គម្រោងកែច្នៃកាកសំណល់ទឹកកខ្វក់ក្នុងក្រុងសៀមរាប ទៅជាជីសរីរាង្គ គ្រោងនឹងសាងសង់រួចរាល់នៅចុងឆ្នាំ២០២២ខាងមុខនេះ
ខេត្តសៀមរាប៖ ទឹកកខ្វក់ រួមនិងកាកសំណល់ផ្សេងៗ ដែលត្រូវបានបង្ហូរចេញតាមប្រព័ន្ធលូទឹកកខ្វក់ក្នុងក្រុងសៀមរាប នឹងត្រូវកែច្នៃទៅជាជីសរីរាង្គ ឬជីមមោក ដើម្បីធ្វើឱ្យប្រសើរឡើងវិញ នូវប្រព័ន្ធគ្រប់គ្រងកាកសំណល់ភក់ចេញពីលូទឹកកខ្វក់ និងចូលរួមលើកកម្ពស់ជីវភាពប្រជាកសិករ តាមរយៈការផ្គត់ផ្គង់ផលិតផលជីក្នុងតម្លៃទាប នេះបើតាមជំនួបរវាងលោក ប្រាក់ សោភ័ណ អភិបាលរងខេត្តសៀមរាប និងលោកស្រី អារៀណា អាដេស៊ី (Arianna ARDESI) តំណាងសមាគមអភិបាលក្រុងនិយមនិយាយភាសាបារាំង (AIMF) កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ នៅសាលាខេត្តសៀមរាប។
គម្រោងកែច្នៃកាកសំណល់ទឹកកខ្វក់ក្នុងក្រុងសៀមរាប ទៅជាជីសរីរាង្គនេះ គ្រោងនឹងប្រើប្រាស់អស់ថវិកាចំនួន ១លាន៧០ម៉ឺនអឺរ៉ូ ដែលជាថវិកាហិរញ្ញប្បទាន ទទួលបានពីសមាគមអភិបាលក្រុងនិយមនិយាយភាសាបារាំង ហៅកាត់ថា AIMF សហជីពអន្តរខេត្ត សម្រាប់ប្រព័ន្ធអនាម័យនៅតំបន់ប៉ារីស ហៅកាត់ថា SIAAP និងទីភ្នាក់ងារធនធានទឹកតំបន់ណកម៉ង់ឌី ហៅកាត់ថា ASEN។
គម្រោងនេះ បានចាប់ផ្ដើមស្ថាបនាកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ក្នុងបរិវេណអង្គភាពលូទឹក និងស្ថានីយច្រោះសម្អាតទឹកសំណល់ ស្ថិតនៅភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ គិតត្រឹមថ្ងៃទី២៥ ខែឧសភានេះ ដំណើរសាងសង់សម្រេចបានប្រមាណ ២៤ភាគរយ បើធៀបនឹងការងារសរុប ដែលគ្រោងនឹងបញ្ចប់នាខែវិច្ឆិកា ឆ្នាំ ២០២២ខាងមុខ។
លោក ប្រាក់ សោភ័ណ បានលើកឡើងថា ក្រៅពីជួយកែលម្អអនាម័យសាធារណៈ និងក្របខណ្ឌទូទៅនៃការគ្រប់គ្រងភក់ ចេញពីលូទឹកសម្អុយ(រចនាសម្ព័ន្ធគ្រប់គ្រង)ក្នុងក្រុងសៀមរាប គម្រោងផលិតជីសរីរាង្គក្នុងខេត្តសៀមរាប ក្រោមកិច្ចសហការដៃគូអភិវឌ្ឍន៍ នៃសាធារណរដ្ឋបារាំងនេះ ក៏នឹងជួយកាត់បន្ថយការនាំចូលជីកសិកម្មពីក្រៅប្រទេសបានមួយកម្រិត ព្រមជាមួយតម្លៃទាបជាទីផ្សារ។
យោងតាមរយបាយការណ៍របស់គម្រោង បង្ហាញថា ស្ថានីយកែច្នៃជីសរីរាង្គនេះ មានសមត្ថភាពផលិតជីបាន ៤៥ម៉ែត្រគូប/ថ្ងៃ និងប្រមាណ ១,០០០ម៉ែត្រគូប/ឆ្នាំ។ ការផលិតជីសរីរាង្គ ពីកាកសំណល់ទឹកកខ្វក់នេះដែរ នឹងមិនមានផលប៉ះពាល់អវិជ្ជមាន ដល់គុណភាពទឹក ដែលហូរចេញចេញពីអាងចម្រោះនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។