មហោស្រពភាពយន្តអន្តរជាតិកម្ពុជា បានបំពេញតួនាទីយ៉ាងសំខាន់ ក្នុងការជុំរុញកម្ពុជា ជាដែនដីស្វាគមន៍ការថតភាពយន្តជាតិ និងអន្តរជាតិ
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងថាមហោស្រពភាពយន្តអន្តរជាតិកម្ពុជា បានបំពេញតួនាទីយ៉ាងសំខាន់និងបានរួមចំណែកដល់ការអនុវត្តគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌ ក្នុងការជុំរុញព្រះរាជាណាចក្រកម្ពុជាជាដែនដីស្វាគមន៍ការថតភាពយន្តជាតិ និងអន្តរជាតិ ព្រមទាំងជួយលើកកម្ពស់កិតិ្តសព្ទ័កម្ពុជាឲ្យល្បីរន្ទឺលើឆាកអន្តរជាតិ ក្នុងបរិបទនៃសង្គមដែលមានសុខសន្តិភាព ស្ថេរភាពនយោបាយ ព្រមទាំងការអភិវឌ្ឍនៅគ្រប់ហេដ្ឋារចនាសម្ព័ន្ធជារូបវ័ន្ត នៃគោលនយោបាយឈ្នះឈ្នះ នាល្ងាចថ្ងៃ២៨ ខែមិថុនា ឆ្នាំ២០២២ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកមហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១១ ឆ្នាំ២០២២ នៅសាលសន្និសីទចតុម្មុខ ក្រោមកិច្ចសហការរៀបចំដោយនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា និងមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ និងទទួលការថតភាពយន្តនៅកម្ពុជា CFC ។ ចូលរួមក្នុងឱកាសនោះរួមមាន ឯកឧត្តម លោកជំទាវ ក្រសួងស្ថាប័នពាក់ព័ន្ធនានា ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតចំនួន ២០ទូត ផលិតករភាពយន្តបរទេសចំនួន ៣០នាក់ ផលិតករ សិល្បករ សិល្បការិនីក្នុងស្រុក សរុបចំនួនជាង ៧០០នាក់។
ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ក៏បានផ្តល់កិត្តិយសប្រគល់ពានរង្វាន់តារាភាពយន្តឆ្នើមប្រចាំឆ្នាំជូន លោក ហួត ស៊ីថន សម្តែងក្នុងភាពយន្តរឿង រឿង “ប៊ូឌីញ ស” (White building) និងពានរង្វាន់សិល្បៈករឆ្នើម ជូនលោក ម៉ាង សារិទ្ធ អ្នកច្នៃប្រឌិតរូបមនុស្សដីឥដ្ឋ ក្នុងភាពយន្តរឿង “គ្រប់យ៉ាងនឹងប្រសើរ” (Everything will be OK)
សូមបញ្ជាក់ជូនថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១១នេះ បាននាំមកនូវស្នាដៃភាពយន្តជាតិ និងអន្តរជាតិ ចំនួន១៤៤ចំណងជើង មកពី២៦ប្រទេស រួមមានភាពឯកសារ ភាពយន្តគំនូរជីវចល ភាពយន្តខ្នាតខ្លី និងស្នាដៃភាពយន្តខ្នាតធំ ។
ក្នុងនោះស្នាដៃភាពយន្តរបស់កម្ពុជាចំនួន៦២ចំណងជើង ដែលផលិតដោយយុវផលិតករវ័យក្មេងកម្ពុជា ក៏នឹងត្រូវចាក់បញ្ចាំងជូនប្រជាពលរដ្ឋចូលទស្សនាដោយសេរី នៅតាមទីតាំងជាច្រើនក្នុងរាជធានីភ្នំពេញ។ ជាពិសេស ស្នាដៃភាពយន្តរឿង “គ្រប់យ៉ាងនឹងប្រសើរ” (Everything will be OK) របស់លោក ប៉ាន់ រិទ្ធី ដែលបានទទួលពានរង្វាន់ខ្លាឃ្មុំប្រាក់នៅក្នុងមហោស្រពភាពយន្តទីក្រុង Berlin ២០២២, រឿង “ប៊ូឌីញ ស” (White building) របស់លោក នាង កាវិច ដែលបានទទួលពានរង្វាន់នៅមហោស្រពភាពយន្តទីក្រុងVenice, និងស្នាដៃភាពយន្តរបស់ផលិតករកម្ពុជាផ្សេងទៀត។
ជាមួយនេះ ភាពយន្តដ៏កម្រមកពីប្រទេសអូស្ត្រាលីចំនួន ២០ចំណងជើង ដែលផលិតពីឆ្នាំ ១៩៥៣ ដល់ឆ្នាំ ២០២២ នឹងត្រូវបានចាក់បញ្ចាំងនៅក្នុងព្រិត្តិការណ៍មហោស្រពនេះ ក្នុងគោលបំណងចូលរួមអបសារទខួបអនុស្សាវរីយ៍លើក៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាង កម្ពុជា-អូស្ត្រាលី ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។