សម្ដេច​តេ​ជោ ហ៊ុន សែន ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ ឯកអគ្គរដ្ឋទូត អ៊ីស្លាម​ប៉ា​គី​ស្ថាន​ថ្មី ប្រចាំ​នៅ​កម្ពុជា

​នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី ២២ ខែមីនា ឆ្នាំ​២០២២​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយនឹង ឯកឧត្តម ហ្សា​ហ៉ី​រូ​ឌី​ន បា​បា សា​ហ៉ី​ម (Zaheeruddin Babar Thaheem) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​អ៊ីស្លាម​ប៉ា​គី​ស្ថាន ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។

​នៅក្នុង​ជំនួប​នោះ ឯកឧត្តម ហ្សា​ហ៉ី​រូ​ឌី​ន បា​បា សា​ហ៉ី​ម បាន​គោរព​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​តេ​ជោ ដែល​បាន​ចំណាយពេល​ដ៏​មមាញឹក អនុញ្ញាត​ឲ្យ ឯកឧត្តម​បាន​ជួប​សំដែង​ការគួរសម និង​ពិភាក្សា​នាពេលនេះ​។ ឯកឧត្តម​បាន​គោរព​ជម្រាបជូន​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី​ថា ឯកឧត្តម​ពិតជា​មាន​កិត្តិយស​ណាស់​ដែល​បានមក​ធ្វើជា ឯកអគ្គរដ្ឋទូត​ប៉ា​គី​ស្ថាន​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។

ឯកឧត្តម​បាន​ជម្រាបជូន​សម្តេច​តេ​ជោ​ថា រយៈពេល​ជាង​មួយខែ​កន្លងមកនេះ ឯកឧត្តម​សង្កេតឃើញថា ប្រទេស​កម្ពុជា​មានការ​អភិវឌ្ឍ ស្រស់ស្អាត​ជាមួយនឹង​ប្រជាជន​ដែលមាន​ភាពរួស​រាយ​រាក់ទាក់ និង​មន្ត្រីរាជការ​ផ្ដល់នូវ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​។ ឯកឧត្តម បាន​ជម្រាបជូន​សម្ដេច​តេ​ជោ​ផងដែរ​ថា ប្រទេស​ប៉ា​គី​ស្ថាន ចាត់ទុក​ប្រទេស​កម្ពុជា​ជា​ដៃគូ​សំខាន់ ក្នុងន័យនេះ ឯកឧត្តម​បាន​ជម្រាបជូន​សម្តេច​តេ​ជោ​ថា បេសកកម្ម​ការទូតរ​បស់​ឯកឧត្តម​មកកាន់​កម្ពុជា​នេះ នឹង​បន្តសកម្មភាព​ដែលមាន​ស្រាប់​ផង នឹងធ្វើ​អ្វីៗ​គ្រប់បែបយ៉ាង​ដើម្បី​ជំរុញ​ទំនាក់ទំនង​លើ​គ្រប់​វិស័យ ក្នុងទិសដៅ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​ឲ្យ​ឈានដល់​កម្រិត​ថ្មី​មួយទៀត​។

ជាការ​ឆ្លើយតប សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ស្វាគមន៍ និង​សម្ដែង​នូវ​ការអបអរសាទរ​ចំពោះ ឯកឧត្តម ហ្សា​ហ៉ី​រូ​ឌី​ន បា​បា សា​ហ៉ី​ម ដែល​ត្រូវបានតែងតាំង​ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នាពេល​នេះ​។ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ស្វាគមន៍​ផងដែរ ចំពោះ​ការលើកឡើង​របស់​ឯក​ឧ​ត្ត​ម និង​បាន​លើកទឹកចិត្ត​ឲ្យ ឯកឧត្តម​ពិនិត្យមើល​សក្តានុពល​ផ្សេងៗ​ទាំងឡាយ​ដែល​ប្រទេស​ទាំងពីរ​អាចធ្វើ​បាន ដូចជា​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការវិនិយោគ ដែលមាន​សារសំខាន់​សម្រាប់​បំពេញ​ឲ្យ​គ្នា​ទៅវិញទៅមក និង​ចូលរួមចំណែក​ពង្រីក ពង្រឹង​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​យើង​ទាំងពីរ ដែលមាន​ទំនាក់ទំនង​ដែល​អាច​ចាត់ទុកថា ជា​វ័យ​ចំណាស់​មួយ រហូតដល់​៧០​ឆ្នាំ​ហើយ​ក្នុងឆ្នាំនេះ​។

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ជម្រាប​ទៅ ឯកឧត្តម ហ្សា​ហ៉ី​រូ​ឌី​ន បា​បា សា​ហ៉ី​ម ផងដែរ​ថា ក្នុង​ក្របខណ្ឌ​អាស៊ាន អ្វីដែល​កម្ពុជា​ចង់បាន​ក្នុងនាម​ជា​ប្រធាន​អាស៊ាន គឺ​ការបើក​ដំណើរការ​សេដ្ឋកិច្ច​អាស៊ាន​ឡើងវិញ ក្នុង​គ្រា​ដែល​កំពុង​រៀន​រស់នៅ​ជាមួយនឹង​វិបត្តិ​កូ​វីដ​១៩​។ ​ឆ្លៀត​នៅក្នុង​ឱកាស​នោះ​ផងដែរ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន ដែល​បានផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ហើយ​បានស្នើ​ដល់​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន​បន្ត​ផ្ដល់​អាហារូបករណ៍​ជា​បន្តទៀត ដល់​ប្រទេស​កម្ពុជា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close