ឯកឧត្តម វេ​ង សាខុន​៖ ក្នុង​ឆ្នាំ​២០២១ កន្លងទៅ តម្លៃ​ផលិតផល​កសិកម្ម​សរុប​មាន​ទំហំ ១៨​ពាន់​លាន​ដុល្លារ កើន​ប្រមាណ​ជាង​៤៣%

ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២២​នេះ នៅ​អគារ​ផ្ការំដួល ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឯកឧត្តម​រដ្ឋមន្ត្រី វេ​ង សាខុន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ការបើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាង​ចុងក្រោយ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម ឆ្នាំ​២០២១-២០៣០​។

​នាឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បញ្ជាក់ថា រាជរដ្ឋាភិបាល​មាន​ចក្ខុវិស័យ​វែងឆ្ងាយ​ក្នុង​ការធ្វើ​ទំនើបកម្ម​វិស័យ​កសិក​ម្ម ដូចជា​ការអនុវត្ត​ការដាំដុះ​ក្នុងផ្ទះ​សំណាញ់ ការប្រើប្រាស់​ប្រព័ន្ធ​ស្រោចស្រព​សន្សំសំចៃ​ទឹក ការ​ព្រោះស្រូវ​ដោយ​ឧបករណ៍​ទំនើប​ដោយ​ប្រើ​កម្លាំង​ពលកម្ម​តិច​បំផុត និង​ការប្រើ​ដ្រូ​ន​បាច​ជី​កសិកម្ម​ជាដើម ដែល​ទាំងអស់នេះ​គឺជា​មូលដ្ឋានគ្រឹះ​ដ៏​សំខាន់​ក្នុងការ​ជំរុញ​វិស័យ​កសិកម្ម​ឱ្យមាន​លក្ខណៈ​ប្រកួតប្រជែង បរិ​យា​ប័ន្ន ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ និង​និរន្តរភាព សំដៅ​បង្កើន​ប្រាក់ចំណូល​គ្រួសារ​កសិករ ពង្រីក​វិបុលភាព និង​លើកកម្ពស់​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។

ព្រម​ជាមួយនឹង​ការសម្រេចបាន​នូវ​សមិទ្ធផល​ដ៏​ត្រចះត្រចង់​នេះ វិស័យ​កសិកម្ម​បាន និង​កំពុងមាន​ការអភិវឌ្ឍ​រីកចម្រើន​គួរ​ជាទី​មោទនៈ ដោយបាន​ផលិត​ស្បៀង​លើសពី​សេចក្តីត្រូវការ​ក្នុងស្រុក ហើយ​កំពុង​ជំរុញ​គាំទ្រ និង​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន សហគ្រាស​ខ្នាតតូច​និង​មធ្យម និង​ដៃគូ​អភិវឌ្ឍន៍​នានា​វិនិយោគ​លើ​ការកែច្នៃ ដើម្បី​ធានា​នូវ​និរន្តរភាព​នៃ​ការផលិត​ក្នុងស្រុក ស្ថិរភាព​ទីផ្សារ បង្កើន​តម្លៃបន្ថែម លើកកម្ពស់​គុណភាព ស្តង់ដារ​អនាម័យ និង​សុវត្ថិ​ភាពឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ​ទាំង​ក្នុង​តំបន់ និង​អន្តរជាតិ​។

​ជាក់ស្តែង​ក្នុង​ឆ្នាំ​២០២១​កន្លងទៅនេះ តម្លៃ​ផលិតផល​កសិកម្ម​សរុប​មាន​ទំហំ​១៨​ពាន់​លាន​ដុល្លារ​អាមេរិក កើន​ប្រមាណ​ជាង​៤៣% ធៀប​ទៅនឹង​តម្លៃ​ផលិតផល​កសិកម្ម​សរុប​ក្នុង​ឆ្នាំ​២០២០ ក្នុងនោះ​តម្លៃ​ផលិតផល​សរុប​ផ្នែក​ដំណាំ​មាន​ទំហំ ១០,៥​ពាន់​លាន​ដុល្លារ​អាមេរិក តម្លៃ​ផលិតផល​សរុប​ផ្នែក​សត្វ​មាន​ទំហំ ៥,១ ពាន់​លាន​ដុល្លារ​អាមេរិក តម្លៃ​ផលិតផល​ផ្នែក​ជលផល​មាន​ទំហំ ១,៧​ពាន់​លាន​ដុល្លារ​អាមេរិក តម្លៃ​ផលិតផល​ផ្នែក​ព្រៃឈើ​មាន​ទំហំ​ជាង ៧៨,៦៣​លាន​ដុល្លារ​អាមេរិក និង​តម្លៃ​ផលិតផល​សរុប​ផ្នែក​កៅស៊ូ​មាន​ទំហំ​ជាង ៦០៤​លាន​ដុល្លារ​អាមេរិក​។ ដោយឡែក តម្លៃ​នៃ​ការនាំចេញ​ផលិតផល​កសិកម្ម​សរុប​សម្រាប់​ឆ្នាំ​២០២១ មាន​ទំហំ​ជាង ៥ ពាន់​លាន​ដុល្លារ​អាមេរិក​គឺមាន​កំណើន ២៥% ធៀប​ទៅនឹង​ឆ្នាំ​២០២០​។​

​ឯកឧត្តម បាន​បន្ថែមទៀតថា គោលដៅ​ចម្បង​ដែល​ត្រូវ​សម្រេច​ឱ្យបាន​ក្នុង​គោលនយោបាយ​នេះ​គឺ​៖ (១) បង្កើន​តម្លៃបន្ថែម​សរុប​នៃ​វិស័យ​កសិកម្ម​ឱ្យ​កើន​យ៉ាងតិច ៣ ភាគរយ​ក្នុង​មួយឆ្នាំ និង (២) បង្កើន​ផលិតភាព​ពលកម្ម​កសិកម្ម​ពី ១ ៩៨៦​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៩ ដល់​៤ ៦២៥​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ នៅ​ឆ្នាំ​២០៣០៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close