សត្វត្មាតនៅកម្ពុជាកំពុងប្រឈមនឹងហានិភ័យឈានទៅរកការផុតពូជ
បច្ចុប្បន្ននេះសត្វត្មាតនៅប្រទេសកម្ពុជាកំពុងប្រឈមមុខនឹងហានិភ័យខ្ពស់ ដែលឈានទៅរកការ ផុតពូជ ខណៈពេលដែលលទ្ធផលនៃការអង្កេតតាមដាន បានបង្ហាញថា ចំនួនរបស់សត្វត្មាតបានធ្លាក់ចុះដល់៥០ភាគរយបើគិតចាប់តាំងពីឆ្នាំ២០០០មក។ នេះបើតាមសេចក្តីប្រកាសរបស់អង្គការជីវិតបក្សីអន្តរជាតិ ក្នុងឱកាសនៃទិវាយល់ដឹងពីសត្វត្មាតអន្តរជាតិកាលពីថ្ងៃទី១ កញ្ញា។
សេចក្តីប្រកាសបានបញ្ជាក់ថា ការធ្លាក់ចុះនេះ ត្រូវបានកត់សម្គាល់ជាពិសេស នៅតាមព្រៃឈើក្នុងតំបន់ ការពារទេសភាពភាគខាងកើត ដែលជាទីតាំងកាលពីអតីតកាល ត្រូវបានកត់ត្រាជាទៀងទាត់ដោយរកឃើញមានចំនួនសត្វត្មាតយ៉ាងតិត ៣០ ក្បាលរាល់ពេលរាប់ម្តងៗ ប៉ុន្តែពេលបច្ចុប្បន្ននេះ កំណត់ត្រាខ្ពស់បំផុតស្ទើរមិនដល់ ១០ ក្បាលផង។
ជាមួយគ្នាចំពោះលទ្ធផលជំរឿនសត្វត្មាត ទូទាំងប្រទេសឆ្នាំនេះបានកត់ត្រាសត្វត្មាតបានតែ ១២១ ក្បាលប៉ុណ្ណោះ ដែលនេះ ជាតួលេខទាបបំផុតក្នុងកំណត់ត្រាចាប់តាំងពីឆ្នាំ ២០០៣ មក។ ហើយតាមការសិក្សា ក្នុងពេលថ្មីៗនេះបានបង្ហាញថា ការបំពុលគឺជាកត្តាគំរាមកំហែងចម្បងដល់ចំនួនសត្វត្មាតនៅកម្ពុជា។
លោក Simon Mahood ទីប្រឹក្សាបច្ចេកទេសរបស់អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានថ្លែងថា «តំបន់ភាគខាងជើងប្រទេសកម្ពុជាគឺជាកន្លែងតែមួយគត់នៅក្នុងចំណោមប្រទេស នៅតំបន់អាស៊ីអាគ្នេយ៍ដែលមាន ចំនួនសត្វត្មាតច្រើនបំផុត ដែលភ្ញៀវទេសចរអាចទស្សនាគម្រោង អាហាដ្ឋានសម្រាប់សត្វត្មាតស្ថិតនៅក្នុងភូមិដងផ្លិតក្នុងដែនជម្រកសត្វព្រៃឆែប»។ ប៉ុន្តែក្នុងអំឡុងពេលប្រាំឆ្នាំកន្លងមក យ៉ាងហោចណាស់សត្វត្មាតចំនួន ៣០ ក្បាល ត្រូវបានសម្លាប់ ដោយសារតែមានការរីកសាយទូទាំងប្រទេសក្នុងការប្រើប្រាស់ ថ្នាំពុល និងថ្នាំសម្លាប់សត្វល្អិតដោយ ពុំមានការគ្រប់គ្រងច្បាស់លាស់។ កត្តានេះបានបង្កជាការគំរាមកំហែងដ៏ខ្លាំងបំផុតដល់ប្រជាសាសន៍ របស់សត្វត្មាតនៅក្នុងកម្ពុជាក៏ដូចជាផលប៉ះពាល់ដល់សុខភាពមនុស្សផងដែរ។
លោក សេង ទៀក ប្រធានអង្គការ WWF កម្ពុជាបានថ្លែងថា «តួលេខទាបបំផុត ដែលបានកត់ត្រា ក្នុងឆ្នាំនេះ និងការធ្លាក់ចុះនៃចំនួនសត្វត្មាតដល់ទៅ៥០ភាគរយគិត ចាប់ពីឆ្នាំ២០០០មក គឺជានិន្នាការ គួរឱ្យព្រួយបារម្ភ ហើយយើងត្រូវបង្កើនកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីដោះស្រាយបញ្ហាស្នូល នៃការធ្លាក់ចុះនេះ។ បើមិនដូច្នោះទេ ប្រភេទសត្វស្លាបដ៏កម្រនេះនឹងត្រូវផុតពូជពីតំបន់អាស៊ីអាគ្នេយ៍ ដែលជាកន្លែងតែមួយគត់ដែលយើងអាចមើលឃើញពួកវា»។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះសត្វត្មាតនៅក្នុងប្រទេសកម្ពុជាមានចំនួន ៣ ប្រភេទគឺ៖ ត្មាតភ្លើង ត្មាតត្នោត និងត្មាតផេះ។ ប្រភេទសត្វត្មាតទាំងនេះត្រូវបានដាក់នៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទរងគ្រោះ ជិតផុតពូជបំផុតនៅលើពិភពលោក អាស្រ័យចំនួនរបស់ពួកវាដែលមានក្នុងពិភពលោកបានធ្លាក់ចុះ យ៉ាងលឿនបំផុត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។