ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ ដឹកនាំ​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី​២៨ តាម​ប្រព័ន្ធ​វីដេអូ​

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​១៦-១៧ ខែមីនា ឆ្នាំ​២០២២ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម ក្នុងនាម​ជា​ប្រធាន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន (AEM Chair) ក្នុង​ឆ្នាំ​២០២២ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី​២៨ (THE TWENTY-EIGHTH ASEAN ECONOMIC MINISTERS’ RETREAT – the 28th AEM Retreat) និង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​រវាង​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន និង​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ធុរកិច្ច​អាស៊ាន (Consultations between AEM and ASEAN Business Advisory Council) តាម​ប្រព័ន្ធ​វីដេអូ​។

​កិច្ចប្រជុំ​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​នៃ​ប្រទេស​សមាជិក​ទាំងអស់ អ្នកឧកញ៉ា គិត ម៉េង ប្រធាន​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ធុរកិច្ច​អាស៊ាន​សម្រាប់​ឆ្នាំ​២០២២ និង​តំណាង​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ធុរកិច្ច​អាស៊ាន និង​គណៈប្រតិភូ​នៃ​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់ ព្រមទាំង​មន្ត្រី​លេខាធិការដ្ឋាន​អាស៊ាន​ផងដែរ​។​

​ជា​កិច្ច​ចាប់ផ្តើម ឯកឧត្តម​រដ្ឋមន្ត្រី​ប្រធាន​អង្គប្រជុំ បាន​មានមតិ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​របស់​សមាជិក​អង្គប្រជុំ​ទាំងអស់ និង​បាន​ស្នើឱ្យ​អង្គប្រជុំ​ផ្តល់នូវ​ការគាំទ្រ រួមទាំង​ចូលរួម​ផ្លាស់ប្តូរ​មតិយោបល់​លើ​របៀបវារៈ​នីមួយៗ ដែល​បាន​រៀបចំឡើង​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បន្តថា​កិច្ចប្រជុំ​ដ៏​មាន​សារៈសំខាន់​ទាំងពីរ​ខាងលើ សម្រេចបាន​នូវ​លទ្ធផល​យ៉ាង​ល្អប្រសើ រួមមាន​៖
១) កិច្ចប្រជុំ​ពិគ្រោះ​យោបល់​រវាង​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន និង​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ធុរកិច្ច​អាស៊ាន​៖
​តំណាង​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ធុរកិច្ច​អាស៊ាន​នៃ​ប្រទេស​នីមួយៗ​បាន​សង្ខេប​ជូន​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន និង​បានធ្វើ​បទ​បង្ហាញ​អំពី​គម្រោង អាទិភាព និង​គំនិត​ផ្តួចផ្តើម​របស់ខ្លួន​សម្រាប់​ឆ្នាំ​២០២២​។

​ជាមួយគ្នានេះ កិច្ចប្រជុំ​បានបញ្ជាក់​ផងដែរ អំពី​សារៈសំខាន់​ក្នុងការ​ពង្រឹង​យន្តការ​ទំនាក់ទំនងរ​វាង​ក្រុមការងារ​អន្តរ​វិស័យ​អាស៊ាន ជាមួយនឹង​វិស័យ​ឯកជន ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព​ក្នុងការ​អនុវត្ត​គំនិត​ផ្តួចផ្តើម និង​កិច្ចការ​នានា​របស់​អាស៊ាន​។​
២) កិច្ចប្រជុំ​ចង្អៀត​ថ្នាក់​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី​២៨៖
​អង្គប្រជុំ​នេះ បាន​ផ្លាស់ប្តូរ​មតិយោបល់​យ៉ាងសកម្ម​លើ​របៀបវារៈ​សំខាន់ៗ​របស់​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន រួមមាន​៖ (១)​កិច្ច​ការដែល​ត្រូវ​បន្ត​តាមដាន ស្របតាម​អនុសាសន៍ និង​ការណែនាំ​របស់​ថ្នាក់ដឹកនាំ​អាស៊ាន ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៨ និង​ទី​៣៩ ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ខែតុលា ឆ្នាំ​២០២១ (២)​សមិទ្ធផល​អាទិភាព​សេដ្ឋកិច្ច​ក្រោម​ភាពជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា​សម្រាប់​ឆ្នាំ​២០២២ (៣)​ការងារ​អាទិភាព​ប្រចាំឆ្នាំ​២០២២ របស់​ក្រុមការងារ​អន្តរ​វិស័យ (៤) អនុសាសន៍​របស់​ក្រុមការងារ​ជាន់ខ្ពស់ ស្តីពី​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន (៥)​កិច្ចខិតខំ​ប្រឹងប្រែង​ក​ម្រិ​ត​ជាតិ និង​កម្រិត​តំបន់​របស់​អាស៊ាន​ក្នុងការ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ ឆ្លើយតប​នឹង​វិបត្តិ​កូ​វីដ​-១៩ (៦)​ការប្រកាស​បើក​ការចរចា​សម្រាប់​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទំនិញ​អាស៊ាន (ASEAN Trade in Goods Agreement – ATIGA) (៧)​ការពង្រឹង​យុទ្ធសាស្ត្រ​អាស៊ាន​ដើម្បី​ពង្រឹង​យន្តការ​ទំនាក់ទំនង​ក្រៅ​តំបន់​អាស៊ាន និង (៨)​បញ្ហា​ផ្សេងៗ​ទៀត​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បញ្ជាក់ថា​លទ្ធផល​សំខាន់ៗ​គួរឱ្យកត់សម្គាល់ អង្គប្រជុំ​បានបង្ហាញ​ការគាំទ្រ​យ៉ាង​ពេញទំហឹង និង​ឯកភាព​ក្នុងការ​អនុម័ត​លើ​សមិទ្ធផល​អាទិភាព​សេដ្ឋកិច្ច​ដែល​ស្នើឡើង​ដោយ​កម្ពុជា​ទាំង​១៩ ក្នុង​ភាពជា​ប្រធាន​អាស៊ាន​ឆ្លាស់​វេន​ឆ្នាំ​២០២២ ព្រមទាំង​បាន​ឯកភាព​អនុម័ត​លើ​ការងារ​អាទិភាព​ប្រចាំឆ្នាំ​របស់​ក្រុមការងារ​អន្តរ​វិស័យ​ក្រោម​សមត្ថកិច្ច​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​ផងដែរ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បន្ថែមថា​អង្គប្រជុំ​បានអនុម័ត​លើ គោលការណ៍​ណែនាំ និង​លក្ខខណ្ឌ​ប្រតិបត្តិ​របស់​គណៈកម្មាធិកា​រ​ចរចា​ពាណិជ្ជកម្ម សម្រាប់​ការចរចា​ធ្វើឱ្យ​ប្រសើរឡើង​នៃ​កិច្ចព្រមព្រៀង ATIGA ព្រមទាំង​បានប្រកាស​បើក​ការចរចា​ជា​ផ្លូវការ​លើ​កិច្ចព្រមព្រៀង​នេះ​។ តាមរយៈ​ការប្រកាស​បើក​ការចរចា​ធ្វើឱ្យ​ប្រសើរឡើង​នៃ​កិច្ចព្រមព្រៀង ATIGA នេះ អង្គប្រជុំ​បានកត់សម្គាល់​និង​អបអរសាទរ​ចំពោះ​កម្ពុជា ក្នុងការ​សម្រេចបាន​ស​មិទ្ធ​ផល​អាទិភាព​សេដ្ឋកិច្ច​មួយ ក្នុងចំណោម​សមិទ្ធផល​អាទិភាព​សេដ្ឋកិច្ច​ទាំងអស់​ខាងលើ ដែល​កម្ពុជា​បានស្នើ​ឡើង​។​

​គួរ​កត់សម្គាល់ថា សមាជិក​អង្គប្រជុំ​ទាំងអស់​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​ផ្លាស់ប្តូរ​មតិយោបល់ និង​ពិភាក្សា​លើ​របៀបវារៈ​នីមួយៗ ដែល​ធ្វើឱ្យ​កិច្ចប្រជុំ​នេះ​បញ្ចប់ទៅ​យ៉ាង​រលូន និង​ប្រកបដោយ​ផ្លែផ្កា​គួរ​ជាទី​មោទនៈ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close