សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញពិសា​អាហារ​ពេលព្រឹក​ជាមួយ​ប្រធាន​រដ្ឋ​វៀតណាម​

​នៅ​ព្រឹក​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២១ ដែលជា​ថ្ងៃទី​២ នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ នៅ​ព្រះរាជាណាចក្រ​កម្ពុជា របស់ ឯកឧត្តម ង្វៀន សួន​ហ្វុ​ក (Nguyen Xuan Phuc) ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​រៀបចំ និង​ពិសា​អាហារ​ពេលព្រឹក​ការងារ​ជាម​ហា​កិត្តិយស ដ៏​ខ្ពង់​ខ្ពស់បំផុត ជូន​ឯកឧត្តម ង្វៀន សួន​ហ្វ៊ុ​ក និង​គណៈប្រតិភូ​ជាន់ខ្ពស់ ធ្វើឡើង​នៅ​ភូមិគ្រឹះ​តាខ្មៅ​។



ក្នុងជំនួប​អាហារ​ពេលព្រឹក​នោះ​ផងដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី មានប្រសាសន៍​សំដែង​នូវ​ការស្វាគមន៍​យ៉ាង​សិទ្ធ​ស្នាល​រាក់ទាក់ ជូន​ចំពោះ ឯកឧត្តម​ប្រធាន​រដ្ឋ​វៀតណាម ដែល​បាន​ផ្តល់នូវ​មហា​កិត្តិយស​ដ៏​ខ្ពង់​ខ្ពស់បំផុត អញ្ជើញ​មក​ទទួលទាន​អាហារ​ការងារ​ពេលព្រឹក​ដល់​ភូមិគ្រឹះ​របស់​សម្តេច​។ សម្តេច​តេ​ជោ​បាន​មានប្រសាសន៍​សំដែង​នូវ​ការសោកស្តាយ ដែល​ភរិយា​របស់​សម្តេច គឺ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មិនមាន​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ទទួលទាន​អាហារ​ពេលព្រឹក​នេះ ដោយសា​តែ​ភរិយា​របស់​សម្តេច​មាន​បញ្ហា​សុខភាព​បន្តិចបន្តួច ប៉ុន្តែ​មាន​វត្តមាន​កូនប្រុស​ទាំង​បី​របស់​សម្តេច គឺ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ឯកឧត្តម ហ៊ុន ម៉ានិត និង​ឯកឧត្តម ហ៊ុន ម៉ា​នី បាន​ចូលរួម​នៅក្នុង​ពិធី​នេះ​។

នៅក្នុង​ពិធី​ទទួលទាន​អាហារ​ពេលព្រឹក ជា​លក្ខណៈ​គ្រួសារ​ដែល​បាន​ចំណាយពេល​ប្រមាណ ១​ម៉ោង សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង ឯកឧត្តម​ប្រធាន​រដ្ឋ​វៀតណាម បានធ្វើការ​ផ្លាស់ប្តូរ​យោបល់​ពីគ្នា​ទៅវិញទៅមក ជុំវិញ​ការងារ មួយចំនួន​ដែល​សម្តេច និង​ឯកឧត្តម​ប្រធាន​រដ្ឋ ធ្លាប់បាន​ធ្វើការ​ជាមួយគ្នា ក្នុងនាម​ជា​ប្រមុខ​រដ្ឋាភិបាល និង​ការដោះស្រាយ​បញ្ហា​ធំៗ​ជាច្រើន ដែល​បម្រើ​ផលប្រយោជន៍​ឲ្យ​ប្រទេស និង​ប្រជាជន នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​វៀតណាម ពិសេស​ការខិតខំ​ជំរុញ​កំណើនសេដ្ឋកិច្ច នៃ​ប្រទេស​ទាំងពីរ​ឲ្យ​កាន់​តែមាន​ទំហំ​ឡើង ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។

​នៅក្នុង​ជំនួប​អាហារ​ការងារ​ពេលព្រឹក​នោះដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង ឯកឧត្តម​ប្រធាន​រដ្ឋ​វៀតណាម បាន​សំដែង​នូវ​ការវាយតម្លៃ​ខ្ពស់​សាជាថ្មី​ម្តងទៀត ចំពោះ​លទ្ធផល​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ ជា​លើកដំបូង​របស់ ឯកឧត្តម ង្វៀន សួន​ហ្វ៊ុ​ក មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា បន្ទាប់ពី​ឯកឧត្តម​ត្រូវបាន​ជ្រើសតាំង​ជា​ប្រធាន​រដ្ឋ​វៀតណាម កាលពីពេល​ថ្មី​កន្លងទៅ​។

ក្នុងជំនួប​នោះដែរ ឯកឧត្តម ង្វៀន សួន​ហ្វុ​ក បាន​សាទរ​ចំពោះ​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ​សំខាន់ៗ ដែល​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រជាជន​កម្ពុជា សម្រេចបាន ជាពិសេស​ការអភិវឌ្ឍ​ជាតិ ស្ថិរភាព​នយោបាយ​សង្គម លើកកម្ពស់​តួនាទី និង​មុខមាត់​របស់​ប្រទេស​កម្ពុជា នៅក្នុង​តំបន់​និង​នៅលើ​ឆាក​អន្តរជាតិ​។

ជាមួយ​នោះដែរ ភាគី​ទាំងពីរ បាន​សំដែង​នូវ​ការពេញចិត្ត ចំពោះ​ការរីកចំរើន​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ដោយ​គ្រប់​ជ្រុងជ្រោយ និង​ជិតស្និទ្ធ នឹង​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត ក្នុង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា​-​វៀតណាម ក្នុង​រយៈពេល ៥៥​ឆ្នាំកន្លងមក ទោះ បី​ជា​ស្ថិតនៅក្នុង​បរិបទ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​ក្ដី​។ ភាគី​ទាំងពីរ​ក៏បាន​អបអរសាទរ​ចំពោះ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម​និង​វិនិយោគ និង​បាន​ឯកភាពគ្នា​ជំរុញ​ការអនុវត្ត​កិច្ចព្រមព្រៀង​ស្ដីពី​ការលើកកម្ពស់ និង​ការការពារ​វិនិយោគ និង​កិច្ចព្រមព្រៀង​ចៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ជួយ​សម្រួល​ដល់​ការអភិវឌ្ឍន៍​ពាណិជ្ជកម្ម តាមបែប​ថ្មី និង​បាន​ព្រមព្រៀងគ្នា ជំរុញ​ការរៀបចំ​ផែនការមេ ស្តីពី​ការតភ្ជាប់​សេដ្ឋកិច្ចកម្ពុជា​-​វៀតណាម​។

ភាគ​ទី​ទាំងពីរ ក៏បាន​ឯកភាព ក្នុងការ​ព​ន្លឿ​ន​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ស្តីពី​ពាណិជ្ជកម្ម​តាម​ព្រំដែន​។ ភាគី​ទាំងពីរ ក៏បាន​ឯកភាពគ្នា​ថែមទៀត ក្នុងការ​ព​ន្លឿ​ន​កិច្ចពិភាក្សា ឆ្ពោះទៅកាន់​ការទទួលស្គាល់​គ្នា​ទៅវិញទៅមក​លើ​លិខិតឆ្លងដែន វិញ្ញាបនបត្រ​បញ្ជាក់​វ៉ាក់សាំង ដើម្បី​សម្រួល​លើ​ការធ្វើដំណើរ​របស់​ប្រជាជន​ទាំងសងខាង​ផង សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រជាជន និង​ប្រទេស​ទាំងពីរ​ផង​។​លើសពីនោះ​ទៀត ភាគី​ទាំងពីរ ក៏បាន​ឯកភាព​ក្នុងការ​ជំរុញ និង​ពង្រឹង​លើ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ វិស័យ​សុខាភិបាល វិស័យ​អប់រំ វិស័យ​យុត្តិធម៌ និង​ការតភ្ជាប់​គ្នា​រវាង​ប្រទេស​ទាំងពីរ និង​ប្រជាជន​ទាំងពីរ ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​នៅលើ​ឆាក​អន្តរជាតិ និង​ក្នុង​តំបន់ ។

នៅក្នុង​ជំនួប​នេះ សម្ដេច​តេ​ជោ បាន​ថ្លែងអំណរគុណ​ចំពោះ ឯកឧត្តម ង្វៀន សួន​ហ្វុ​ក ដែល​កន្លងមក បាន​គាំទ្រ​ដល់​កម្ពុជា ធ្វើ​ឲ្យ​កម្ពុជា​ទទួលបាន​ជោគជ័យ​ក្នុង​កិច្ចប្រជុំ​អា​ស៊ឹម ហើយក៏​សូម​ថ្លែងអំណរគុណ​ជូន​ចំពោះ​ឯកឧត្តម ង្វៀន សួន​ហ្វុ​ក ដែល​បាន​មានប្រសាសន៍ថា នឹង​គាំទ្រ​កម្ពុជា ធ្វើយ៉ាងណា​ឱ្យ​កម្ពុជា ទទួលបាន​ជោគជ័យ​ក្នុង​កិច្ចប្រជុំ​អាស៊ាន​នាពេលខាងមុខ ក្នុងនាម​កម្ពុជា ជា​ប្រធាន​អាស៊ាន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close