សម្ដេច​ក្រឡាហោម ស ខេង​៖ ក្នុង​ឆ្នាំ​២០២១ គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​ឲ្យ​ស្លាប់ ១,៤៩៧​នាក់ និង​របួស​ជិត ៦០០០​នាក់​

ភ្នំពេញ​៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នៅ​ព្រឹក​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ នៅ​ទីស្ដីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំឆ្នាំ​២០២១ និង​ទិសដៅ​ការងារ​បន្ដ​។​

​យោងតាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​ឲ្យ​ដឹងថា ប្រតិបត្តិការ​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​តាម​អនុក្រឹត្យ​លេខ​៣៩ អនក្របក​. ប្រចាំឆ្នាំ​២០២១ ទទួលលទ្ធផល ដូចជា​៖ ត្រួតពិនិត្យ​យានយន្ត​សរុប​ចំនួន ២,១១២,៦៧០​គ្រឿង ក្នុងនោះ​ម៉ូតូ​ចំនួន ៦៤%, រកឃើញ​យានយន្ត​ល្មើស និង​ពិន័យ​ចំនួន ២២៣,៨៧៩ គ្រឿង (២២៤,៤២២​ករណី​) ស្មើ​១១% ក្នុងនោះ​ម៉ូតូ​ចំនួន ១៦៨,៩៥៦​គ្រឿង (១៦៨,៩៥៧​ករណី​) ស្មើ​៧៥% និង​រថយន្ត​ចំនួន ៥៤,៩២៣​គ្រឿង (៥៥,៤៦៥​ករណី​) រថយន្ត​ធុន​ធ្ងន់​ចំនួន​២០%​។​

​ការត្រួតពិនិត្យ​អ្នកជិះ​ម៉ូតូ​ល្មើស​សរុប ១៦៨,៩៥៦​គ្រឿង (១៦៨,៩៥៧​ករណី​) ក្នុងនោះ​មិន​ពាក់មួក​សុវត្ថិភាព បានធ្វើ​ការឃាត់​បង្ខំ​ឲ្យ​រក​មួ​កម​កពាក់ និង​ពិន័យ​ចំនួន ៩១% នៃ​ចំនួន​ករណី​ល្មើស​សរុប​។ ការ​ល្បាត​ត្រួតពិនិត្យ​តាមផ្លូវ​ជាតិ​លេខ​៤ លេខ​៥ លេខ​៦ លេខ​៧ លេខ​៨ លេខ ៧៣ លេខ​៧៨ លេខ​៤១ លេខ​៤៤ លេខ​៥១ បាន​រកឃើញ​រថយន្ត​ល្មើស និង​ពិន័យ​ចំនួន ២០,១៦១​គ្រឿង លើ​ចំនួន​២០,៦៥៤​ករណី​។​

​ការត្រួតពិនិត្យ​ល្បឿន​បាន​រកឃើញ​រថយន្ត​បើកបរ​ល្មើស​ល្បឿន​ធ្វើការ​ពិន័យ​ចំនួន ១០,០០៨​គ្រឿង ស្មើ​១៨% នៃ​ករណី​ល្មើស​សរុប​។ ការត្រួតពិនិត្យ​ជាតិ​ស្រវឹង បាន​រកឃើញ​អ្នកបើកបរ​ស្រវឹង​ចាត់ការ​តាមច្បាប់​ចំនួន ៨៦៧​នាក់ ក្នុងនោះ អ្នកបើកបរ​រថយន្ត​ចំនួន ៤១% និង​អ្នកបើកបរ​ម៉ូតូ​ចំនួន ៥៩%​។​

​ការងារ​ត្រួតពិនិត្យ​យានយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​រាជធានី ខេត្ត បានធ្វើការ​ត្រួតពិនិត្យ​យានយន្ត ប្រចាំឆ្នាំ​២០២១ ទទួលបាន​លទ្ធផល​ស​រុ​ប​ចំនួន ៦៣,៦៥២​គ្រឿង យានយន្ត​ត្រឹមត្រូវ​ចំនួន ៥៣,៦០៩​គ្រឿង រថយន្ត​ខុស​លក្ខណៈ​បច្ចេកទេស ចំនួន​១០,០៤៣​គ្រឿង​។​

​ដោយឡែក គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ឆ្នាំ​២០២១ បាន​កើតឡើង​ចំនួន ២,៦៧០​លើក បណ្តាល​ឲ្យ​ស្លាប់​ចំនួន​១,៤៩៧​នាក់ និង​របួស​ចំនួន ៣,៦១៥​នាក់ របួសធ្ងន់ ២,២៤៦​នាក់​។ អ្នកស្លាប់​ភាគច្រើន​នៅ​រាជធានី​ភ្នំពេញ ចំនួន​២៤៥​នាក់ ខេត្តកណ្តាល ចំនួន​១៤១​នាក់ និង​ខេត្តកំពង់ចាម​ចំនួន ៩៦​នាក់​។ មូលហេតុ​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​គឺ បើកបរ​លើស​ល្បឿន​កំណត់​៣៨% មិន​គោរព​សិទ្ធិ​២៤% មិន​ប្រកាន់​ស្តាំ​១៤% វ៉ា​ជែង​៨% បត់​៨% ស្រវឹង​៤% កត្តា​យានយន្ត​៣% និង​ងងុយ​១%​។​

​ប្រៀបធៀប​នឹង​ឆ្នាំ​២០២០ ហេតុការណ៍​គ្រោះថ្នាក់​ថយចុះ​ចំនួន ៥០៩​លើក ស្មើ​១៦% (២,៦៧០/៣,១៧៩​លើក​) អ្នកស្លាប់​ថយចុះ​ចំនួន ១៤៩​នាក់ ស្មើ​៩% (១,៤៩៧/១,៦៤៦​នាក់​) និង​អ្នករបួស​ថយចុះ​ចំនួន​១,០៧១​នាក់ ស្មើ​២៣% (៣,៦១៥/៤,៦៨៦​នាក់​)៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close