គណៈកម្មាធិការ​អន្តរជាតិ អាយ​ស៊ី​ស៊ី​-​អង្គរ ចាប់ផ្តើម​នូវ​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣៥ នៅ​ខេត្តសៀមរាប​

​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣៥ នៃ​គណៈកម្មាធិការ​អន្តរជាតិ​សម្របសម្រួល​កិច្ច​គាំពារ អភិរក្ស និង​អភិវឌ្ឍន៍​រមណី​ដ្ឋា​ន​ប្រវត្តិ​អង្គរ ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី​-​អង្គរ បានចាប់ផ្តើម​ជា​ផ្លូវការ​ហើយ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២២ នា​សណ្ឋាគារ សូ​ហ្វី​តែ​ល អង្គរ​ភូ​គី​ត្រា ខេត្តសៀមរាប ដោយមាន​ការអញ្ជើញ​ជា​អធិបតី​ដោយ​លោកជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​អាជ្ញាធរ​ជាតិ​អប្សរា ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ សហប្រធាន​បារាំង និង​ជប៉ុន និង​លោក Sardar Umar ALAM តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា​។​

​លោក Christophe GIGAUDAUT ទីប្រឹក្សា​កិច្ចសហប្រតិបត្តិការ និង​កិច្ចការ​វប្បធម៌ ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា និង​ជា​សហប្រធាន បានបង្ហាញ​នូវ​សេចក្ដីសោមនស្ស​រីករាយ​ចំពោះ​ការរៀបចំ​កិច្ចប្រជុំ​ដោយផ្ទាល់​នៅពេលនេះ ក្រោយ​ខកខាន​នា​រយៈពេល​២​ឆ្នាំ​ដោយសារ​បញ្ហា​កូ​វីដ​១៩ តែបើ​ទោះបីជា​បញ្ហា​កូ​វីដ​១៩ កើត​ឡើងជា​សាកល​យ៉ាងណាក្ដី ក៏​ស្មារតី​នៃ​ការខិតខំ​ប្រឹងប្រែង​លើ​ការងារ​អភិរក្ស​ប្រាសាទ​មិនបាន​ស្រាកស្រាន្ត​ទេ ផ្ទុយទៅវិញ​ការងារ​អភិរក្ស​និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ក្នុង​រមណីយដ្ឋាន​អង្គរ​បានសម្រេច​លទ្ធផល​ជាច្រើន​និង​ប្រកបដោយ​មោទកភាព​។​

​តំណាង​អង្គការ​យូ​ណេ​ស្គូ​ប្រចាំ​កម្ពុជា លោក Sardar Umar ALAM បាន​ចូលរួម​អបអរសាទ​ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក៏ដូចជា​អ្នកជំនាញការ​អាដហុក​ដែល​ខិតខំ​ធ្វើឱ្យ​កិច្ចប្រជុំ​នៅពេល​កើតឡើង​។ ក្នុងនាម​អង្គការ​យូណេស្កូ លោក​ក៏បាន​អរគុណ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​ទាំងអស់​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ដែល​ធ្វើឱ្យ​សមិទ្ធផល​ការងារ​ជាច្រើន​កកើតឡើង ពិសេស​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ទោះ​ការងារ​ខ្លះ​មានការ​កកស្ទះ​ក្ដី តែ​ក៏មាន​ការងារ​ខ្លះ​បន្តធ្វើ​ដោយ​រលូន​ផងដែរ​។

​លោក​បញ្ជាក់​ផងដែរ​ថា ទោះបី​មានការ​ប្រឈម​ខ្លាំង​មកលើ​កិច្ចការ​ជួសជុល អភិរក្ស​នៅតាម​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​ជាច្រើន តែ​នៅ​រមណីយដ្ឋាន​អង្គរ​កិច្ចការ​ទាំងនេះ​នៅតែ​បន្ត​ទៅមុខ​។ បន្ថែម​លើ​នេះ លោក​មានប្រសាសន៍​សង្ក​ត់​ធ្ងន់​ថា សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​មាន​ដើរតួរ​នាទី​ស្នូល​សំខាន់​ណាស់​ក្នុងការ​ចូលរួម​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅក្នុង​ផ្នែក​សង្គម និង​ផ្នែក​សេដ្ឋកិច្ច​។​

​លោក​សាស្ដ្រាចារ្យ Azedine BESCHAOUCH លេខាធិការ​វិទ្យាសាស្ដ្រ​អាយ​ស៊ី​ស៊ី​-​អង្គរ មានប្រសាសន៍ថា នេះ​ជា​ឆ្នាំ​ថ្មី​នៃ​ការចាប់ផ្តើម​ការងារ​តាម​ការដ្ឋាន​ឡើងវិញ​របស់​ក្រុម​អ្នកជំនាញការ​អាដហុក ក្រោយ​ខកខាន​២​ឆ្នាំ​មកនេះ​។ លោក​បន្តថា សកម្មភាព​នេះ គឺ​បង្ហាញ​ពី​ការតភ្ជាប់​ឡើងវិញ​នូវ​ប្រពៃណី​ការងារ​ដែល​អ្នកជំនាញ​ការ​ធ្លាប់​បានធ្វើ ដែល​ចុះ​ត្រួតពិនិត្យ​ការងារ​តាម​ការដ្ឋាន​នានា មុន​កិច្ចប្រជុំ​ផ្លូវ​ការចូល​មកដល់​។​

​សូមបញ្ជាក់ថា គណៈកម្មាធិការ​អន្តរជាតិ អាយ​ស៊ី​ស៊ី​-​អង្គរ រៀបចំ​កិច្ចប្រជុំ​ចំនួន​២ ដែល​ទី​១​នៅ​ថ្ងៃទី​២៤ ខែមីនា ជា​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣៥ និង​នៅ​ថ្ងៃទី​២៥ កិច្ចប្រជុំពេញអង្គ​លើក​ទី​២៨៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close