បញ្ចប់​វគ្គ​បណ្តុះបណ្តាល​មន្ត្រី​បច្ចេកទេស​ថ្នាក់ជាតិ​កីឡា​ជិះសេះ​ ​ដើម្បី​សម្រួច​គោលដៅ​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម ឆ្នាំ​២០២៣

សហព័ន្ធ​កម្ពុជា​បង្ហាត់​ជិះសេះ​បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​លម​ន្ត្រី​បច្ចេកទេស​ថ្នាក់ជាតិ​កីឡា​ជិះសេះ​លោត​ផ្លោះ​របារ កម្រិត​១ រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃទី​១១-១២ ខែមិថុនា ឆ្នាំ​២០២២ នៅ​ក្លិប​កីឡា Cambodian County Club រាជធានី​ភ្នំពេញ ដើម្បី​សម្រួច​គោលដៅ​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើ ជា​ម្ចាស់ផ្ទះ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​។ វគ្គ​នេះ​បាន ដំណើរការ​ដោយ​ប្រើប្រាស់​ថវិកា​គាំទ្រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

​លោកស្រី ទេព ម៉ូ​ណា ប្រធាន​សហព័ន្ធ​កម្ពុជា​បង្ហាត់​ជិះសេះ​មាន ប្រសាសន៍ថា ដើម្បី​សម្រួច​គោលដៅ​ឆ្ពោះទៅ​ស្វែងរក​មេដាយមាស ក្នុងឋានៈ​ជា​ម្ចាស់ផ្ទះ ស៊ី​ហ្គេម ២០២៣ នៅ​កម្ពុជា គឺ​ដាច់ខាត យើង​មិនអាច​ទម្លាក់​ដៃ​បានទេ​។ ដូច្នេះ សហព័ន្ធ​នៅតែ ខិតខំ​ឲ្យ​អស់ពី​លទ្ធភាព ទាំង​លើ​ការហ្វឹកហាត់​របស់​ក្រុម​ជម្រើសជាតិ ទាំង​ការបណ្តុះបណ្តាល​មន្ត្រី​បច្ចេកទេស ឲ្យ​បាន​រួចរាល់​នៃ​គោលដៅ​នេះ​។​

​លោកស្រី ទេព ម៉ូ​ណា បន្ថែមថា សហព័ន្ធ​បាន​ត្រៀម​គ្រប់​លក្ខណៈសម្បត្តិ ទាំង​ការ​សម្រួច​គុណភាព​បច្ចេកទេស​របស់​កីឡាករ កីឡាការិនី​ជម្រើសជាតិ និង​ការបណ្តុះបណ្តាល​ធនធាន​មន្ត្រី​បច្ចេកទេស​ក្នុងការ​ថែទាំ​សេះ ឲ្យ​បាន​រួចរាល់ និង​ទាន់ពេលវេលា សម្រាប់​ដំណើរ​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ជា​ប្រវត្តិសាស្ត្រ​ដំបូង​របស់​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​នៅក្រោយ​បញ្ចប់​ស៊ី​ហ្គេម ២០២៣ សហព័ន្ធ​ក៏​នៅតែ​បន្ត​ការខិតខំ​បន្ថែម សម្រាប់​ត្រៀមលក្ខណៈ​នៃ​ស៊ី​ហ្គេម នាពេលខាងមុខ​ដែល​នឹង​ចូល​មកជា​បន្តបន្ទាប់ នៅ​ប្រទេស​ផ្សេងៗ​ទៀត​។

«​ដូច្នេះ​យើងទាំងអស់គ្នា មិនអាច​ទម្លាក់​ដៃ​បានទេ ពោលគឺ​ត្រូវ​បន្តដំណើរ​ការអភិវឌ្ឍ​វិស័យ​កីឡា​ជិះសេះ​កម្ពុជា ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​របស់ខ្លួន និង​ស្របតាម​ស​ន្ទ​ស្សន៍​មេដាយមាស​១​គ្រឿង ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បានដាក់​ចេញ​ជាគោលការណ៍​»​។​

​ប្រធាន​សហព័ន្ធ​កម្ពុជា​បង្ហាត់​ជិះសេះ​រូបនេះ បានលើកឡើង​ទៀតថា នៅក្នុង​ការប្រកួត​តេស្ត​សមត្ថភាព​របស់​កីឡាករ កីឡាការិនី នៃ​វគ្គ​បណ្តុះបណ្តាល​ថ្នាក់​នេះ លោកស្រី​ឃើញថា មាន​កីឡាករ កីឡាការិនី​ជម្រើសជាតិ ៤​នាក់ ធ្វើបាន​យ៉ាង​ល្អ លើ​ការបញ្ជា​ជិះសេះ​លោត​ផ្លោះ​របារ​។

​ជាមួយគ្នា​នោះ ក៏មាន​កីឡាករ កីឡាការិនី​មួយចំនួន​ទៀត កំពុង​បង្ហាញ​នូវ​ភាពល្អប្រសើរ​ផងដែរ ប៉ុន្តែ​ត្រូវ​ហ្វឹកហាត់​សម​នៅលើ​កម្ពស់ ៦០​សង់ទីម៉ែត្រ​សិន ជាមួយនឹង​សេះ​ចំនួន​៣​ក្បាល ដែល​ត្រូវបាន​នាំចូល​ពី​ប្រទេស​បារាំង ទើបបាន​ជាង​១​ខែ​នេះ ហើយ​នៅពេល​ខាងមុខ​នឹង​ព្យាយាម​លោត​ឲ្យ​បាន​ដល់​១​ម៉ែត្រ និង​១,២០​ម៉ែត្រ ដែលជា​តម្រូវការ​ស្តង់ដារ​ប្រកួត​។​

​បន្ថែម​ពីលើ​នេះ លោកស្រី​ប្រធាន​ក៏បាន​លើកឡើង​ទៀតថា ការថែទាំង​សេះ គឺជា​រឿង​សំខាន់បំផុត ទាំង​មុនពេល​ប្រកួត ទាំង​ក្នុងពេល​ប្រកួត និង​ក្រោយពេល​ប្រកួត ដោយ​ត្រូវ​ត្រួតពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​ពី​ក្រុម​ពេទ្យសត្វ និង​អ្នក​ថែទាំ​សេះ ដោយ​ថែទាំ​ទៅលើ​សុខភាព ដូចជា​កម្តៅ ចង្វាក់បេះដូង ការរង​របួស​ជាដើម​។​

​សូមបញ្ជាក់ថា វគ្គ​បណ្តុះបណ្តាល​មន្ត្រី​បច្ចេកទេស​ថ្នាក់ជាតិ កីឡា​ជិះសេះ លោត​ផ្លោះ​របារ កម្រិត​១ ឆ្នាំ​២០២២​នេះ​ផ្តោត​សំខាន់​លើ​ការសិក្សា​អំពី​ការត្រួតពិនិត្យ​សុខភាព និង​ស្ថានភាព​សេះ ការព្យាបាល ក្នុងពេល​ប្រកួត និង​ក្រោយពេល​ប្រកួត​។ ផ្តោត​សំខាន់​លើ​ការត្រួតពិនិត្យ​សុខភាព​សេះ និង​កីឡាករ កីឡាការិនី​ជិះសេះ​ផ្លោះ​របារ ការប្រកួត​ជិះសេះ​ផ្លោះ​របារ និង​ការត្រួតពិនិត្យ​សេះ​ជាមួយនឹង​កីឡាករ កីឡាការិនី​ជិះសេះ​រត់​រយៈ​ចម្ងាយ​ឆ្ងាយ​។
​វគ្គ​បណ្តុះបណ្តាល​កីឡា​ជិះសេះ​ថ្នាក់ជាតិ​នេះ ធ្វើឡើង​ដើម្បី​ឲ្យ​មន្ត្រី​បច្ចេកទេស កីឡាករ កីឡាការិនី ក៏ដូចជា​និស្សិត​មកពី​សកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​បាន​យល់​កាន់តែច្បាស់​អំពី​ការងារ​បច្ចេកទេស ការមើល​ថែទាំ​សេះ តាមរយៈ​ការអនុវត្ត​ជាក់ស្តែង​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close