រដ្ឋមន្ត្រី​ទេសចរណ៍ ជំរុញ​ឲ្យ​រដ្ឋបាលខេត្ត​ជាប់​តំបន់ឆ្នេរ បន្ត​គ្រប់គ្រង​គោលដៅ​ទេសចរណ៍ ដើម្បី​ត្រៀម​ទទួល​ទេសចរ​អន្តរជាតិ នាពេលខាងមុខ​

​ភ្នំពេញ​៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ជំរុញ​ឲ្យ​រដ្ឋបាលខេត្ត​ជាប់​តំបន់ឆ្នេរ​បន្ត​យកចិត្តទុកដាក់​លើ​ការគ្រប់គ្រង​គោលដៅ ទេសចរណ៍​សុវត្ថិភាព តាម​ស្ដង់ដា​បច្ចុប្បន្នភាព​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​នីតិវិធី​ប្រតិបត្តិ​ស្ដង់ដា​អប្បបរមា (SOP) តាម​គន្លង​ប្រក្រតីភាព​ថ្មី​ឲ្យ​បាន​ហ្មត់ចត់ ដើម្បី​ជំរុញ​ចលនា​ទេសចរ ក្នុងស្រុក និង​ត្រៀម​ទទួល​ទេសចរ​អន្តរជាតិ​នាពេលខាងមុខ​។​

​ការ​ថ្លែង​បែបនេះ​របស់​ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ឆ្លង​សេចក្ដីព្រាង​ផែនការមេ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​កែប ឆ្នាំ​២០២១-២០៣៥ នៅ​សាលាខេត្ត​កែប និង​បន្ត​ចុះ​ត្រួតពិនិត្យ​សកម្មភាព​សាងសង់ «​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្តកំពត​» ដែលមាន​ទីតាំង​ស្ថិតនៅ​ស្រុក​ទឹកឈូ ខេត្តកំពត និង​ចូលរួម​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​ហេដ្ឋារចនាសម្ព័ន្ធ​ខ្នាតតូច នៅក្នុង​តំបន់​រមណីយដ្ឋាន​អេកូ​ទេសចរណ៍​ពាម​ក្រសោប ខេត្តកោះកុង រមណីយដ្ឋាន​ទេសចរណ៍​វត្តភ្នំ​សរសៀ ខេត្ត​កែប និង​រមណីយដ្ឋាន​ទេសចរណ៍​ភ្នំ​កំពង់ត្រាច ខេត្តកំពត នា​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២១​កន្លងទៅ​។​

​ក្នុងឱកាស​ចូលរួម​ពិធី​ទាំងបី​ខាងលើនេះ ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន បាន​ជំរុញ​ឲ្យ​ឯកឧត្ដម​អភិបាលខេត្ត​កែប ឯកឧត្ដម​អភិបាល​ខេត្តកំពត ព្រមទាំង​រដ្ឋបាលខេត្ត​ជាប់​តំបន់ឆ្នេរ​ផ្សេងទៀត បន្ត​យកចិត្តទុកដាក់​លើ​ការគ្រប់គ្រង​គោលដៅ​ទេសចរណ៍​សុវត្ថិភាព​តាម​ស្ដង់ដា​បច្ចុប្បន្នភាព​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​នីតិវិធី​ប្រតិបត្តិ​ស្ដង់ដា​អប្បបរមា (SOP) តាម​គន្លង​ប្រក្រតីភាព​ថ្មី​ឲ្យ​បាន​ហ្មត់ចត់ ដើម្បី​ជំរុញ​ចលនា​ទេសចរ​ក្នុងស្រុក និង​ត្រៀម​ទទួល​ទេសចរ​អន្តរជាតិ​នាពេលខាងមុខ​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី ក៏បាន​ណែនាំ​រដ្ឋបាល​ទាំង​បួន​នេះ​ត្រូវ​វាយតម្លៃ​គោលដៅ​ទេសចរណ៍​សុវត្ថិភាព​ឲ្យ​បានច្បាស់លាស់ ទៅតាម​សូចនា​ករទាំង ៤ ដែល​ក្រសួងទេសចរណ៍ បាន​ដាក់ចេញ​មានដូចជា អត្រា​ចាក់​វ៉ាក់សាំង​បង្ការ​មេរោគ​កូ​វីដ​-១៩ អត្រា​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ការគ្រប់គ្រង​គោលដៅ​ទេសចរណ៍​សុវត្ថិភាព និង​ការអនុវត្ត​ស្តង់ដា​បច្ចុប្បន្នភាព វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​នីតិវិធី​ប្រតិបត្តិ​ស្ដង់ដា​អប្បបរមា (SOP) តាម​គន្លង​ប្រក្រតីភាព​ថ្មី​។​

​ឯកឧត្ដម ថោង ខុន បាន​ណែនាំ​បន្ត​អនុវត្ត​វិធានការ ៣​ការពារ ៣​កុំ ឲ្យ​បាន​ហ្មត់ចត់ ពង្រឹង​ការពាក់​ម៉ាស់ លាងដៃ​នឹង​ទឹក​អាល់កុល រក្សា​គម្លាត​សុវត្ថិភាព ជាការ​ចាំបាច់​។​
​ឯកឧត្ដម​មានប្រសាសន៍​ថា​ធ្វើ​ដូច្នេះ​ទើប​ប្រជាជន​កម្ពុជា​អាច​រៀនរ​ស់បាន​ជាមួយ​ដំណាក់កាល​វិបត្តិ​កូ​វីដ​បាន មានន័យថា អាចធ្វើ​អាជីវ​កម្មបាន​ផង ការពារ​ទប់ស្កាត់​ការចម្លង​មេរោគ​កូ​វីដ​បាន​ផង​។​

​សូមជម្រាបថា កាលពី​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០២១ កន្លងទៅ​ក្រសួងទេសចរណ៍​បានប្រកាស​ដាក់ឱ្យអនុវត្ត​បទដ្ឋាន​គតិយុត្តិ «​ការធ្វើ​បច្ចុប្បន្នភាព​នៃ​កា​អនុវត្ត​វិធាន សុវត្ថិភាព​ទេសចរណ៍ និង​និតិ​វិធី​ស្តង់ដា​ប្រតិបត្តិ​អប្បបរមា (SOP) តាម​គន្លង​ប្រក្រតីភាព​ថ្មី​» សម្រាប់​អាជីវកម្ម​ទេសចរណ៍​ធំៗ​ចំនួន ៤ ដែល​កំពុង​ធ្វើ​សកម្មភាព រួមមាន អាជីវកម្ម​សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍ អាជីវកម្ម​ភោជនីយដ្ឋាន​-​អាហា​រដ្ឋា​ន​ទេសចរណ៍ រមណីយដ្ឋាន​ទេសចរណ៍ និង​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍ ដើម្បី​រក្សាបាន​នូវ​ស្ថិរភាព​អាជីវកម្ម និង​ធានាបាន​នូវ​សុវត្ថិភាព​ជូន​ដល់​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​។​ ​ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន ក៏​ធ្លាប់បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ប្រកាស​បើកទទួល​ទេសចរ​អន្តរជាតិ​ជា​ផ្លូវការ​នាពេល​ឆាប់ៗ​ខាងមុខ​នេះដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close