សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ «​ភូមិ​កុមារ SOS» ក្នុង​ខេត្តព្រៃវែង​

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២២ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ជា​អធិបតី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ «​ភូមិ​កុមារ SOS» ស្ថិតនៅក្នុង​ខេត្តព្រៃវែង​។​

«​ភូមិ​កុមារ SOS ព្រៃវែង​» ស្ថិតនៅ​ភូមិ​លេខ​១ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង ខេត្តព្រៃវែង​។ «​ភូមិ​កុមារ SOS ព្រៃវែង​» សាងសង់​លើ​ផ្ទៃដី​សរុប​ជាង ១​ម៉ឺន​ម៉ែត្រក្រឡា ជា​អំណោយ​របស់​សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។ «​ភូមិ​កុមារ SOS ព្រៃវែង​» ចាប់ផ្តើម​ដំណើរការ​សាងសង់​នៅ​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៨ និង​បានបញ្ចប់​ការសាងសង់​នៅ​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២០ ដោយ​ចំណាយ​ថវិកា​សរុប ១,៥៣១,២៤៨​ដុល្លារ​អាមេរិក​។​

«​ភូមិ​កុមារ SOS ព្រៃវែង​» មាន​អគារ​សរុប​ចំនួន ៩​ខ្នង រួមមាន​៖ អគារ​ការិយាល័យ និង​សាល​សិល្បៈ ១​ខ្នង កម្ពស់ ២​ជាន់​, អគារ​ផ្ទះ​គ្រួសារ ៤​ខ្នង កម្ពស់ ២​ជាន់​, អគារ​ផ្ទះ​នាយក​ភូមិ និង​ផ្ទះ​បុគ្គលិក ១​ខ្នង កម្ពស់ ២​ជាន់​, អគារ​ផ្ទះ​សហគមន៍ និង​ផ្ទះ​ភ្ញៀវ ១​ខ្នង កម្ពស់ ២​ជាន់​, អគារ​ផ្ទះ​អាហារូបត្ថម្ភ ១​ខ្នង កម្ពស់ ២​ជាន់ និង​អគារ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ ១​ខ្នង​។​

«​ភូមិ​កុមារ SOS ព្រៃវែង​» បានចាប់ផ្តើម​បើក​ឱ្យ​កុមារ​ចូល​ស្នាក់នៅ​កាលពី​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២០​។ បច្ចុប្បន្ន​មាន​កុមារ​កំពុងស្នាក់នៅ ២៧​នាក់ ក្រោម​ការថែទាំ​របស់​អ្នក​ម្តាយ​៥​នាក់ និង​បុគ្គលិក ១០​នាក់​។ «​ភូមិ​កុមារ SOS ព្រៃវែង​» ជា​ភូមិ​មួយ​របស់​អង្គការ «​ភូមិ​កុមារ SOS កម្ពុជា​» ដែល​បាននិងកំពុង​ចិញ្ចឹម​បីបាច់​ថែរក្សា​កុមារកំព្រា ដែល​ត្រូវបាន​បោះបង់ចោល និង​កុមារ​ដែល​មិនមាន​ការថែទាំ​សមរម្យ​។

​អង្គការ «​ភូមិ​កុមារ SOS អន្តរជាតិ​» បានចាប់ផ្តើម​ធ្វើការ​ជាមួយ​កម្ពុជា​កាលពី​ឆ្នាំ​១៩៩៩​។ ក្នុង​រយៈពេល​ជាង ២០​ឆ្នាំ​កន្លងមកនេះ អង្គការ​ភូមិ​កុមារ SOS បាន​កសាង​ភូមិ​កុមារ​នៅ​កម្ពុជា​ចំនួន ៧​កន្លែង នៅតាម​បណ្តា​រាជធានី​-​ខេត្ត មានដូចជា​៖ រាជធានី​ភ្នំពេញ ខេត្តសៀមរាប បាត់ដំបង រតនគិរី ក្រចេះ កំពត និង​ខេត្តព្រៃវែង​។

​ក្រៅតែពី​កសាង​ភូមិ​កុមារ ដើម្បី​ផ្តល់​ការ​ស្នាក់នៅ និង​ផ្តល់​ការថែទាំ​សម្រាប់​រយៈពេល​វែង​ហើយ​នោះ អង្គការ​មនុស្សធម៌​មួយ​នេះ ក៏បាន​អនុវត្ត​គម្រោង​មួយចំនួនទៀត​មានដូចជា​៖ កម្មវិធី​ពង្រឹង​គ្រួសារ​តាម​សហគមន៍​, ការបង្កើត​ផ្ទះ​សម្រាប់​យុវជន​, ការបង្កើត​មត្តេយ្យសាលា និង​សាលារៀន ហ័​រ​ម៉ាន ម៉ៃ​ន័​រ​, ការបង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ មជ្ឈមណ្ឌល​សង្គ្រោះបន្ទាន់ និង​មជ្ឈមណ្ឌល​សង្គមកិច្ច​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close