ក្រសួងបរិស្ថាន៖ យើងរួមគ្នាការពារសត្វព្រៃកម្ពុជា ដែលមានតម្លៃវិសេសវិសាលជាសកល!
ក្រុមអ្នកជំនាញស្រាវជ្រាវសត្វព្រៃនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីនៃក្រសួងបរិស្ថាន និងអង្គការWWF មានក្តីរំភើបជាខ្លាំងខណៈដែលពួកគេបានផ្តល់សេចក្តីរាយការណ៍ពីលទ្ធផលនៃការតាមដានសត្វព្រៃនៅក្នុងតំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើតត្រឹមខែមេសានេះ ដោយបានបញ្ជាក់ពីវត្តមានរបស់សត្វខ្លារខិនញី១ក្បាលតាមរយៈរូបថតដ៏កម្រដែលថតដោយម៉ាស៊ីនថតស្វ័យប្រវត្តិ។ លទ្ធផលនៃការតាមដានសត្វព្រៃក៏បានបង្ហាញផងដែរពីវត្តមាននៃពពួកសត្វក្រចកជើងចំពាមរួមមានសត្វប្រើសដែលជាប្រភេទសត្វកម្រ សត្វជ្រូកព្រៃ សត្វឈ្លូស ក៏ដូចជាសត្វស្លាប និងស្វាក្តាមផងដែរ។
សត្វខ្លារខិន ត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត ហើយចំនួនវាត្រូវបានបាត់បង់ពីទីជម្រកដែលវាធ្លាប់រស់នៅនៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ តំបន់ព្រៃទេសភាពខ្ពង់រាបភាគក្នុងប្រទេសកម្ពុជាគឺជាទីជម្រកចុងក្រោយសម្រាប់ប្រភេទសត្វខ្លារខិននេះដែលអ្នកវិទ្យាសាស្ត្រជឿថានៅសេសសល់ចំនួនតិចតួចបំផុត។ បើទោះជាយ៉ាងនេះក្តី សត្វមំសាសីដ៏កម្របំផុតមួយប្រភេទនេះកំពុងបន្តទទួលរងការគំរាមកំហែងនឹងការផុតពូជដោយសារវិបត្តិអន្ទាក់ដែលបានរាលដាលឡើងដោយការជួញដូរសត្វព្រៃខុសច្បាប់។
សត្វខ្លារខិន អាចប្រឈមមុខនឹងជោគវាសនាដូចគ្នានឹងសត្វខ្លាធំដែលបានផុតពូជទៅហើយ ដោយហេតុថាចំនួននៅសេសសល់ដ៏តិចតួចបំផុតរបស់វានៅក្នុងប្រទេសកម្ពុជាកំពុងប្រឈមនឹងហានិភ័យខ្ពស់នៃការជាប់អន្ទាក់ដែលបានលាក់បង្កប់ខ្លួនយ៉ាងស្ងៀមស្ងាប់នៅក្នុងជម្រកព្រៃហើយរង់ចាំស្ទាក់ចាប់ និងសំលាប់សត្វគ្រប់ប្រភេទទាំងអស់រួមទាំងសត្វខ្លារខិន សត្វក្រចកជើងចំពាម និងសត្វព្រៃផ្សេងៗទៀតដោយមិនរើសមុខឡើយ។
ដើម្បីដោះស្រាយវិបត្តិនេះ តួអង្គសំខាន់ៗនៃស្ថាប័នរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធ និងអង្គការអន្តរជាតិជាដៃគូក្នុងវិស័យបរិស្ថានបានបើកយុទ្ធនាការ«អន្ទាក់-សូន្យក្នុងតំបន់ការពារធម្មជាតិកម្ពុជា»កាលពីដើមខែមីនាឆ្នាំ២០២២កន្លងទៅនេះ ដោយបានប្តេជ្ញាចិត្តរួមគ្នាបញ្ចប់វិបត្តិអន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់ ដើម្បីការពារអនាគតប្រជាជន និងការរស់រានរបស់សត្វព្រៃកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។