការ​ផ្លាស់​ទី​ពី​ទីតាំង​រក​ចំណី​ទៅ​ទីតាំង​បន្ត​ពូជ​វិញ​នៅ​ចន្លោះ​ខែមេសា​និង​ខែមិថុនា​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close