អាជ្ញាធរជាតិព្រះវិហារ បន្តសហការលើការសិក្សាស្រាវជ្រាវវិស័យបុរាណវិទ្យា ដោយប្រើប្រាស់ឧបករណ៍ GPR ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ
កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២កន្លងទៅថ្មីៗ អាជ្ញាធរជាតិព្រះវិហារ បានបន្តសហការលើការសិក្សាស្រាវជ្រាវជាមួយស្ថាប័នអន្តរជាតិ ដែលអញ្ជើញមកពីសាកលវិទ្យាល័យប្រ៊ីតធិសកូឡុំប៊ែ ដឹកនាំដោយលោកស្រីបណ្ឌិត Sarah Klassen លើការងារស្រាវជ្រាវវិស័យបុរាណវិទ្យា ដោយប្រើប្រាស់ឧបករណ៍ GPR ដើម្បីស្កេននៅទីតាំងចន្លោះពីប្រាសាទធំដល់អណ្តូងព្រេង ឬរាជវាំងបុរាណ ក្នុងគោលបំណងសិក្សាស្វែងយល់ពីការតាំងទីរបស់មនុស្សនាសម័យបុរាណ និងរចនាសម្ព័ន្ធសំណង់បុរាណមួយចំនួន ដែលកប់បាត់ក្នុងស្រទាប់ដីចាក់បង្គរអស់ជាច្រើនសតវត្ស។
សូមបញ្ជាក់ថា គម្រោងកិច្ចសហការនេះមានរយៈពេល១០ថ្ងៃ ក្នុងការប្រមូលទិន្នន័យនៅទីកន្លែងដែលបានកំណត់ខាងលើ។ លក្ខណៈពិសេសនៃការប្រើប្រាស់ម៉ាស៉ីនស្កេននេះ គឺប្រើប្រាស់រលកវិទ្យុកម្មចាក់ចូលទៅក្នុងដី ដែលអាចឲ្យយើងដឹងនូវរចនាសម្ព័ន្ធគ្រឹះសំណង់ផ្សេងៗកប់ក្នុងដីដោយមិនចាំបាច់ធ្វើការកាយដីចេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។