កម្ពុជា​-​ស្រីលង្កា ឈានដល់​ការចុះ​អនុស្សរណៈ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍ និង​ឯកភាព​ចាប់ផ្ដើម​ការងារ​ចម្បងៗ​ច្រើន​ចំណុច​

​ភ្នំពេញ៖ កម្ពុជា និង​ស្រីលង្កា​បាន​ឈានដល់​ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្ដីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍ ដើម្បី​បើកផ្លូវ​ដល់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ ខណៈ​ភាគី​ទាំងពីរ​ក៏បាន​ឯកភាព​ចាប់ផ្ដើម​អនុវត្ត​ការងារ​ចម្បងៗ​ច្រើន​ចំណុច ដូចជា ការជំរុញ​ចលនា​ទេសចរ ការតភ្ជាប់​ជើងហោះហើរ ការបង្កើត​ព្រឹត្តិការណ៍​ទេសចរណ៍​សាសនា ការផ្លាស់ប្ដូ​ទស្សនកិច្ច​ទៅវិញទៅមក​ជាដើម​។​

ការចុះ​អនុស្សរណៈ​នេះ​ធ្វើឡើង​រវាង​ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោកជំទាវ ឆា​មីន​ដា អ៉ី​. ខូ​ឡូ​ន​ណេ (Chaminda I. Colonne) ឯកអគ្គរដ្ឋទូត​ស្រីលង្កា​ប្រចាំ​កម្ពុជា កាលពីថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២២ នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍​។​ មុននឹង​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នេះ ថ្នាក់ដឹកនាំ​ទាំងពីរ​បាន​ជួបពិភាក្សា​គ្នា​លើ​កិច្ចការ​សំខាន់ៗ​មួយចំនួន ដើម្បី​រួមគ្នា​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ និង​ជំរុញ​ចលនា​ទេសចរ​ពីគ្នា​ទៅវិញទៅមក​។​

​ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន បាន​លើកឡើងថា បច្ចុប្បន្ន កម្ពុជា​បាន​ដក​នូវ​លក្ខខណ្ឌ​ជាច្រើន​ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ភ្ញៀវទេសចរ ដូចជា ការដកចេញ​នូវ​លក្ខខណ្ឌ​ដែល​តម្រូវឱ្យ​ធ្វើតេស្ត​ PCR៧២​ម៉ោង ការលើកលែង​ការធ្វើ​តេស្ត​រហ័ស​នៅពេល​មកដល់ និង​បាន​អនុវត្ត​ឡើងវិញ​នូវ​ការស្នើសុំ​ទិ​ដ្ឋ​ការ​ក្នុង​ពេលមកដល់ (Visa on arrival) ព្រមទាំង​ការរង់ចាំ​ស្វាគមន៍​ភ្ញៀវទេសចរ​ពី​គ្រប់ទិសទី ខណៈ​កម្ពុជា​ក៏​កំពុង​ផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​សុវត្ថិភាព ផ្ដល់​ភាពកក់ក្ដៅ​ផងដែរ​។ និយាយ​រួម កម្ពុជា​បាន​ត្រៀម​រួចរាល់​ហើយ​ក្នុង​ការទទួល​ភ្ញៀវទេសច​រ​ឡើងវិញ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន បាន​លើក​យោបល់​ទៅកាន់​ភាគី​ស្រីលង្កា​ពាក់ព័ន្ធ​នឹង​ការជំរុញ​ឱ្យមាន​ការហោះ​ហើរ​ត្រង់ កម្ពុជា​-​ស្រីលង្កា នាពេលខាងមុខ ឬ​ជា​លក្ខណៈ Charter Flight ខណៈពេល​បច្ចុប្បន្ន​ប្រទេស​ទាំងពីរ​មិនទាន់​ការហោះហើរ​ត្រង់​នៅឡើយ​ទេ ពោល​ភ្ញៀវ​ត្រូវ​ធ្វើដំណើរ​ឆ្លងកាត់​ប្រទេស​ថៃ ឬ​ម៉ា​ឡេ​ស៉ី ឬ​សិង្ហ​បុរី​ជាមុនសិន ទើប​បន្ត​មកដល់​កម្ពុ​ជា​តាម​ក្រោយ​។​

​កម្ពុជា​-​ស្រីលង្កា​ក៏បាន​ឯកភាព​រៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍​ផ្សារភ្ជាប់​ជាមួយ​ពុទ្ធសាសនា ដោយសារតែ​ប្រទេស​ទាំងពីរ​កាន់​ព្រះពុទ្ធសាសនា​ហិន​យាន​ដូចគ្នា ហើយ​ប្រជាជន​កម្ពុជា​ក៏​និយម​ធ្វើ​ទេសចរណ៍​ផ្សារភ្ជាប់​ជាមួយ​ពុទ្ធសាសនា​ទៅកាន់​ប្រទេស​ស្រីលង្កា និង​ប្រទេស​ឥណ្ឌា​ផងដែរ​។ កម្ពុជា​ធ្លាប់មាន​បទពិសោធន៍​រួចហើយ​ក្នុង​ការរៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍​ពុទ្ធសាសនា (Buddhist Tourism) នេះ ដោយ​កាលពីពេល​កន្លងទៅ កម្ពុជា​បាន​សហការ​ជាមួយ​ឥណ្ឌូ​ណេ​ស៉ី ឡាវ មី​យ៉ាន់​ម៉ា ថៃ​ជាដើម រៀបចំ​ព្រឹត្តិការណ៍​លំ​អាន​អរិយធម៌​ម្តង​រួចមកហើយ​កាលពី​ឆ្នាំ​២០១១​។​

ភាគី​ទាំងពីរ​ក៏បាន​ជំរុញ​ឱ្យ​មា ន​ការផ្លាស់ប្ដូរ​ទស្សនកិច្ច​របស់​ព្រះសង្ឃ គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា ពុទ្ធសាសនបណ្ឌិត្យ​នៃ​ប្រទេស​កម្ពុជា និង​ស្រីលង្កា​ទៅវិញទៅមក​នាពេល​អនាគត​។​ ​ភាគី​កម្ពុជា​-​ស្រីលង្កា​ក៏បាន​ពិភាក្សាគ្នា​លើ​ការជំរុញឱ្យ​មានការ​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍ និង​ការផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍​ជាមួយគ្នា​ឱ្យបាន​ច្រើន​ដែរ ដើម្បី​ទាក់ទាញ​លំហូរ​ភ្ញៀវទេសចរ​ទៅវិញទៅមក និង​ភ្ញៀវទេសចរ​ប្រទេស​ទី​៣​។​

​ជាមួយគ្នា​នោះ ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន ក៏បាន​ជម្រាប​ទៅកាន់​លោកស្រី​ឯកអគ្គរដ្ឋទូត​ស្រីលង្កា​ទៀតថា បច្ចុប្បន្នកំពុង​សហកា​រ​ជាមួយ​ក្រសួង​ធម្មការ និង​សាសនា​ជំរុញ​ឡើងវិញ​នូវ​ការអនុវត្ត​ផែនការ​រៀបចំ​វត្ត​ទេសចរណ៍​គំរូ​នៅ​ទូទាំងប្រទេស ដោយ​ក្នុង​ខេត្ត​នីមួយៗ​ត្រូវមាន​វត្ត​ទេសចរណ៍​គំរូ​យ៉ាងតិច​២​វត្ត ដើម្បី​បង្កើន​ផលិតផល​ទេសចរណ៍​ចូលរួម​ទាក់ទាញ​ចលនា​ទេសចរ​ជាតិ​-​អន្តរជាតិ​បន្ថែម​។​ ​ដើម្បី​ជំរុញ​ឱ្យ​ការងារ​អនុវត្ត​អនុស្សរណៈ​រវាង​កម្ពុជា និង​ស្រីលង្កា​ប្រព្រឹត្តទៅ​បានល្អ និង​ទទួលបាន​លទ្ធផល​ផ្លែផ្កា​គាប់ប្រសើរ ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន បានស្នើ​ឱ្យមាន​ការជួប​ប្រជុំ​ក្រុមការងារ​ភាគី​ទាំង​២​ក្នុងពេល​៣​ខែម្ដង ខណៈ​សំណើ​នេះ​ក៏​ទទួលបាន​ការឯកភាព​ពី​លោកស្រី​ឯកអគ្គ​រដ្ឋ​ទូ​ស្រីលង្កា​ផងដែរ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close