ក្រសួង​វប្បធម៌ រៀបចំ​កិច្ចប្រជុំពេញអង្គ​លើក​ទី​៧ នៃ​គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ​សម្រាប់​ការអភិរក្ស​និង​ការលើកតម្លៃ​ព្រះវិហារ នៅ​ខេត្តសៀមរាប

​កាលពី​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២២ ក្រោម​អធិបតីភាព លោកជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ លោកជំទាវ Devyani Uttam Khobragade អគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា និង​ជា​សហប្រធាន​ឥណ្ឌា និង​លោកស្រី Guo Wei អនុប្រធាន​ផ្នែក​វិទ្យាសាស្ត្រ និង​វប្បធម៌​នៃ​គណៈកម្មការ​ជាតិ​យូណេស្កូ​ចិន និង​ជា​សហប្រធាន​ចិន រួមជាមួយ​តំណាង​ប្រទេស​ជា​សមាជិក​ចំនួន ៤ ទៀត​រួមមាន ប៊ែ​ល​ហ្សិ​ក ជប៉ុន ថៃឡង់​ដ៏ និង​សហរដ្ឋ​អា​មេ​រិច អ្នកជំនាញការ​ជាតិ និង​អន្តរជាតិ​ស​រុ​ច​ចំនួន ៧០​នាក់ ចូលរួម​ផ្ទាល់ និង​៤០​នាក់ តាម​ប្រព័ន្ធ​អន​ឡាញ​។

​កិច្ចប្រជុំ​នេះ​បាន​ផ្តោតជាសំខាន់​លើ​ការងារ​មួយចំនួន​ដូចខាងក្រោម​៖
1. ផែនការ​ការងារ​អភិរក្ស​គោ​បុ​រៈ​ទី ៥ នៃ​ប្រាសាទព្រះវិហារ ដោយ​អ្នកជំនាញការ​ឥណ្ឌា​
2. ការងារ​ជួសជុល​ស្ពាន​ហាល​នៅ​ចន្លោះ​គោ​បុ​រៈ​ទី​៤ និង​ទី​៥ នៃ​ប្រាសាទព្រះវិហារ​
3. ការងារ​ជួសជុល​ជណ្តើរ​បុរាណ​ខាងជើង​ក្រោម​ជំនួយ​ឧបត្ថម្ភ​ហិរញ្ញវត្ថុ​ពី​មូលនិធិ​ទូត​សម្រាប់​ការអភិរក្ស​វប្បធម៌​របស់​សហរដ្ឋ​អាមេរិក​
4. ការងារ​អភិរក្ស​ប្រាសាទ​ដងទង់ ប្រាសាទ​តា​មែន ប្រាសាទធំ ប្រាសាទ​ចិន ប្រាសាទក្រចាប់ និង​ប្រាសាទអណ្ដូង​គុក ក្នុង​តំបន់​បេតិកភណ្ឌ​ប្រាសាទ​កោះ​កេរ​
5. ការងារ​កំណាយ​បុរាណ​នៅ​ប្រាសាទ​ថ្មបាយក្រៀម ប្រាសាទក្រចាប់ និង​ប្រាសាទ​ចិន ក្នុង​តំបន់​បេតិកភណ្ឌ​ប្រាសាទ​កោះ​កេរ​
6. ការងារ​អភិវឌ្ឍ​ធនធានទឹក​នៅ​តំបន់​បេតិកភណ្ឌ​ប្រាសាទព្រះវិហារ និង​ប្រាសាទ​កោះ​កេរ​
7. ផែនការ​គ្រប់គ្រង​ទេសចរណ៍​ក្នុង​តំបន់​បេតិកភណ្ឌ​ប្រាសាទព្រះវិហារ និង​ប្រាសាទ​កោះ​កេរ​។​

​កិច្ចប្រជុំពេញអង្គ​លើក​ទី ៧ នៃ ICC-Preah Vihear បាន​ប្រព្រឹត្តទៅ​រយៈពេល​ពេញ​មួយថ្ងៃ​ប្រកបដោយ​ជោគជ័យ និង​ទទួលបាន​អនុសាសន៍​ល្អៗ​ពី​អ្នកជំនាញការ​អន្តរជាតិ សម្រាប់​ផ្តល់ជូន​អាជ្ញាធរ​ជាតិ​ព្រះវិហារ យកទៅអនុវត្ត​បន្ត​រយៈពេល ៦ ខែ ខាងមុខ​ទៀត ហើយ​បានកំណត់​យក​កិច្ចប្រជុំ ICC-Preah Vihear លើក​ក្រោយ​នៅ​ខែកញ្ញា ឆ្នាំ ២០២២៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close