អាជ្ញាធរ បង្ហាញ​ពី​គម្រោង​ការងារ​សហការ​ជាមួយ​អន្តរជាតិ សម្រាប់​ការអភិវឌ្ឍ​ក្រុង​សៀមរាប​

​លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្តសៀមរាប មានប្រសាសន៍ថា ខេត្តសៀមរាប​ជា​ខេត្ត​ទីមួយ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បានរៀបចំ​គម្រោង​ផែនការ​យុ​ទ្ឋ​សាស្ត្រ និង​ចក្ខុវិស័យ​ច្បាស់លាស់ និង​ពិតប្រាកដ ក្នុងការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ប្រកបដោយ​ចេរភាព​ពី​ឆ្នាំ​២០២១​ដល់​២០៣៥ តាមរយៈ​យន្តការ​ចំនួន​៧​ចំណុច រួមមាន ៖១- យុ​ទ្ឋ​សាស្ត្រ​អភិវឌ្ឍ​តំបន់​ទេសចរណ៍​ខេត្តសៀមរាប , ២- យុ​ទ្ឋ​សាស្ត្រ​វិនិយោគ​ទេសចរណ៍​និង​អភិវឌ្ឍន៍​របៀង​ទេសចរណ៍​ថ្មីៗ , ៣- យុ​ទ្ឋ​សាស្ត្រ​អភិវឌ្ឍ​ទេសចរណ៍​ទីផ្សារ ការផ្សព្វផ្សាយ និង​ការតភ្ជាប់​ទេសចរណ៍​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ និង​ពិភពលោក , ៤- ពង្រឹង​និង​ពង្រីក​គុណភាព និង​តួនាទី​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ , ៥-​ការងារ​គ្រប់គ្រង​បរិស្ថាន ,៦- ការស្តារ​និង​រៀបចំ​នូវ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ និង​ទី​៧. អភិបាលកិច្ច​សម្រាប់​ទ្រទ្រង់​ការអភិវឌ្ឍ​ទេសចរណ៍​ខេត្តសៀមរាប​។​

​លោក ពៅ ពិសិដ្ឋ មានប្រសាសន៍​យ៉ាង​ដូច្នេះ ក្នុងឱកាស​ជា​តំណាង​ដ៍​ខ្ពង់ខ្ពស់​ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​កាត់​ខ្សែបូរ​ដាក់ឱ្យ​ប្រើប្រាស់​អគារ​សាកលវិទ្យាល័យ ឥន្ទ្រ​វិជ្ជា ស្ថិតក្នុង​ក្រុង​សៀមរាប កាលពីពេល​ថ្មីៗ​នេះ​។​

​លោក ពៅ ពិសិដ្ឋ បញ្ជាក់​ទៀត​រថា ក្នុងចំណោម​យុ​ទ្ទ​សាស្ត្រ​ទាំង​៧​នេះ មាន​យុទ្ធសាស្ត្រ​តូចៗ​ចំនួន​៤៦ និង​សកម្មភាព​អនុវត្ត​ចំនួន​១៥១​ទៀត ដែល​បានកំណត់​រយៈពេល​នៃ​ការអនុវត្ត​ក្នុង​រយៈពេល​ខ្លី មធ្យម និង​វែង​សម្រាប់​ខេត្តសៀមរាប គឺជា​ខេត្ត​ទេសចរណ៍​អន្តរជាតិ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍ និង​មានការ​ទទួលស្គាល់​ជា​លក្ខណៈ​សកល​លើ​ការអភិរក្ស និង​កិច្ច​គាំពារ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ និង​បរិស្ថាន​ធម្មជាតិ ដោយ​ផ្តល់ជូន​នូវ​ធនធាន​ទេសចរណ៍ និង​ភាព​ទាក់ទាញ​ជាច្រើន​ទៀត ដែល​នេះ​ជា​បំណងប្រាថ្នា​របស់​រាជរ​ដ្ឋា​ភិ​បាល ដើម្បី​អភិវឌ្ឍ​ខេត្តសៀមរាប ដោយ​ធានាបាន​នូវ​ផលប្រយោជន៍​សង្គម​-​សេដ្ឋកិច្ច​ជា​អតិបរិមា​ពី​វិស័យ​ទេសចរណ៍ ពោលគឺ​តំបន់​ប្រវត្តិសាស្ត្រ​អន្តរ​តំបន់​ទីក្រុង​ដែលមាន​ជាប់​ស្ទឹង​សៀមរាប​, តំបន់​ទន្លេសាប , ឧទ្យាន​ជាតិ​ភ្នំ​គូលែន និង​តំបន់​ជនបទ​ដែលជា​គោលដៅ​ទេសចរណ៍ ត្រូវតែ​ភ្ជាប់​ជាមួយ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន និង​ការកាត់បន្ថយ​ភាពក្រីក្រ នៅតាម​បណ្តា​ស្រុក មួយចំនួន​ដែល​សំបូរ​ទៅដោយ​តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ ។​

​លោក​អភិបាលរង​ខេត្ត បន្ថែមថា អាជ្ញាធរខេត្ត​ក្រោម​ការដឹកនាំ​របស់​ឯក​ឧ​ត្ត​ម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត តាមរយៈ​សមាគម​ក្រុង​និយាយ​ភាសា​បារាំង បាន​ជួបពិភាក្សា​ជាមួយ​ក្រុមការងារ​បច្ចេក​ទេស​នៃ​ប្រទេស​បារាំង​លើ​គម្រោងការ​គ្រប់គ្រង​កាកសំណល់ និង​ប្រ​ព័​ន្ឋ​ទឹក​កខ្វក់ និង គម្រោង​បង្កើត​ស្ថានីយ៍​ចម្រោះ​ទឹក​កខ្វក់​នៅ​ភូមិ​កន្ត្រក​ដែល​អាច​ទាញយក​កាកសំណល់​ចេញពី​លូទឹកស្អុយ ដើម្បី​ទាញយក​កាកសំណល់​ទាំងនោះ​កែច្នៃ​ទៅជា​ជីសរីរាង្គ សម្រាប់​ជួយ​ដល់​កសិករ​យកទៅ​ប្រើប្រាស់​នៅតាម​កសិដ្ឋាន​ដាំ​បន្លែ និង​រុក្ខជាតិ​គ្រប់​ប្រភេទ យើង​អាច​ទទួល​ទិ​ដ្ឋ​ផល​បាន​ប្រមាណ​ជា​៥០០​តោន​ក្នុង​មួយឆ្នាំ ដែល​តាម​ការសិក្សា ក្នុង​មួយឆ្នាំ​កាកសំណល់​ក្នុង​លូ​នោះ​មាន​ចំនួន​១២.៧៧៥​ម៉ែត្រត្រីគុណ ហើយ​បន្ថែម​ពីនេះ រដ្ឋបាលខេត្ត​ក៏បាន​ជជែក​ពិភាក្សា ជាមួយ​ប្រតិភូ​នៃ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន លើ​គម្រោង​ទីក្រុង​វៃឆ្លាត​ផងដែរ ដោយបាន​ពិនិត្យ​ពិភាក្សា​ការចាប់ផ្តើម​សិក្សា​លើ​គម្រោង​ទីក្រុង​វៃឆ្លាត ( Smart City in Siem Reap ) ដែលជា​គោលដៅ​អភិវឌ្ឍន៍​ក្រុង​សៀមរាប ឱ្យក្លាយ​ជាទី​ក្រុង​ទំនើប ដើម្បី​មាន​សមត្ថភាព​ប្រកួតប្រជែង​ជាមួយ​ទីក្រុង​នានា ទាំង​នៅក្នុង​តំបន់ និង​នៅលើ​សកលលោក ។​

​គួររំលឹកថា កាលពី​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២២​នេះ ក្រសួងទេសចរណ៍ បានចេញ​សេចក្ដីជូនដំណឹង​មួយ​ដោយ​បញ្ជាក់ថា ដោយមាន​ការឯកភាព​ជាគោលការណ៍​ដ៏​ខ្ពង់ខ្ពស់​ពី​រាជរដ្ឋាភិបាល ទីក្រុង​ទេសចរណ៍​ឆ្នើម​របស់​កម្ពុជា​ចំនួន ៣ រួមមាន ៖ ទីក្រុង​បាត់ដំបង ទីក្រុង​ព្រះសីហនុ និង​ទីក្រុង​សៀមរាប បាន​ចូលរួម​ប្រឡងប្រណាំង ហើយ​ទទួលបាន​ជ័យលាភី​ជាទី​ក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​លើក​ទី​៣ ក្នុង​សុពលភាព​ឆ្នាំ ២០២២-២០២៤ ហើយ​ជ័យលាភី​នេះ ដោយ​គ្រោង​នឹង​ប្រគល់​នៅក្នុង​ពិធី​ប្រគល់​ជ័យលាភី​រង្វាន់​ទេសចរណ៍​អាស៊ាន នាឱកាស​វេទិកា​ទេសចរណ៍​អាស៊ាន ឆ្នាំ​២០២២ នៅ​ខេត្ត​ព្រះសីហនុ​។​

​មាន​ល​ក្ខ័​ណ្ឌ​ចំនួន​៤ ដែល​ត្រូវ​ទទួលបាន​វិញ្ញាបនបត្រ​ទទួលស្គាល់​កម្រិត​អន្តរជាតិ រួមមាន ៖ វិស័យ​ទេសចរណ៍​វៃឆ្លាត , វិស័យ​ដឹកជញ្ជូន​ចល័ត​វៃឆ្លាត , វិស័យ​សន្តិសុខ​វៃឆ្លាត និង វិស័យ​គ្រប់គ្រង​បរិស្ថាន សំណល់​រឹង​រាវ​វៃឆ្លាត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close