ក្រសួងកសិកម្ម បង្ហាញពីគម្រោង “ការអង្កេតតាមដានរុយចោះផ្លែឈើ និងវិធានការកម្ចាត់ ដោយប្រើវិធានចម្រុះគ្រប់គ្រងដំណាំ ”
រុយចោះផ្លែឈើ (Diptera: Tephritidae) គឺជាសត្វល្អិតចង្រៃដែលតែងបំផ្លិចបំផ្លាញផ្លែឈើ និង បន្លែយ៉ាងធ្ងន់ធ្ងរ។ សត្វល្អិតចង្រៃប្រភេទនេះត្រូវបានចាត់ទុកថាជាបញ្ហាប្រឈមដ៏ចំបងមួយដែលបាននិងកំពុងគម្រាមកំហែងសន្តិសុខស្បៀង និងការធ្វើពាណិជ្ជកម្មជាលក្ខណ:អន្តរជាតិ។ នៅក្នុងបរិបទពាណិជ្ជកម្មអន្តរជាតិផលិតផលផ្លែឈើស្រស់ សត្វល្អិតចង្រៃប្រភេទនេះជានិច្ចកាលត្រូវបានចាត់ថ្នាក់ជាសត្វល្អិតចង្រៃភូតគាមអនាម័យហាមឃាត់សម្រាប់គ្រប់ប្រទេសនាំចូល។
ការចរចារអំពីពិធីសារស្តីពី “លក្ខខណ្ឌតម្រូវភូតគាមអនាម័យ” សម្រាប់បើកទីផ្សារផលិតផលផ្លែឈើគ្រប់ប្រភេទ គឺតែងត្រូវចំណាយពេលច្រើនឆ្នាំសម្រាប់ធ្វើការសិក្សាពិសោធន៍ ស្រាវជ្រាវទាំងនៅចម្ការ និងក្នុងមន្ទីរពិសោធន៍ សិក្សាទាំងនីតិវិធិច្បាប់ និងរដ្ឋបាល និងជាពិសេសលើលក្ខណ្ឌតម្រូវភូតគាមអនាម័យនៃប្រទេសនាំចូល មុនឈានទៅសម្រេចបាននូវការឯកភាពគ្នាលើពិធីសារ ឬកិច្ចព្រមព្រៀងគ្នាស្តីពី “លក្ខខណ្ឌតម្រូវភូតគាមអនាម័យ” សម្រាប់ការនាំចេញផលិតផលនីមួយៗបាន។
ទំនួលខុសត្រូវរបស់ប្រទេសនាំចេញត្រូវតែបង្ហាញយ៉ាងជាក់ច្បាស់អំពីសមត្ថភាពបច្ចេកទេស វិទ្យាសាស្ត្រ និងការងារប្រតិបត្តិគ្រប់គ្រាន់ក្នុងការគ្រប់គ្រងហានិភ័យពាក់ព័ន្ធនឹង សត្វចង្រៃភូតគាមអនាម័យដ៏គ្រោះថ្នាក់មួយនេះ ដល់ប្រទេសនាំចូល។
ក្នុងគោលបំណងដើម្បីជំរុញពិពិកម្ម ផលិតភាពកសិកម្ម និងពាណិជ្ជូបនីយកម្មផលិតផលកសិកម្ម នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម បានខិតខំប្រឹងប្រែងបំពេញភារកិច្ចជាសមត្ថកិច្ចភូតគាមអនាម័យ ក្នុងការទទួលខុសត្រូវជាចាំបាច់ដើម្បីពង្រឹង និងពង្រីកវិសាលភាពនៃការសិក្សាស្រាវជ្រាវ អភិវឌ្ឍបច្ចេកវិទ្យា និងផ្សព្វផ្សាយ ឬផ្ទេរបច្ចេកទេសពាក់ព័ន្ធសំខាន់ៗនឹងការគ្រប់គ្រងរុយចោះផ្លែឈើនេះដល់កសិករ និងម្ចាស់ចម្ការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។