កីឡាករកីឡាការិនីកម្ពុជា-ចិន១០គូនឹងធ្វើឲ្យកក្រើកសង្វៀន «ស្តេចប្រដាល់អង្គរ» នាថ្ងៃទី១០មេសា នៅខេត្តសៀមរាប
កីឡាករ កីឡាការិនីកម្ពុជា-ចិនចំនួន១០គូនឹងធ្វើឲ្យកក្រើកដ៏ទាក់ទាញ នៅលើសង្វៀង ស្តេចប្រដាល់ «ស្តេចប្រដាល់អង្គរ» ឬ Angkor King Fight ដែលគ្រោងនឹងធ្វើឡើង នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ នៅខេត្តសៀមរាប។ នេះបើតាមការប្រកាសឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២២កន្លងទៅ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។ ព្រឹត្តិការណ៍ដ៏ទាក់ទាញនេះត្រូវបានធ្វើឡើងក្រោមកិច្ចសហការរវាង NOCC, សហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិ, សហព័ន្ធកីឡាប្រដាល់គុនខ្មែរ, សហព័ន្ធឃីកបុកស៊ីងកម្ពុជា និងក្លិបប្រដាល់ Loonghai Fight Club។
លោកបណ្ឌិត មាម រ៉ា ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្ដរជាតិ និងជាគណៈកម្មការរៀបចំការប្រកួតមានប្រសាសន៍ថា ព្រឹត្តិការណ៍ដ៏អស្ចារ្យលើកដំបូងលើទឹកដីអង្គរនេះ គឺមាន១០គូ ដែលសម្រិតសម្រាំងសុទ្ធតែកីឡាករ-កីឡាការិនីជើងខ្លាំងចូលរួមប្រកួត។ លោកបណ្ឌិតបានចាត់ទុកការរៀបចំនេះ គឺជាឱកាសដ៏ល្អសម្រាប់កីឡាករកម្ពុជា ក្នុងការវាស់ស្ទង់គុណភាពសមត្ថភាព ត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាម នាខែឧសភា ឆ្នាំ២០២២ ជាពិសេសសម្រួចគោលដៅឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
លោក Guo Yang នាយកក្លិប Longhai Fight Club នៃប្រទេសចិនបានបង្ហាញនូវក្តីរីករាយយ៉ាងខ្លាំង ដែលក្លិបរបស់លោកបានរួមចំណែកសហការក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យដ៏សំខាន់នេះ ដើម្បីរឹតចំណងមិត្តភាព និងសាមគ្គីភាពរវាងប្រទេស-ប្រជាជនទាំងពីរ ក៏ដូចជារួមចំណែកគាំទ្រដល់ក្បាច់គុនបុរាណខ្មែរ។ លោកនាយកសង្ឃឹមថា ក្រោយចប់ព្រឹត្តិការណ៍នេះនឹងមានមនុស្សជាច្រើនបានស្គាល់ពីវប្បធម៌ក្បាច់គុនបុរាណខ្មែរ ហើយធ្វើឲ្យប្រដាល់គុនខ្មែរកាន់តែល្បីល្បាញខ្លាំង ទាំងនៅប្រទេសចិន និងពិភពលោក។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC មានប្រសាសន៍ដែរថា ការប្រកួត «ស្ដេចប្រដាល់អង្គរ» ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី១០ ខែមេសា នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប នឹងប្រើប្រាស់ការប្រកួតតាមបែបប្រដាល់គុនខ្មែរ និងប្រដាល់ឃីកប៊ុកស៊ីង។ ព្រឹត្តិការណ៍នេះទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល ដើម្បីផ្សព្វផ្សាយ និងស្វែងរកការគាំទ្រជាអន្ដរជាតិ សម្រាប់កីឡាអត្តសញ្ញាណជាតិ គឺប្រដាល់គុនខ្មែរ និងយុទ្ធគុនចម្រុះរបស់កម្ពុជា។
ការប្រកួតអន្តរជាតិនេះក៏ជាការផ្សាភ្ជាប់ជាមួយកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ នៅខេត្តសៀមរាប នាពីថ្ងៃទី០៨-១០ ខែមេសាផងដែរ។ ដូច្នេះ នេះគឺជាពេលវេលាមួយសមស្រប ដើម្បីបង្ហាញជូនបណ្ដាប្រទេសអាស៊ាន និងទាក់ទាញការគាំទ្រដល់គុនខ្មែរ ហើយបញ្ជូនប្រតិភូ និងអត្តពលិករបស់គេ មកប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។
ឯកឧត្តម វ៉ាត់ ចំរើន បានជំរុញឲ្យគណៈកម្មការរៀបចំ ពិសេសសហព័ន្ធកីឡាជាតិត្រូវខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យអស់ពីលទ្ធភាព ដើម្បីផ្ដល់យុត្តិធម៌ដល់កីឡាករ-កីឡាការិនីក្នុងការប្រកួត។ រីឯកីឡាករ-កីឡាការិនី ក៏ត្រូវគោរពបទបញ្ជាការប្រកួត និងវិន័យឲ្យបានខ្ពស់ផងដែរ ទោះបីលទ្ធផលឈ្នះ-ចាញ់ក៏ដោយ ដើម្បីវិវឌ្ឍខ្លួនទៅរកលក្ខណៈអាជីព និងត្រៀមឆ្ពោះទៅរកការប្រកួតកីឡា ស៊ីហ្គេម ២០២៣ ដែលជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។