ក្រសួង ស្ថាប័ន​ចំនួន​៨ បើក​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តីព្រាង​ផែនទី​បង្ហាញផ្លូវ​ការអភិវឌ្ឍ និង​ទាក់ទាញ​វិនិយោគ​លើ​វិស័យ​យានយន្ត និង​អេឡិចត្រូនិក

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២២ ឯកឧត្តម សុខ ចិន្ដា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (​ក​.​អ​.​ក​.) បាន​ចូលរួម​កិច្ចប្រជុំ​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ តាម​ប្រព័ន្ធ​អន​ឡាញ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្ដម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ប្រធាន​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។

កិច្ចប្រជុំ​នេះ​ក៏មាន​ការចូលរួម​ផងដែរ​ពី​សំណាក់​លោកជំទាវ Tina Redshaw ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ចក្រភព​អង់គ្លេស​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​, ឯកឧត្ដម លោកជំទាវ លោក លោកស្រី តំណាង​ក្រសួង ស្ថាប័ន​, អ្នកជំនាញការ​នៃ​ក្រុមហ៊ុន​ផ្តល់​សេវា​ប្រឹក្សា Boston Consulting Group (BCG) និង​លេខាធិការដ្ឋាន​ដឹកនាំ និង​សម្របសម្រួល​ការអនុវត្ត​គោលនយោបាយ IDP នៃ ក​.​អ​.​ក​. សរុប​ចំនួន​ប្រមាណ ១២០​រូប​។ កិច្ចប្រជុំ​ពិភាក្សា​នេះ​ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង ពិនិត្យ ពិភាក្សា​លើ​សេចក្តីព្រាង​ផែនទី​បង្ហាញផ្លូវ​ការអភិវឌ្ឍ និង​ទាក់ទាញ​វិនិយោគ​លើ​វិស័យ​យានយន្ត​និង​អេឡិចត្រូនិក និង​តម្រង់ទិស​ការអនុវត្ត​ការងារ​នេះ​បន្ត​។

​សេចក្តីព្រាង​ផែនទី​បង្ហាញផ្លូវ​ទាំងពីរ​នេះ គឺជា​សមិទ្ធផល​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​ក្រុមការងារ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​តំណាង​មកពី​ក្រសួង ស្ថាប័ន​ចំនួន​៨ រួមមាន ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​, ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​, ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​, ក្រសួងពាណិជ្ជកម្ម​, ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​, ក្រសួង​រ៉ែ និង​ថាមពល​, និង​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​, ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​, ក្រោម​ជំនួយ​បច្ចេកទេស​នៃ​កម្មវិធី​ព​ន្លឿ​ន​ការគាំទ្រ​សេដ្ឋកិច្ច​ក្នុងដំណាក់កាល​ជំងឺ​កូ​វីដ​-១៩ (Accelerated COVID-19 Economic Support-ACES) របស់​រាជរដ្ឋាភិបាល​ចក្រភព​អង់គ្លេស ក្នុង​ភាពជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ផ្តល់​សេវា​ប្រឹក្សា BCG ដែល​ត្រូវបាន​ចាប់ផ្តើម​រៀបចំឡើង​ចាប់តាំងពី​ខែកុម្ភៈ ឆ្នាំ​២០២១ កន្លងមក​។ គោលដៅ​សំខាន់​ក្នុងការ​រៀបចំ​ផែនទី​បង្ហាញផ្លូវ​នេះ​ឡើង គឺ​ដើម្បី​កំណត់​តួនាទី និង​តម្រង់ទិស​ការចូលរួម​របស់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង​វិស័យ​ឯកជន ក្នុងការ​អនុវត្ត​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​ជាអាទិ​ភាព ឱ្យមាន​ភាព​ប្រទាក់ក្រឡា​គ្នា ព្រមទាំង​ដើម្បី​បង្ហាញ​ដល់​វិនិយោគិន​នូវ​ឆន្ទៈ​ដ៏​មោះមុត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍ​វិស័យ​យានយន្ត និង​អេឡិចត្រូនិក​។

​សូមជម្រាបថា កាលពី​ថ្ងៃទី​១ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានរៀបចំ​កិច្ចប្រជុំ​ពិភាក្សា​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាង​ផែនទី​បង្ហាញផ្លូវ​ការអភិវឌ្ឍ​វិស័យ​យានយន្ត និង​អេឡិចត្រូនិក​នៅ​កម្ពុជា​នេះ ដោយមាន​ការចូលរួម​ពី​តំណាង​ក្រសួង ស្ថាប័ន ពាក់ព័ន្ធ ក៏ដូចជា​អ្នកវិនិយោគ និង​តួអង្គ​ពាក់ព័ន្ធ​សំខាន់ៗ​ក្នុង​វិស័យ​យានយន្ត និង​អេឡិចត្រូនិក​នៅ​កម្ពុជា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close