កសិករដាំកាហ្វេនៅខេត្តមណ្ឌលគិរីលែងបារម្ភពីតម្លៃ ក្រោយក្រុមហ៊ុនមួយចូលទៅប្រមូលទិញ
កសិករដែលធ្វើការដាំដុះដំណាំកាហ្វេនៅខេត្តមណ្ឌលគិរី លែងព្រួយបារម្ភលើតម្លៃលក់ លើកចេញទៀតហើយ ខណៈដែលសព្វថ្ងៃមានក្រុមហ៊ុនមួយបានចុះមកទទួលទិញទិន្នផល កាហ្វេបញ្ជួនទៅក្រៅប្រទេស ដោយផ្តល់ជូននូវតម្លៃសមរម្យដល់កសិករ។
លោក រ៉ូយ ទើប ដែលមានដំណាំកាហ្វេប្រមាណ៨ហិកតានៅភូមិពូចារ ឃុំប៊ូស្រា ស្រុកពេជ្រាដា បានថ្លែងថា តម្លៃកាហ្វេកាលពី ឆ្នាំ២០១៧បានត្រឹម ៦ពាន់រៀលទៅ៧ពាន់រៀលប៉ុណ្ណោះ តែនៅឆ្នាំនេះគាត់អាចលក់បានតម្លៃមួយគីឡូក្រាមរហូតដល់១ម៉ឺនរៀល ចំពោះគ្រាប់កាហ្វេស្ងួត ឯគ្រាប់កាហ្វេស្រស់វិញ ក្នុងមួយគីឡូក្រាមតម្លៃ៤ពាន់រៀល ដែលបានធ្វើឱ្យគាត់រួមនឹងកសិករដទៃទៀត ទទួលបានផលចំណេញច្រើនពីដំណាំនេះ។ ចំណែកទិន្នផលដែលទទួលបាន គឺមួយហិកតា បានគ្រាប់កាហ្វេស្រល់ប្រមាណ៧ទៅ៨តោន បើហាលស្ងួតអាចនៅសល់ត្រឹម៤ទៅ៥តោន។
តំណាងក្រុមហ៊ុន Coffe Timor ប្រចាំខេត្តមណ្ឌលគិរីលោក យស ចាន់ថា បានឱ្យដឹង ថា ក្រុមការងាររបស់លោកបាននឹងកំពុងបង្កើនសកម្មភាពចុះបង្រៀន នឹងជួយផ្តល់ជា ដើមទុនសម្រាប់បងប្អូនប្រជាកសិករដាំដំណាំកាហ្វេ បែបធម្មជាតិដើម្បីអាចនាំចេញទៅ ក្រៅប្រទេស ហើយទទួលបានតម្លៃថ្លៃ។
លោក យស ចាន់ថា បានបញ្ជាក់ថា ក្រុមការងាររបស់លោក បានចុះធ្វើសកម្មភាព ជួយដល់ប្រជាកសិករដាំកាហ្វេ នៅស្រុកពេជ្រាដារយៈពេល២ឆ្នាំមកហើយ ដោយបានផ្តល់ជាបច្ចេកទេស ឧបករណ៍ប្រើប្រាស់ដើមទុន រួមនឹងទទួលទិញគ្រាប់កាហ្វេ ពីកសិករក្នុងតម្លៃខ្ពស់ជាងទីផ្សារធម្មតា។ តែបានតម្លៃថ្លៃសម្រាប់តែគ្រាប់កាហ្វេដែលដាំដោយ ប្រើជីកសិកម្មគ្មានគីមីប៉ុណ្ណោះ។
ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី លោក សុង ឃាង បានឱ្យដឹងថា «សព្វថ្ងៃផ្ទៃដីដាំដំណាំកាហ្វេក្នុងខេត្ត មានសរុបចំនួន២៨៥ ហិកតា ក្នុងនោះ កាហ្វេក្រុមហ៊ុន ចំនួន១៣៥ហិកតា។ ចំណែកទីផ្សារកាហ្វេសព្វថ្ងៃនេះលោកប្រធានមន្ទីរបានឱ្យដឹងថា កំពុងមានតម្រូវការខ្ពស់ដោយសារតែប្រជាពលរដ្ឋជាពិសេសអ្នកនិយមពិសាកាហ្វេបានយល់ដឹងច្បាស់ពីផលប្រយោជន៍នៃការពិសាកាហ្វេធម្មជាតិ និងកាហ្វេគីមីមានភាពខុសគ្នាដូចម្តេច ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។