លោក ហែម គីរី៖ បើវិញ្ញាសាថ្មី «ហែលជើងទា» មានលទ្ធផលល្អនៅស៊ីហ្គេមវៀតណាម នោះជាយុទ្ធសាស្ត្របញ្ជូលក្នុងស៊ីហ្គេមនៅកម្ពុជា
ភ្នំពេញ៖ កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាចំនួន៦នាក់លើផ្នែកវិញ្ញាសា ហែលជើងទា (Fin Swimming) កំពុងត្រូវបានសហព័ន្ធខ្មែរកីឡាហែលទឹកជំរុញការហ្វឹកហាត់បង្កើនគុណភាពបច្ចេកទេស ដើម្បីត្រៀមចូលរួមប្រកួតស៊ីហ្គេម នាខែឧសភា ឆ្នាំ២០២២ នៅប្រទេសវៀតណាម ដោយលោកអគ្គលេខាធិការសហព័ន្ធ លោក ហែម គីរី អះអាងថា នេះជាយុទ្ធស្ត្រថ្មីមួយទៀត ក្នុងការស្វែងរកមេដាយ ហើយប្រសិនបើលទ្ធផលលើកនេះល្អ នោះពេលស៊ីហ្គេម ២០២៣ នៅកម្ពុជា សហព័ន្ធនឹងដាក់បញ្ជូលវិញ្ញាសាថ្មីនេះ។
លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹកគូសបញ្ជាក់ថា ក្រុមកីឡាករ កីឡាការិនីកំពុងបង្កើនការហ្វឹកហាត់លើវិញ្ញាសា ហែលជើងទា (Fin Swimming) ដើម្បីត្រៀមលក្ខណៈចូលរួមប្រកួតប្រជែងកីឡា ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ពីថ្ងៃទី១២-២៣ ខែឧសភា ឆ្នាំ២០២២។ តាមរយៈវិញ្ញាសាថ្មីនេះ គឺជាគោលដៅយុទ្ធសាស្ត្រថ្មីមួយទៀត ក្នុងការសំឡឹងស្វែងរកមេដាយ ក្នុងការប្រកួតហ្គេមដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍ រៀងរាល់២ឆ្នាំម្តងនេះ។
លោកអគ្គលេខាធិការបន្ថែមថា តាមពិតវិញ្ញាសា ហែលជើងទានេះមិនខុសគ្នាប៉ុន្មានទេពីវិញ្ញាសាហែលទឹក ដោយគ្រាន់តែប្រើប្រាស់សម្ភារជើងទា ឬកន្ទុយត្រី ក្នុងការប្រកួត។ «នេះជាអ្វីដែលយើងកំពុងគិតគូផងដែរ ប្រសិនបើលទ្ធផលល្អ ក្នុងស៊ីហ្គេម ២០២២ នៅវៀតណាម នោះយើងនឹងរៀបចំជាយុទ្ធសាស្ត្រនូវវិញ្ញាសាថ្មីនេះដាក់បញ្ជូលក្នុងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្នុងឋានៈកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រផងដែរ»។
លោក ហែមថុន ពន្លឺ គ្រូបង្វឹកជម្រើសជាតិហែលទឹក ផ្នែកវិញ្ញាសាហែលជើងទានេះបញ្ជាក់ដែរថា ការហ្វឹកហាត់ត្រៀមនេះត្រូវបានធ្វើឡើងពីរពេល ក្នុង១ថ្ងៃៗ ដោយពេលព្រឹក៣ម៉ោង និងពេលល្ងាច៣ម៉ោង។ លក្ខណៈបច្ចេកទេសនៃហែលជើងទានេះត្រូវបានបែងចែកជាពីរ គឺ Bi Fin ដោយត្រូវហែលតាមរបៀបសេរីនិងបំពាក់បំពង់ដកដង្ហើមមិនអនុញ្ញាតឲ្យងើបមុខទេ។ ចំណែកឯវិញ្ញាសា Surface ត្រូវបំពាក់ជើងទាធំ (ដូចកន្ទុយត្រី) ដោយគោះជើង និងប្រើបំពង់ដកដង្ហើមដូចគ្នា។
សម្រាប់សមាសភាពកីឡាករ កីឡាការិនីហែលជើងទានេះ មានចំនួន៦នាក់ គឺកីឡាករ៤នាក់ លឹម កែវ ឧត្តម លឹម សុខវឌ្ឍន៍នន្ទ ទួន ទិត្យសត្យា និងឆោម ច័ន្ទថុន និងកីឡាការិនី២នាក់ គឺកាំង ម៉ុយនីន និងឃឺន ប៊ុនពេជ្រមរកត។
គួរបញ្ជាក់ថា វិញ្ញាសាសរុបចំនួន១២ ដែលកម្ពុជានឹងចូលរួមប្រកួតនេះ ដូចជា វិញ្ញាសា ១០០ម៉ែត្រ Bi Fin (បុរស-នារី), ៥០ម៉ែត្រ Surface (បុរស-នារី), ១០០ម៉ែត្រ Surface (បុរស-នារី), ៨០០ម៉ែត្រ Surface (នារី), ១៥០០ម៉ែត្រ Surface (បុរស), បណ្តាក់៤ដង១០០ម៉ែត្រ Surface (បុរស-នារី), បណ្តាក់៤ដង ២០០ម៉ែត្រ Surface (បុរស-នារី) និងបណ្តាក់៤ដងចម្រុះ ១០០ម៉ែត្រ Bi-fin៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។