ទាហានឆ័ត្រយោងរុស្ស៊ីទៅកាន់ប្រទេសកាហ្សាស្ថាន ជួយរក្សាសន្តិសុខ ក្រោយមានប៉ូលិស១២នាក់ស្លាប់
រុស្ស៊ីបានសម្រេចបញ្ជូនកម្លាំងទាហានឆ័ត្រយោងទៅកាន់ប្រទេសអតីតសហភាពស៊ូវៀត គឺកាហ្សាស្ថានដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្រោយមានអំពើហិង្សាកើតឡើងពាក់ព័ន្ធការធ្វើបាតុកម្ម បណ្តាលឲ្យក្រុមសន្តិសុខ១២នាក់ស្លាប់ និងរបួសជាច្រើន ។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោក Maria Zakharovaបានបញ្ជាក់ថា កម្លាំងរក្សាសន្តិសុខ នៃអង្គការសហប្រតិបត្តិការណ៍សន្តិសុខ CSTO បានបញ្ជូនទៅកាន់សាធារណរដ្ឋ កាហ្សាស្ថានដើម្បីរក្សាសន្តិសុខ ស្ថេរភាព ខណៈអំពើហិង្សាកាន់តែកើនឡើងខ្ពស់។ រុស្ស៊ីក៏បានចោទប្រកាន់អាមេរិកជាអ្នកនៅពីក្រោយបាតុកម្មហិង្សាទាំងនោះ ។
ប៉ុន្តែសេតវិមានអាមេរិកបានប្រកាសថា ការចោទប្រកាន់ពីរុស្ស៊ីថា អាមេរិកជំរុញឲ្យមានបាតុកម្មហិង្សានៅក្នុងប្រទែសកាហ្សាក់ស្ថាន គឺជារឿងមិនសមហេតុផលនោះឡើយ។
អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki នៅថ្ងៃទី៥ខែមករា(ពេលវេលាអាមេរិក) បានច្រានចោលការចោទប្រកាន់ របស់រុស្ស៊ី ដោយលោកស្រីបញ្ជាក់ថា អាមេរិកមិនមានជាប់ពាក់ព័ន្ធនឹងអំពើហិង្សាក្នុងប្រទេសកាហ្សាក់ស្ថាននោះឡើយ។
ស្ថានភាពនៅក្នុងប្រទេសកាហ្សាក់ស្ថាន កាន់តែតានតឹង ហើយពេលនេះ កងទ័ពសម្ព័ន្ធមិត្តដឹកនាំដោយរុស្ស៊ីបានអះអាងថា ខ្លួននឹងបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅកាន់កាហ្សាក់ស្ថាន ដើម្បីរក្សាឲ្យបាននូវស្ថិរភាព និងបានស្តីបន្ទោសក្រុមបាតុករ ដែលបាននិងកំពុងធ្វើឲ្យប្រទេស ធ្លាប់ស្ថិតក្រោមអតីតសហភាពសូវៀតមួយនេះ ធ្លាក់ចូលក្នុងភាពចលាចល ដោយសារតែការលូកដៃពីបរទេស។
ប្រទេសកាហ្សាក់ស្ថានដែលស្ថិតនៅតំបន់អាស៊ីកណ្តាល ជាច្រើនឆ្នាំមកនេះត្រូវបានគេមើលឃើញថា ជាប្រទេសអតីតសហភាពសូវៀត ដែលមានភាពស្ងប់សុខបំផុតមួយ។ ប៉ុន្តែប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ការមិនចុះសម្រុងគ្នាបានឈានដល់ថ្នាក់ផ្ទុះការតវ៉ា និងអំពើហិង្សា ដោយសារតែបញ្ហាសាំងឡើងថ្លៃ។
ក្រុមបាតុករបានចេញមកតវ៉ាតាមដងផ្លូវ នៅក្នុងទីក្រុង និងចូលលុកលុយអគាររដ្ឋាភិបាលកាហ្សាក់ស្ថាន ព្រមទាំងបានដុតបំផ្លាញ ទ្រព្យសម្បត្តិសាធារណៈអស់ជាច្រើនផងដែរ។ ខណៈដែលប្រទេសរុស្ស៊ី បានចោទថា បាតុករបានចេញមកតវ៉ាដោយកំហឹងបែបនេះ ព្រោះតែមានការដុតបញ្ឆេះពីបរទេសនោះ អ្នកនាំពាក្យអង្គការសហប្រជាជាតិ (UN) បានអំពាវនាវនៅថ្ងៃពុធសប្តាហ៍នេះ ឲ្យគ្រប់ភាគីទាំងអស់រក្សាការអត់ធ្មត់ និងងាកមកដោះស្រាយបញ្ហាជាមួយគ្នាដោយសន្តិវិធី។
ប្រធានាធិបតីកាហ្សាក់ស្ថានលោក Kassym-Jomart Tokayev បានស្នើទៅកាន់អង្គការសន្ធិសញ្ញាសន្តិសុខរួម ដឹកនាំដោយប្រទេសរុស្ស៊ី ហៅកាត់ថា CSTO ដែលមានសមាជិកសរុប ៦ប្រទេស (សុទ្ធតែជារដ្ឋធ្លាប់ស្ថិតក្រោមអតីតសហភាពសូវៀត) ដើម្បីទប់ស្កាត់នូវអ្វីដែលលោកហៅថា «ក្រុមភេរវករ» ដែលទទួលបានការហ្វឹកហ្វឺនពីបរទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។