ក្នុង​ឆ្នាំ​២០២១! ពាណិជ្ជកម្ម​កម្ពុជា​-​អេ​មី​រ៉ា​ត​អារ៉ាប់​រួម សម្រេចបាន ១៥០​លាន​ដុល្លារ កើន​ក្នុង​អត្រា​ប្រមាណ​៥០%!

​ភ្នំពេញ​៖ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម នា​ចុង​សប្តាហ៍​កន្លងទៅនេះ ឯកឧត្តម រដ្ឋ សា​រ៉ាវុធ អគ្គនាយក​ពាណិជ្ជកម្ម​អន្តរជាតិ នៃ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម Kayaan K. Unwalla ទីប្រឹក្សា​អនុរដ្ឋមន្ត្រី​ទទួលបន្ទុក​ពាណិជ្ជកម្ម​អន្តរជាតិ នៃ​ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម តាម​ប្រព័ន្ធ​វីដេអូ ដើម្បី​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី និង​កំណត់​យន្តការ​អាទិភាព សំដៅ​ពង្រឹង​បន្ថែម​នូវ​ការធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី ឱ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត​។

​ជំនួប​នេះ ធ្វើឡើង​ស្របតាម​ស្មារតី​នៃ​ជំនួប​ទ្វេភាគី​រវាង​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ឯកឧត្តម​បណ្ឌិត Thani Bin Ahmed Al Zeyoudi អនុរដ្ឋមន្ត្រី​ទទួលបន្ទុក​ពាណិជ្ជកម្ម​អន្តរជាតិ ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២២ ក្នុងឱកាស​ចូលរួម​ទិវា​ជាតិ​កម្ពុជា ក្នុង​ពិ​ព័រ​ណ៌​ពិភពលោក​នៅ​ឌូ​បៃ​។

​ជា​កិច្ច​ចាប់ផ្តើម ឯកឧត្តម​អគ្គនាយក បាន​សម្តែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ និង​អបអរសាទរ​ដល់​រដ្ឋា​ភិ​បាល​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ចំពោះ​ជោគជ័យ​នៃ​ការរៀបចំ​ពិ​ព័រ​ណ៌​ពាណិជ្ជកម្ម​អន្តរជាតិ​នៅ​ទីក្រុង​ឌូ​បៃ​។
​ទន្ទឹម​នោះ ឯកឧត្តម ក៏បាន​ថ្លែងអំណរគុណ​ដល់​ភាគី​មិត្ត ដែល​បាន​គាំទ្រ​លើ​គំនិត​ផ្តួចផ្តើម​ជំរុញ​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម និង​វិនិយោគ​ឱ្យ​កាន់តែ​ស៊ីជម្រៅ តាមរយៈ​ក្របខណ្ឌ​នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ (Comprehensive Economic Partnership Agreement – CEPA) និង​បានស្នើ​ក្រុមការងារ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម រៀបចំសេចក្តី​ព្រាង​លក្ខន្តិកៈ​យោង (Terms of Reference) ក៏ដូចជា​រួមគ្នា​សិក្សា​ស្រាវជ្រាវ​ពី​ភាព​អាច​ធ្វើបាន (Feasibility study)​។​

​ជា​កិច្ច​ឆ្លើយតប ឯកឧត្តម Kayaan បានបង្ហាញ​ពី​សុទិដ្ឋិនិយម​ខ្ពស់​ចំពោះ​លទ្ធភាព​នៃ​ការបង្កើត​កិច្ចព្រមព្រៀង CEPA ជាមួយ​កម្ពុជា ព្រមទាំង​បាន​ជម្រាបជូន​អំពី​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​នីតិវិធី និង​សក្តានុពល​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ ដែល​អាច​កើតមាន​។
​ឯកឧត្តម​បាន​បន្តថា កិច្ចព្រមព្រៀង CEPA មាន​វិសាលភាព​គ្របដណ្តប់​វិស័យ​អាទិ​ភាពជា​សារ​វ័​ន្ត​ដូចជា ពាណិជ្ជកម្ម​ទំនិញ សេវាកម្ម វិនិយោគ កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច មីក្រូ​សហគ្រាស​-​សហគ្រាស​ធុន​តូច​និង​មធ្យម និង​ពាណិជ្ជកម្ម​ឌីជីថល​។​-​ល​-​។
​គួរ​បញ្ជាក់ថា គិត​មកដល់ពេលនេះ អេ​មី​រ៉ា​ត​អារ៉ាប់​រួម​បាន​បង្កើត CEPA ចំនួន​ពីរ​រួមមាន អ៊ីស្រាអែល និង​ឥណ្ឌា និង​ត្រៀម​បង្កើត​បន្ថែម​ជាមួយ​ឥណ្ឌូនេស៊ី និង​ប្រទេស​ផ្សេងទៀត​ក្នុង​តំបន់​។​
​ជា​កិច្ចបញ្ចប់ ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា ពិនិត្យ​លទ្ធភាព​ក្នុងការ​ស្វែងយល់​បន្ថែម​អំពី​នីតិវិធី និង​លក្ខន្តិកៈ​នានា ព្រមទាំង​សិក្សា​ស្រាវជ្រាវ​លម្អិត​ពី​អត្ថប្រយោជន៍​នៃ​ការបង្កើត CEPA នៅវេលា​សមស្រប​នាពេលខាងមុខ​។

​ផ្អែក​តាម​ទិន្នន័យ​ពាណិជ្ជកម្ម​កម្ពុជា​៖ ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​អេ​មី​រ៉ា​ត​អារ៉ាប់​រួម សម្រេចបាន​ប្រមាណ ១០០ លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២០ និង ១៥០ លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២១ ដែល​កើន​ក្នុង​អត្រា​ប្រមាណ ៥០% បើទោះបី​ស្ថិតក្នុង​បរិការណ៍​នៃ​ការរីក​រាលដាល​ជម្ងឺ​កូ​វីត​-១៩ ក៏ដោយ​។ ទីផ្សារ​ទំនិញ​ភាគច្រើន រួមមាន​៖ វាយ​ន​ភណ្ឌ ផលិតផល​ធ្វើដំណើរ កង់ ប្រេង ចំណី​សត្វ ជី រ៉ែ ថ្នាំជក់ និង​ផលិតផល​ធ្វើ​ពី​សេ​រ៉ា​មិ​ក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close