សត្វពង្រូល ជាប្រភេទសត្វកំពុងរងការគំរាមកំហែងខ្លាំងបំផុត និងបន្តធ្លាក់ចុះ
ដោយសារតែជំនឿរបស់ប្រជាពលរដ្ឋខ្លះថាឈាម និងស្រកាពង្រូលអាចព្យាបាលជំងឺ ឬជាថ្នាំបំប៉នសុខភាព ធ្វើឱ្យប្រភេទសត្វកម្រនេះទទួលរងនូវការគំរាមកំហែងខ្លាំងបំផុតជិតផុតពូជនៅលើពិភពលោក។ តាមការសិក្សា សត្វពង្រូលជាប្រភេទថនិកសត្វ ដែលត្រូវបានគេជួញដូរច្រើនជាងបំផុតលើពិភពលោក ជាពិសេសគឺការជួញដូរពាណិជ្ជកម្មអន្តរជាតិ ដោយខុសច្បាប់ ដើម្បីយកទៅធ្វើជាឱសថបូរាណ ថ្នាំប៉ូវសុខភាព ក៏ដូចជាថ្នាំព្យាបាលជំងឺផ្សេងៗ។
ប៉ុន្តែតាមពិតតាមការសិក្សារបស់អ្នកវិទ្យាសាស្ត្រ និងអ្នកវេជ្ជសាស្ត្រ បានបញ្ជាក់ថា ឈាម ឬស្រកា ឬក៏ផ្នែកណាមួយនៃសត្វពង្រូលក៏ដូចជាសត្វព្រៃដទៃទៀតពុំមានលក្ខណៈវេជ្ជសាស្ត្រ ឬវិទ្យាសាស្ត្រណាមួយអះអាងនោះទេថា អាចផ្សំ ឬលាយជាមួយអ្វីមួយដើម្បីចេញជាថ្នាំព្យាបាល ថ្នាំបង្កើនសុខភាព ឬជំនួយសុខភាពនោះទេ ប៉ុន្តែវាអាចជាប្រភពចម្លងជំងឺពីសត្វនោះមកមនុស្សទៅវិញទេ។ អ្វីដែលគេបានអនុវត្តពីមុនមកនោះ គឺជាការជឿតៗគ្នា ដែលគ្មានលក្ខណៈវិទ្យាសាស្ត្រទាល់តែសោះ។
សត្វពង្រូលត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហម របស់អង្គការ IUCN ជាប្រភេទសត្វកំពុងរងការគំរាមកំហែងខ្លាំងបំផុត (Critically endangered) ឈានទៅរកការផុតពូជ នៅលើពិភពលោក។ គេមិនមានទិន្នន័យពិតប្រាកដថានៅលើពិភពលោកមានសត្វពង្រូលប៉ុន្មានក្បាលនោះទេ តែចំនួនសត្វពង្រូលត្រូវបានគេជឿថាមានការថយចុះច្រើន។ កម្ពុជាបានចាត់ទុកសត្វពង្រូលថាជាប្រភេទសត្វកម្រ និងមិនមានការបញ្ជាក់ពីចំនួនពិតប្រាកដឡើងនៅទូទាំងប្រទេសឡើយ តែមានការកត់កម្គាល់ថាប្រភេទសត្វនេះក៏មានការថយចុះនៅក្នុងប្រទេសកម្ពុជាដែរដោយសារតែការបរបាញ់ ដាក់អន្ទាក់ និងធ្វើអាជីវកម្ម។
យោងតាមរបាយការណ៍ នៅចន្លោះឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ ស្រកាបង្រូលប្រមាណ ២០៦,៤ តោន ត្រូវបានរឹបអូសក្នុងប្រតិបត្តិការចំនួន ៥២ លើកផ្សេងគ្នា។ ជាមួយស្រកាពង្រូលដ៏ច្រើននេះ គេជឿថាសត្វពង្រូលរាប់លានក្បាលត្រូវបានជួញដូរ និងសម្លាប់។ ជាក់ស្តែង កាលពីឆ្នាំ ២០១៩ ប្រទេសសិង្ហបុរីបានចាប់កុងតឺន័រដឹកសំណាកសត្វព្រៃដែលក្នុងនោះមានស្រកាពង្រូលប្រមាណជាង ១២ តោនដែលមានតម្លៃជាង ៣៨,១ លានដុល្លារសហរដ្ឋអាម៉េរិក ហើយស្រកាទាំងនេះត្រូវបានគេជឿថាប្រមូលពីសត្វពង្រូលសរុបប្រមាណ ២០ ០០០ក្បាល។ ស្រកាពង្រូលទាំងនេះមានប្រភពភាគច្រើនមកពីបណ្តាប្រទេសនៅអាហ្វ្រិក។ សម្រាប់ប្រទេសកម្ពុជា មិនមានទិន្នន័យពីការជួញដូរឡើយ តែជារឿយៗមានការរឹបអូសបានប្រភេទសត្វដែលបានជួញដូរមួយចំនួននៅក្នុងស្រុក។ ជាមួយគ្នានេះ អាជ្ញាធរកម្ពុជាដោយមានការសហការជាអន្តរជាតិក៏បានចាប់និងរឹបអូសសំណាកសត្វព្រៃដែលនាំចូលឆ្លងដែនមកក្នុងប្រទេសកម្ពុជាបានមួយចំនួនដែរ។ នេះគឺជាកិច្ចខិតខំប្រឹងប្រែងជាលក្ខណៈអន្តរជាតិប្រឆាំងនឹងការជួញដូរសត្វព្រៃគ្រប់ប្រភេទ។
យោងតាមការសិក្សាផ្នែកជីវសាស្ត្រ សត្វពង្រូលជាប្រភេទសត្វដែលស្លូត និងអៀនច្រើន ហើយពុំមានបង្កហានិភ័យណាមួយដល់មនុស្សនោះទេ បើទោះបីជាវាកំពុងត្រូវបានរំខានក៏ដោយ។ ពង្រូលមានត្រចៀកតូច ហើយស្បែកមានស្រកាក្រាស់ ស្ទើរពេញដងខ្លួន ហើយជាសត្វមិនរហ័សរហួននោះទេ ហើយនៅពេលជួបការគំរាមកំហែង ពង្រូលតែងតែរមូលខ្លួនលាក់មុខ និងយកកន្ទុយរុំដងខ្លួនដើម្បីការពារខ្លួន។ ពង្រូល ស៊ីសត្វល្អិតជាចំណី ដូចជាស្រមោច អង្ក្រង និងកណ្ដៀរជាដើម តាមរយៈអណ្តាតដែលមានប្រវែងប្រមាណ ២៥សង្ទីម៉ែត្រ របស់វា។ ជាទូទៅពង្រូលអាចបង្កើតកូនបានម្ដង១ ទៅ ២ក្បាល ក្នុងរយៈពេលពពោះប្រមាណ៥ខែ ខណៈអាយុពេញវ័យអាចបន្តពូជបាន គឺក្នុងអំឡុងពេលអាយុ២ឆ្នាំ ហើយជាទូទៅពង្រូលអាចរស់នៅបានរហូតដល់អាយុ២០ឆ្នាំ។ ប្រទេសកម្ពុជា គឺជាជម្រករស់នៅរបស់សត្វពង្រូលមួយប្រភេទមានឈ្មោះថា Sunda Pangolin ឬ Malayan or Javan pangolin ដែលមានឈ្មោះវិទ្យាសាស្ត្រថា Manis javanica។
ក្រសួងបរិស្ថាននិងអង្គការដៃគូបានខិតខំប្រឹងប្រែងក្នុងការការពារនិងអភិរក្សប្រភេទសត្វកម្រៗទាំងនេះ ដោយទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដោះអន្ទាក់ចេញពីតំបន់ការពារធម្មជាតិ និងធ្វើឱ្យតំបន់ ការពារធម្មជាតិក្លាយជាទីជម្រកដ៏សុខសាន្តរបស់ប្រភេទសត្វគ្រប់ប្រភេទក្នុងនោះក៏មានប្រភេទសត្វពង្រូលផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។