បន្ទាប់ពីអ្នកជំងឺកូវីដ-១៩ សះស្បើយ អាចនឹងកើតជំងឺទាំងនេះថែមទៀត

បន្ទាប់ពី​កើតជំងឺកូវីដ១៩ អ្នក​ដែល​បានជាសះស្បើយ​ពី​ជំងឺ​ផ្លូវ​ដង្ហើម​មួយ​នេះ អាចនឹង​មាន​ជំងឺ២ថែមទៀត នោះ​គឺជំងឺបាក់ទឹកចិត្ត និង​ឆាប់ព្រួយ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ។

លោកជំទាវ បានបញ្ជាក់ថា “យោងតាមការសិក្សា របស់អ្នកវិទ្យាសាស្ត្រវេជ្ជសាស្ត្របរទេសមួយចំនួនលើអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ មួយចំនួន គេសង្កេតឃើញថា មានប្រហែលជា២៣-២៦% នៃអ្នកជាសះស្បើយ គឺមានបញ្ហាផ្លូវចិត្ត ហើយទន្ទឹមនឹងនោះ ភាពឆាប់នឿយហត់ ឬមានអារម្មណ៍មិនសូវមានកម្លាំងកំហែង ហើយមួយចំនួនទៀត ក៏មានការឆាប់ទទួលបាននូវការឆ្លងជំងឺកូវីដ-១៩ឡើងវិញផងដែរ។ ករណីនេះ អាស្រ័យលើសរីរាង្គរបស់បុគ្គលម្នាក់ៗដែលមានការឆ្លើយតប និងការវិវត្តកើតមានមិនដូចគ្នានោះឡើយ ជាពិសេស ស្ថានភាពនៃអង់ទីគ័ររបស់បុគ្គលឆ្លើយតបទប់ទល់ទៅនឹងជំងឺនេះ ហើយក៏អាស្រ័យលើស្ថានភាពដែលបុគ្គលបានឆ្លងកាត់សភាពជំងឺស្រាល ឬជំងឺធ្ងន់ធ្ងរផងដែរ”។

ជាមួយគ្នានេះ ការសិក្សាក៏បានបង្ហាញថា បុគ្គលអាចមានរោគសញ្ញាដែលនៅសេសសល់បន្តក្នុងរយៈពេលប្រហែលមួយឆ្នាំ ក្រោយពីបានជាសះស្បើយពីជំងឺកូវីដ-១៩ (បុគ្គលខ្លះក៏មិនមានបញ្ហានេះដែរ) ដែលគេសង្កេតឃើញមានដូចជា ឆាប់នឿយហត់ ឬមានអារម្មណ៍ថាដូចជាខ្សោយជាងមុនពេលឈឺ ដកដង្ហើមដូចជាមិនបានវែងៗ ឬពិបាក ដកដង្ហើម ឬមានអារម្មណ៍ថា ដូចជាថប់ៗដង្ហើម បន្តនៅក្អកខ្លះៗ អាចឈឺសន្លាក់ដៃជើង អាចមានឈឺដើមទ្រូងខ្លះៗ មានបញ្ហាការចងចាំ និងបញ្ហាសម្រាន្តមិនសូវលក់ ឈឺសាច់ដុំ ឬឈឺក្បាល បេះដូងដើរញាប់ជាងមុន និងបញ្ហាបាក់ទឹកចិត្ត អស់សង្ឃឹម ឬមានអារម្មណ៍ព្រួយច្រើនជាដើម។

លោកជំទាវបានបន្ថែមផងដែរថា រោគសញ្ញាខាងលើនេះ នឹងប្រហែលជាអាចបាត់ទៅវិញ ក្នុងរយ:ពេល៦ខែ ទៅ ១២ខែ ឬអាចខ្លីជាងនេះ ឬក៏អាចកាន់តែធ្ងន់ធ្ងរ ឬមិនបាត់ទៅវិញ អាស្រ័យលើការបន្តថែទាំសុខភាពរបស់បុគ្គលដែលបានជាសះស្បើយ។

ក្នុងន័យនេះ អ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ត្រូវចេះធ្វើលំហាត់ប្រាណ ព្រមទាំងចេះបន្ធូរអារម្មណ៍ និងកែលម្អបរិយាកាសរស់នៅជាដើម ជាពិសេសចាំបាច់ត្រូវចៀសវាងកុំបណ្ដោយខ្លួនឱ្យមានការឆ្លងកូវីដ-១៩ ឡើងវិញ ដែលវាអាចបន្ថែមភាពប៉ះពាល់ មិនល្អដល់សរីរាង្គណាមួយរបស់បុគ្គល ដូចជាប្រព័ន្ធសរសៃប្រសាទ បេះដូង ថ្លើម និងតម្រងនោម ជាដើម។ អ្នកវិទ្យាសាស្ត្រ ក៏មិនទាន់អាចបញ្ជាក់ឱ្យដឹងបានផងដែរថាតើផលប៉ះពាល់សំខាន់ៗអ្វីខ្លះទៀតលើសរីរាង្គ បុគ្គលដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ នៅក្នុងកម្រិតណានោះ និងក្នុងរយ:ពេលយូរប៉ុណ្ណានោះនៅឡើយទេ ដែលតម្រូវឱ្យមានការសិក្សាច្បាស់លាស់ជាបន្តបន្ទាប់ទៀតផងដែរ។

លោកជំទាវ ឱ វណ្ណឌីន ក៏បានរម្លឹកផងដែរថា សម្រាប់ជំងឺកូវីដ-១៩ ជាពិសេសពពួកបំប្លែងថ្មីអូមីក្រុងនេះ សូមបងប្អូនប្រជាពលរដ្ឋមានការយល់ដឹងថា លទ្ធភាពវ៉ៃលុករបស់វាមកលើសរីរាង្គកាយមនុស្ស អាចកើតមានមិនអាចមើលរំលងបានឡើយ ហើយជំងឺកូវីដ-១៩ ក៏មិនមែនជាជំងឺផ្តាសាយក្នុងលក្ខណៈធម្មតា និងច្បាស់ជាមិនមែនជាជំងឺដែលសាមញ្ញពេកនោះដែរ ថ្វីត្បិតតែវាមានលក្ខណៈដូចជាស្រាល ដោយមួយចំណែកធំដោយសារឥទ្ធិពលបានមកពីការស្រោចវ៉ាក់សាំងបានច្រើននៅក្នុងសហគមន៍។ សូមកុំភ្លេចថា សរីរាង្គកាយយើង ប្រហែលជានឹងអាចមានការប៉ះពាល់សុខភាពទោះតិចក្តី ឬច្រើនក្តី ក្រោយពីបានឆ្លងជំងឺកូវីដ-១៩ ប្រសិនបើយើងមិនមានកងការពារក្នុងខ្លួនយើងរឹងមាំទេនោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close