សម្តេច​តេ​ជោ ហ៊ុន សែន​៖ រាជរដ្ឋាភិបាល​តែងតែ​ផ្តល់​លទ្ធភាព​ទីមួយ លើ​ការអភិវឌ្ឍ​ធនធានមនុស្ស​ដើម្បី​លើកស្ទួយ និង​អភិវឌ្ឍ​វិស័យ​អប់រំ​នៅ​កម្ពុជា​

ភ្នំពេញ​៖ ថ្លែង​ក្នុងឱកាស​នៃ​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​អប់រំ យុវជន និង​កីឡា ឆ្នាំ​សិក្សា ២០២០-២០២១ និង​លើក​ទិសដៅ​ឆ្នាំ​សិក្សា ២០២១-២០២២ កាលពី​រសៀល​ថ្ងៃទី​២៧ មេសា ម្សិលមិញ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍ថា “​រាជរដ្ឋាភិបាល​តែងតែ​ផ្តល់​លទ្ធភាព​ទីមួយ លើ​ការអភិវឌ្ឍ​ធនធានមនុស្ស​ដើម្បី​លើកស្ទួយ និង​អភិវឌ្ឍ​វិស័យ​អប់រំ​នៅ​កម្ពុជា​”​។

​ក្នុងឱកាស​នោះដែរ សម្តេច​បាន​កោតសរសើ​រ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​អង្គសន្និបាត​ដែល​ទទួលបាន​សមិទ្ធិផល​ជា​មោទន​លើ​ការងារ​អប់រំ ការអភិវឌ្ឍ​យុវជន ការអប់រំ​កាយ និង​កីឡា ជាមួយនឹង​កម្មវិធី​កែទម្រង់​អប់រំ​ស៊ីជម្រៅ​៨​ចំណុច​ស្របតាម​បរិការណ៍​ថ្មី​នៃ​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​ទាំង​ក្នុង​តំបន់ និង​ពិភពលោក​។

​សម្តេច​មាន​មោទនភាព​ចំពោះ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រោម​ការដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ដែល​បានធ្វើ​កិច្ចសហការ​យ៉ាង​ជិតស្និត​ចំពោះ​ថ្នាក់ដឹកនាំ បុគ្គលិក​អប់រំ​គ្រប់លំដាប់​ថ្នាក់ លោកគ្រូ អ្នកគ្រូ មាតាបិតា សហគមន៍ និង​អាជ្ញាធរ​ដែនដី​ក្នុងការ​ស្តារ និង​អភិវឌ្ឍ​វិស័យ​អប់រំ ឱ្យមាន​ការរីកចម្រើន​ស្របតាម​តួនាទី និង​ភារកិច្ច​រៀងៗ​ខ្លួន​ជាមួយនឹង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។​

​ក្នុងឱកាស​នៃ​ពិធី​បិទ​សន្និបាត​នេះ សម្តេច​តេ​ជោ បានផ្តល់​អនុសាសន៍​សំ​ខាន់ៗ​ចំនួន​៦​ចំណុច​សម្រាប់​អនុវត្ត​បន្ត​ដូចជា​៖
១.​បន្ត​ពង្រឹង​ប្រព័ន្ធ​អប់រំ​ឱ្យមាន​ភាព​ធន់ បុ​រេ​សកម្ម​ឆ្លើយតប​ទៅនឹង​បរិការណ៍​ជាតិ​-​អន្តរជាតិ​
២. កសាង និង​អភិវឌ្ឍ​ប្រព័ន្ធ​អប់រំ​តាមរយៈ​ការធានា​ភាពជា​អ្នកដឹកនាំ និង​ការគ្រប់គ្រង​របស់​មន្ត្រី​អប់រំ​គ្រប់​លំដាប់ថ្នាក់
៣. បន្ត​អភិវឌ្ឍ​ការអប់រំ​ឌីជីថល​សម្រាប់​ការបណ្តុះបណ្តាល ធនធានមនុស្ស ក្នុង​បរិការណ៍​បរិវត្ត​កម្ម​សង្គម និង​សេដ្ឋកិច្ច​ឌីជីថល
៤. បន្ត​អនុវត្ត​ឱ្យ​កាន់តែ​សកម្ម​លើ​ការងារ​កាយ​រឹទ្ធ និង​យុវជន ដោយ​ប្រកាន់ខ្ជាប់​នូវ​ទង្វើ​វិជ្ជមាន​ក្នុងសង្គម
៥. បន្ត​ត្រៀមលក្ខណៈ​ឱ្យបាន​ពេញលេញ ដើម្បី​ធ្វើជា​ម្ចាស់ផ្ទះ​ប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ ២០២៣ ដោយ​សហការ​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ
៦. បន្ត​លើកកម្ពស់​សុខភាព​អនាម័យ​នៅតាម​គ្រឹះស្ថានសិក្សា ដោយ​បន្ត​អនុវត្ត​អភិក្រម “៣​កុំ និង​៣​ការពារ​” ហើយ​ចូលរួម​ទប់ស្កាត់​ការឆ្លង​ចូល​គ្រឹះស្ថានសិក្សា រួមទាំង​បង្កើន​ការអប់រំ​អំពី​សុវត្ថិភាព​សុខភាព​សិក្សា ការរក្សា​គម្លាត​សុវត្ថិភាព និង​សុវត្ថិភាព ចំណីអាហារ​ដល់​បុគ្គលិក​អប់រំ និង​សិស្សានុសិស្ស ។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក​ក្រសួង​អប់រំ ព្រមទាំង​លោកគ្រូ អ្នកគ្រូ ដែល​មិន​ត្រឹមតែ​ប្រឹងប្រែង​ការពារ​ខ្លួនឯង​ពី​ជំងឺ​កូ​វីដ​១៩​ប៉ុណ្ណោះ​ទេ តែ​បាន​ជួយ​អប់រំ​ដល់​សិស្ស​ឱ្យ​ចូលរួម​អនុវត្តន៍​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ និង​ការចូលរួម​ចាក់​វ៉ាក់សាំង និង​បាន​បាន​ណែនាំ​ឱ្យ​លោកគ្រូ អ្នកគ្រូ យកចិត្តទុកដាក់​តាម​ដាន​ឱ្យ​ជាប់​លើ​ស្ថានភាព​ជំងឺ​កូ​វីដ​១៩ នៅតាម​គ្រឹះស្ថានសិក្សា​។ សម្តេច​តេ​ជោ ហ៊ុន សែន បានសម្រេច​ជ្រើស​យក​ថ្ងៃទី​៣ ខែឧសភា ជួប​សិស្ស​និទ្ទេស A ដែលមាន​ជាង ១​ពាន់​នាក់​។​

​សូមជម្រាបថា សន្និបាត​បូកសរុប​លទ្ធផល​ការងារ​អប់រំ ត្រូវបាន​ប្រារព្ធ​ឡើង​ចាប់ពី​ថ្ងៃទី​២៥-២៧ ខែមេសា ឆ្នាំ​២០២២ ក្នុង​គោលបំណង​ពិនិត្យ​វឌ្ឍនភាព​នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ យុទ្ធសាស្ត្រ​កំណែទម្រង់​វិស័យ​អប់រំ ការអនុវត្ត​ការងារ​ប្រចាំឆ្នាំ​ធៀប​នឹង​ទិសដៅ​ដែល​បាន​ដាក់ចេញ​ក្នុង​សន្និបាត​កន្លងមក ការអនុវត្ត​ផែនការ​ប្រតិបត្តិ​ប្រចាំឆ្នាំ​។ សន្និបាត​អប់រំ បានផ្តល់​កាលានុវត្តភាព​សម្រាប់​ក្រសួង​អប់រំ យុវជន និង​កីឡា បុគ្គលិក​អប់រំ​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ ក្រសួង​ពាក់ព័ន្ធ វិស័យ​ឯកជន និង​ដៃគូ​អភិវឌ្ឍ​នានា ពិភាក្សា​អំពី​ការបំពេញ​ការងារ កំណត់​ពី​បញ្ហា​ប្រឈម​ជាក់លាក់​សម្រាប់​ឆ្នាំ​ខាងមុខ និង​ឯកភាព​លើ​សកម្មភាព​ចាំបាច់​មួយ​ចំនួន​។ លទ្ធផល​សន្និបាត​អប់រំ នឹង​ផ្តល់​ជា​ធាតុ​ចូល​ដ៏​មាន​សារសំខាន់​សម្រាប់​កែលម្អ​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា ផែនការ​វិនិយោគសាធារណៈ ផែនការ​ប្រតិបត្តិ​ប្រចាំឆ្នាំ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close