ត្រីមាស​ទី​១ ឆ្នាំនេះ​! វិស័យ​កាត់ដេរ​នៅ​កម្ពុជា រក្សារ​បាន​កំណើន​នៃ​ការនាំចេញ ក្នុង​អត្រា ២៥% ជាមួយ​ទឹកប្រាក់ ៣ ១៥៥​លាន​ដុល្លារ​

​ភ្នំពេញ​៖ នា​រសៀល​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២២ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានទទួល​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ដើម្បី​បន្ត​ជំរុញ​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ​សម្លៀកបំពាក់ ផលិត​ស្បែកជើង ផលិតផល​ធ្វើដំណើរ និង​កាបូប​នៅ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត​។​

​ជា​កិច្ច​ចាប់ផ្តើម ឯកឧត្តម​រដ្ឋមន្ដ្រី បាន​សម្តែង​ការស្វាគមន៍​យ៉ាង​កក់ក្តៅ និង​បាន​សម្ដែង​ការអបអរសាទរ ចំពោះ​លោក​ឧកញ៉ា គង់ សាង និង​សហការី ដែល​ត្រូវបាន​បោះឆ្នោត​ជ្រើសតាំង​ជា ប្រធាន អនុប្រធាន ព្រមទាំង​សមាជិក​គណៈកម្មការ​ប្រតិបត្តិ នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) សម្រាប់​អាណត្តិ​ថ្មី ឆ្នាំ​២០២២-២០២៣​។​

​ឆ្លៀត​ក្នុងឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជម្រាបជូន​ពី​កិច្ចសហការ​យ៉ាង​ល្អ​រវាង​ក្រសួងពាណិជ្ជកម្ម និង GMAC នាពេល​កន្លងមក ព្រមទាំង​បានបញ្ជាក់​ថា GMAC ជា​ដៃគូ​ដ៏​សំខាន់​របស់​ក្រសួងពាណិជ្ជកម្ម ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ​សម្លៀកបំពាក់ ផលិត​ស្បែកជើង ផលិតផល​ធ្វើដំណើរ​និង​កាបូប​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បន្តថា GMAC បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ជាមួយ​រាជរដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍​ដទៃទៀត ក្នុងការ​ចរចា​បើក​ទីផ្សារ​បន្ថែម ក៏ដូចជា​ការកសាង​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិស័យ​កាត់ដេរ ផលិត​ស្បែកជើង ផលិតផល​ធ្វើដំណើរ​និង​កាបូប​កម្ពុជា ឆ្នាំ​២០២២-២០២៧ ដើម្បី​ធានាបាន​នូវ​ការអភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព និង​ប្រែក្លាយ​វិស័យនេះ ទៅជា​ឧស្សាហកម្ម​ដែលមាន​ចីរភាព​ផ្នែក​បរិស្ថាន មាន​ភាព​ធន់​និង​តម្លៃបន្ថែម​ច្រើន ព្រមទាំង​មាន​ភាព​ប្រកួតប្រជែង​ខ្ពស់ ក្នុង​តំបន់​ដ៏​ដូចជា​ពិភពលោក​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បន្ថែមថា ក្រសួងពាណិជ្ជកម្ម​បាន​ជួយ​សម្រួល​យ៉ាងច្រើន​ដល់​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា តាមរយៈ​ការធ្វើកំណែទម្រង់​ការផ្តល់​សេវាសាធារណៈ និង​ការដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ក្នុង​ការផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់​ដើមកំណើត​ទំនិញ ការចុះបញ្ជី​ក្រុមហ៊ុន ព្រមទាំង​ការចុះបញ្ជី​ម៉ាក ឱ្យ​កាន់​តែមាន​ភាពងាយស្រួល មាន​តម្លាភាព និង​ប្រសិទ្ធភាព​ខ្ពស់​។
​ព្រម​ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម​បាន​ដឹកនាំ​ចរចា​របើក​ទីផ្សារ​បន្ថែមទៀត រួមមាន​៖ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​តំបន់ និង​ដៃគូ​សេដ្ឋកិច្ច (ATIGA, ASEAN+ និង RCEP ) និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី កម្ពុជា​-​ចិន (CCFTA) និង​កម្ពុជា​-​កូរ៉េ (CKFTA) ជាដើម​។ ជាងនេះទៅទៀត ក្រសួង​បាននិងកំពុង​សិក្សា​លទ្ធភាព​ក្នុង​ការចរចា​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ថ្មីៗ បន្ថែមទៀត ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​សំខាន់ៗ ផងដែរ​។​

​ជាមួយគ្នានេះ លោក​ឧកញ៉ា គង់ សាង ប្រធាន​សមាគមន​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បាន​ថ្លែងអំណរគុណ​ចំពោះ ឯកឧត្តម​រដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​ក្រសួងពាណិជ្ជកម្ម ដែល​បាន​ផ្តល់ឱកាស​ឱ្យ លោក​ឧកញ៉ា និង​សហការី ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ព្រមទាំង​បាន​ថ្លែងអំណរគុណ​ដល់​ក្រសួងពាណិជ្ជកម្ម​ដែល​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​កិច្ច​សម្រួល​ពាណិជ្ជកម្ម ជំរុញ​ពាណិជ្ជកម្ម និង​ពង្រីក​ទីផ្សារ​បន្ថែម​។​

​លោក​ឧកញ៉ា​បាន​កត់សម្គាល់ថា ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២២​នេះ វិស័យ​កាត់ដេរ​នៅ​រក្សាបាន​កំណើន​នៃ​ការនាំចេញ​ក្នុង​អត្រា ២៥% ជាមួយ​ទឹកប្រាក់​ចំនួន ៣ ១៥៥​លាន​ដុល្លារ ក្នុងនោះ សម្លៀកបំពាក់​មាន​ចំនួន ២ ១៣៧​លាន​ដុល្លារ (​កំណើន ២០%) ស្បែកជើង ៤២១ លាន​ដុល្លារ (​កំណើន ៣៣%) និង​ផលិតផល​ធ្វើដំណើរ​និង​កាបូប​មាន​ចំនួន ៤៦៨​លាន​ដុល្លារ (​កំណើន ៤៦%) ហើយ​ផលិតផល​វាយ​ន​ភណ្ឌ​ផ្សេងៗ​ទៀត​មាន​ចំនួន ១២៨​លាន​ដុល្លារ (​កំណើន ១១%)​។​

​នៅ​កិច្ចបញ្ចប់ ឯកឧត្តម​រដ្ឋមន្ត្រី និង​លោក​ឧកញ៉ា គង់ សាង បាន​សម្តែង​នូវ​ការប្តេជ្ញាចិត្ត បន្ត​កិច្ចសហការ​ល្អប្រសើរ​នេះ ដើម្បី​ចូលរួម​អភិវឌ្ឍ និង​ប្រែក្លាយ​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ​សម្លៀកបំពាក់ ផលិត​ស្បែកជើង ផលិតផល​ធ្វើដំណើរ​និង​កាបូប​នៅ​កម្ពុជា ឱ្យក្លាយ​ទៅជា «​មជ្ឈមណ្ឌល​ឧត្តមភាព​នៃ​ឧស្សាហកម្ម​កាត់ដេរ​នៅ​អាស៊ីអាគ្នេយ៍ (Centre of Excellence of Garment Industry in South-East Asia)» ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close