ភ្ញៀវទេសចរ ដែល​ទៅដល់​ស្ទឹងត្រែង​មិនសូវ​រំលង «​ស្ដូប​បុរី​អូរ​ស្វាយ​» មាន​អាយុកាល​ជិត​៦០​ឆ្នាំ​

​ខេត្តស្ទឹងត្រែង​៖ ស្តូប​អនុស្សាវរីយ៍​បុរី​អូរ​ស្វាយ បានក្លាយ​ជាទី​ទាក់ទាញ​គួរឱ្យកត់សម្គាល់​សម្រាប់​ភ្ញៀវទេសចរ​ដែល​ទៅ​កម្សាន្ត​នៅ​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង ខណៈ​ទី​ស្តូប​ប្រវត្តិសាស្ត្រ​នេះ​មាន​អាយុកាល​ជិត​៦០​ឆ្នាំ​មកហើយ ពោលគឺ​តាំងពី​សម័យ​ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ​សម្ដេចព្រះ​នរោត្តម សីហនុ ព្រះវររាជបិតា​ជាតិខ្មែរ​។​

​ក្នុងពេល​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​សិក្សា​របស់​ក្រុម​អ្នកសារព័ត៌មាន ដែល​បាន​ទៅដល់​បុរី​អូរ​ស្វាយ​នា​ដើម​សប្ដាហ៍​នេះ លោក លី មីនា អភិបាលស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ដោយសារ​ស្ដូប​អនុស្សាវរីយ៍​នេះ​ជាទី​តាំង​ប្រវត្តិសាស្ត្រ ទើប​មាន​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​តែង​ចាប់អារម្មណ៍​មក​កម្សាន្ត ថតរូប សិក្សា​ពី​ប្រវត្តិ​នៃ​ការកសាង ឯ​អ្នកខ្លះ​ក៏​មក​បន់ស្រន់ ព្រោះ​មាន​រាន​ព្រះ​ភូមិ​នៅ​ជិត​ដើម​ពោធិ៍​ដ៏​ធំ​មួយ​ដើម​នៅក្បែរ​នោះដែរ ពិសេស​គឺ​ពេល​ភ្ញៀវទេសចរ​ឆ្លងកាត់​ទៅលេង​កម្សាន្ត​នៅតាម​កោះ​នានា តាមរយៈ​សហគមន៍​អេកូ​ទេសចរណ៍​បុរី​អូរ​ស្វាយ​។​

​លោក​អភិបាលស្រុក លី មីនា បាន​បន្តថា ស្ដូប​អនុស្សាវរីយ៍​បុរី​អូរ​ស្វាយ​នេះ​ត្រូវបាន​សាងសង់ឡើង​នៅ​ឆ្នាំ​១៩៦៣​ដល់​ឆ្នាំ​១៩៦៧ ក្រោម​ស្នា​ព្រះហស្ដ​ព្រះ​បរម​រតន​កោដ្ឋ ក្នុង​ព្រះរាជបំណង​ការពារ​បូរណភាព​ទឹកដី​នា​ភាគ​ខាងជើង​ជាប់​នឹង​ប្រទេស​ឡាវ ក្នុងនោះ​មានមុខ​៤​បែរមុខ​ទៅកាន់​ទិស​ធំៗ​ទាំង​៤ រំលេច​នូវ​ព្រះ​ឆាយា​លក្ខណ៍​ក្នុង​វេលា​ដែល​ព្រះអង្គ​ឡើង​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ​លើក​ទី​១ ព្រះរាជ​សកម្មភាព​នៃ​ការបំពេញ​ព្រះរាជ​បូជនីយកិច្ច​កសាង​ហេ​ដ្ឋា​រចនា​សម្ពន្ធ​នៅ​បុរី​អូរ​ស្វាយ​នេះ​ស្រាប់ ព្រះរាជ​សកម្មភាព​កីឡា​ជាដើម​។​

​លោក​អភិបាលស្រុក​ទើប​បង្កើត​ថ្មី​មួយ​នេះ បាន​បន្តទៀតថា ក្នុងពេលនោះ ព្រះ​បរម​រតន​កោដ្ឋ​មាន​គោលនយោបាយ​បែងចែក​ដីធ្លី​ជូន​ប្រជាជន​ដែល​ស្ម័គ្រចិត្ត​មក​រស់​នៅលើ​តំបន់​នោះ និង​បាន​បង្កើតជា​តំបន់​និគមជន ឬ​ទីប្រជុំជន​ធំ​មួយ​ហៅថា «​បុរី​អូរ​ស្វាយ​» នេះឯង ក្នុងនោះ​ព្រះអង្គ​បានរៀបចំ​កសាង​ប្រព័ន្ធ​ហេ​ដ្ឋ​រចនា​សម្ពន្ធ ពិសេស​គឺ​បាន​បង្កើតជា «​សួនច្បារ​» និង​ស្ដូប​អនុស្សាវរីយ៍​នេះ​ផងដែរ​។​

​ផែនទី​នគរូបនីយកម្ម​នៃ​ទីប្រជុំជន​នោះ​នៅមាន​នៅឡើយ ប៉ុន្តែ​ដោយសារ​ប្រទេស​កម្ពុជា​ជួប​បញ្ហា​សង្គ្រាម​ចាប់ពី​ឆ្នាំ​១៩៧០ ការកសាង​ទីប្រជុំជន​ដ៏​សំខាន់​នោះ​ក៏ត្រូវ​អាក់ខាន​។ សម័យ​ព្រះ​បរម​រតន​កោដ្ឋ សួនច្បារ​នេះ​មាន​ទំហំ​ធំ​នៅ​មាត់ទន្លេ​មេគង្គ ប៉ុន្តែ​ដោយសារ​ដី​បាក់​អស់​ខ្លះ​ក៏​នៅសល់​តូច​ជាង​មុន​។ នេះ​បើតាម​ការបន្ថែម​របស់​លោក​អភិបាលស្រុក​។​

​ប្រជាជន និង​ភ្ញៀវទេសចរ​ពិតជា​មានការ​ចាប់អារម្មណ៍​ច្រើន​ចំពោះ​ស្ដូប​អនុស្សាវរីយ៍​បុរី​អូរ​ស្វាយ​នេះ ប៉ុន្តែ​ទន្ទឹមនឹងនោះ​ពួកគេ​ក៏​ចង់ឱ្យ​អាជ្ញាធរ​មូលដ្ឋាន ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​រៀបចំ​កែលម្អ​បន្ថែម​នៅ​ទីតាំង​ស្ដូប​អនុស្សាវរីយ៍ ក៏ដូចជា​អតីត​សួនច្បារ​សម័យ​ព្រះ​បរម​រតន​កោដ្ឋ ខណៈ​បច្ចុប្បន្ន​ទីនោះ​ឃើញ​មាន​ដើម​ទន្ទ្រានខេត្ត​ដុះ​ជុំវិញ ហើយ​មាន​គោក្របី​ឆ្លងកាត់ រួមទាំង​សំរាម​ផ្លា​ស្ទិ​ក​ខ្លះៗ​ផងដែរ​។​

​ត្រង់ចំណុច​នេះ លោក​អភិបាលស្រុក​បានបញ្ជាក់​ដែរ​ថា ជារឿយៗ​អាជ្ញាធរ​ឃុំ​/​ស្រុក​តែង​បាន​សម្អាត​បរិស្ថាន រើស​សំរាម ថែរក្សា​សោភ័ណភាព​ដែរ ប៉ុន្តែ​ចំពោះ​ការកែលម្អ​លើក​តម្លៃ​សោភ័ណភាព​បន្ថែម​នោះ គឺ​ស្ថិតនៅក្រោម​សមត្ថកិច្ច​របស់​ក្រសួងព្រះបរមរាជវាំង​។

​លោក​ថា នៅ​ឆ្នាំ​២០១៩ រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង សម្ដេចចៅហ្វា​វាំង គង់ សំអុល ក៏​បានមក​ទស្សនកិច្ច​នៅទីនេះ ដោយមាន​លើក​អំពី​គម្រោង​កែលម្អ​សោភ័ណភាព​សួនច្បារ និង​ស្ដូប​អនុស្សាវរីយ៍​បុរី​អូរ​ស្វាយ​នេះ​ឱ្យ​កាន់​ប្រសើរឡើង​ផងដែរ ប៉ុន្តែ​ដោយសារ​បញ្ហា​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ចាប់ពីពេលនោះ​មក​ក៏​មិនទាន់​អនុវត្ត​គម្រោង​នេះ​បាន​។​

​លោក​អភិបាលស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ រំពឹងថា ការកែលម្អ​លើក​តម្លៃ​សោភ័ណភាព​សួនច្បារ និង​ស្ដូប​អនុស្សាវរីយ៍​បន្ថែម​នេះ​នឹង​ចាប់​អនុវត្ត​ក្នុងពេល​ឆាប់ៗ​ខាងមុខ ដើម្បី​បង្កើន​ការទាក់ទាញ​ភ្ញៀវទេសចរ​បន្ថែមទៀត ខណៈដែល​រដ្ឋបាល​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​ក៏​កំពុង​ខិតខំ​កសាង​អភិវឌ្ឍ​ទីប្រជុំជន​ស្រុក​ជា​បណ្ដើរៗ​ផងដែរ​។​

​សូមជម្រាបថា ស្រុក​បុរី​អូរ​ស្វាយ​សែន ជា​ស្រុក​ទើប​បង្កើត​ថ្មី​នៅ​ឆ្នាំ​២០២២ ដោយ​បំបែក​ចេញពី​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ (​ធា​រាប​វ៌្វ​ត​) នៃ​ខេត្តស្ទឹងត្រែង ដែលមាន​ព្រំប្រទល់​ជាប់​ជាមួយ​ប្រទេស​ឡាវ (​ខេត្ត​ចម្ប៉ា​ស័ក​) ប្រមាណ​ជិត​១០០​គីឡូម៉ែត្រ ចាប់ពី​បង្គោល​ព្រំដែន​លេខ​១០៩​ដល់​លេខ​១៣៧ ពោលគឺ​ចាប់ពី​ស្រុក​ឆែប ខេត្តព្រះវិហារ រហូតដល់​ស្រុក​សៀម​ប៉ាង ខេត្តរតនគិរី​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close