ព្រឹត្តិការណ៍​ថ្ងៃ​រះ ចំ​កំពូល​កណ្ដាល​នៃ​ប្រាសាទអង្គរវត្ត នឹង​កើត​មាននៅ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២២

​អ្នកជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ឱ្យដឹងថា​បាតុភូតធម្មជាតិ​នៃ​ប្រព័ន្ធ​ព្រះអាទិត្យ ដែល​គេ​ហៅថា «​សម​រាត្រី​» ន័យ​សាមញ្ញ គឺ​រយៈពេល​ថ្ងៃ​និង​យប់​ស្មើគ្នា​ត្រូវ​នឹង​ព្រឹត្តិការណ៍​ព្រះអាទិត្យ​រះ​នៅ​ចំ​កំពូល​កណ្ដាល​នៃ​ប្រាសាទអង្គរវត្ត ដែល​គេ​អាច​មើលឃើញ​ច្បាស់​ពី​គុក​តា​រាជ​នឹង​កើតឡើង​នៅ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២២​ខាងមុខ​។

​បុរាណ​វិទូ និង​ជា​ប្រធាន​នាយកដ្ឋាន​អភិរក្ស ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា លោក អ៉ឹ​ម សុខ​រិទ្ធី ឱ្យដឹងថា សម្រាប់​ឆ្នាំ​២០២២ គឺ​ថ្ងៃ​រះ​នៅ​ចំ​កំពូល​កណ្ដាល​ប្រាសាទអង្គរវត្ត​នៃ​សម​រាត្រី​ខែមីនា​នេះ នឹង​ត្រូវចំ​ថ្ងៃទី​២១ ខែមីនា នៅវេលា​ប្រហែលជា​ចាប់ពី​ម៉ោង​៦:៣០​នាទី​ព្រឹក ដែលជា​ព្រឹត្តិការណ៍​យ៉ាង​ពិសេស​មួយ​។ អ្នក​បុរាណ​វិទូ​ដដែល បញ្ជាក់ទៀតថា ព្រឹត្តិការណ៍​ពិសេស​ថ្ងៃ​រះ​ចំ​កំពូល​កណ្ដាល​នៃ​ប្រាសាទអង្គរវត្ត​សម្រាប់​ឆ្នាំ​២០២២​នេះ អាច​កើតមាន​២​ដង​ក្នុង​១​ឆ្នាំ គឺ​នៅ​ថ្ងៃទី​២១ ខែមីនា​ម្ដង ហើយ​អាច​នៅ​ថ្ងៃទី​២២ ខែកញ្ញា នឹង​កើតមាន​ម្ដងទៀត​។

​អ្នកជំនាញ​ពន្យល់ថា សម​រាត្រី គឺជា​ពេលវេលា​ដែល​រវាង​ពេល​ថ្ងៃ​និង​ពេលយប់​ឱ្យមាន​រយៈពេល​ស្មើគ្នា ដោយ​ខុសពី​ខែ​ធម្មតា​ខ្លះ រយៈពេល​យប់​វែង​ជាង​ពេល​ថ្ងៃ ឬក៏​រយៈពេល​ថ្ងៃ​វែង​ជាង​យប់នោះ គឺជា​ព្រឹត្តិការណ៍​ទូទៅ​របស់​ផែនដី ដែល​តែងតែ​កើតមាន​នៅក្នុង​ពិភពលោក​។ ក៏ប៉ុន្តែ សម្រាប់​ប្រាសាទអង្គរវត្ត ដែលមាន​ព្រឹត្តិការណ៍​សម​រាត្រី​កើតឡើង​នេះ មិនមែនជា​រឿង​ចៃដន្យ​ទេ វា​គឺជា​លក្ខណៈពិសេស​របស់​បុព្វបុរស​ខ្មែរ ដែល​រៀបចំ​ស្ថាបត្យកម្ម ប្លង់​របស់​ប្រាសាទ​ទុក​មុន​ជាស្រេច ដោយ​បំណង​តម្រូវ​តាម​បាតុភូតធម្មជាតិ​ឱ្យ ប្រាសាទអង្គរវត្ត បង្កើតជា​ព្រឹត្តិការណ៍​ថ្ងៃ​រះ​ចំ​កំពូល​កណ្ដាល​នៃ​ប្រាសាទអង្គរវត្ត​នេះ​ឡើង​។

​លោក អ៉ឹ​ម សុខ​រិទ្ធី ឱ្យដឹងថា ការរៀបចំ​របស់​បុព្វ​បុរស​ខ្មែរ តម្រូវ​តាម​បាតុភូតធម្មជាតិ​ឱ្យ​ព្រឹត្តិការណ៍​ថ្ងៃ​រះ​ចំ​កំពូល​កណ្ដាល​នៃ​ប្រាសាទអង្គរវត្ត​នេះ​ទៅបាន គឺ​ត្រូវ​គិតគូរ​តាំងពី​រឿង​ស្ថាបត្យកម្ម ការរៀបចំ​ដីធ្លី ការ​គន់គូរ តាម​គណិតវិទ្យា ការគិតគូរ​ពី​ដំណើរ​តារាសាស្ត្រ ព្រមទាំង​រួមផ្សំ​ជាមួយ​ជំនឿ​ផង​។ អាចនិយាយបាន ថា​ព្រឹត្តិការណ៍​ពិសេស​ថ្ងៃ រះ​ចំ​កណ្ដាល​នៃ​កំពូល​ប្រាសាទអង្គរវត្ត ប្រហែលជា​អច្ឆរិយ​នេះ​កើត​មានតែ​នៅលើ ប្រាសាទអង្គរវត្ត​នៃ​ប្រទេស​កម្ពុជា​តែប៉ុណ្ណោះ​ចំណែកឯ​សំណង់​បុរាណ​ជាច្រើន​នៅ​ប្រទេស​ដទៃទៀត​ក្នុង​ពិភពលោក គឺ​មិនអាច​រៀបចំ​ដូច្នេះ​បានទេ​។

​ថ្វីត្បិតតែ​ក្នុង​១​ឆ្នាំៗ ព្រឹត្តិការណ៍​ពិសេស​សម​រាត្រី នឹង​ថ្ងៃ​រះ​ចំ​កំពូល​កណ្ដាល​នៃ​ប្រាសាទអង្គរវត្ត​អាច​កើតឡើង​ក្នុង​១​ឆ្នាំ​២​ដង​ក្តី ក៏ប៉ុន្តែ បាតុភូត​នោះ​កើតឡើង​មិន​ដូចគ្នា​ទេ​។ កាលពី​ឆ្នាំ​២០១៩​កន្លងទៅ​(​សម​រាត្រី​)​ព្រះអាទិត្យ​រះ​ចំ​កំពូល​កណ្ដាល​នៃ​ប្រាសាទអង្គរវត្ត​បានកើត ឡើង​នៅ​ថ្ងៃទី​២០ ខែមីនា ចាប់ពី​ព្រឹក​ព្រលឹម​ស្រាងៗ ដោយ​គេ​អាច​មើលឃើញ​ពី​ក្លោងទ្វារ​កណ្តាល​នៃ​គុក​តា​រាជ​(​ខ្លោង​ទ្វារធំ​ប៉ែក​ខាងលិច​) អំឡុងពេល​ចាប់ពី​ម៉ោង​៥​និង​៥០​នាទី​ដល់​ម៉ោង​ប្រហែល​៧​ព្រឹក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close