រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ប្រកាស​បើក កម្មវិធី​សិក្ខាសាលា​ថ្នាក់ជាតិ​ជា​សេ​រ៊ី​លើក​ទី​១

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២២ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ និង​ថ្លែង​សុន្ទរកថា​បើក​កម្មវិធី​សិក្ខាសាលា​ថ្នាក់ជាតិ​ជា​សេ​រ៊ី​លើក​ទី​១​ស្តីពី “​ការយល់ដឹង​អំពី​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (​អា​សិប​) និង​នីតិវិធី​សម្រាប់​ការស្នើសុំ​វិញ្ញាបនបត្រ​បញ្ជាក់​ដើមកំណើត​ទំនិញ តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​”​។

​ថ្លែង​ក្នុង​សុន្ទរកថា​បើក​អង្គសិក្ខាសាលា ឯកឧត្តម​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា សិក្ខាសាលា​ថ្នាក់ជាតិ​ជា​សេ​រ៊ី​លើក​ទី​១​នេះ គឺជា​កិច្ច​អន្តរាគមន៍​ដ៏​ទាន់សភាពការណ៍​មួយ បន្ថែម​លើ​យន្តការ​ផ្សព្វផ្សាយ​ដែល​ក្រសួងពាណិជ្ជកម្ម​បានដាក់​ចេញ​និង​អនុវត្ត​នាពេល​កន្លងមក​។ សិក្ខាសាលា​នេះ គឺធ្វើឡើង​ដើម្បី​ការបញ្ជ្រៀប​ការយល់ដឹង និង​ព័ត៌មាន​ឱ្យដល់​ ​វិស័យ​ឯកជន ធុរកិច្ច​ជន ផលិតករ និង​អ្នក​នាំចេញ ក្នុងការ​ចាប់យក​កាលានុវត្តន៍​ភាព និង​ទាញយក​ផលប្រយោជន៍​ជា​អតិបរមារ​ពី​ការបើក​ច្រក​ទីផ្សារ​ក្រោម​កិច្ចព្រមព្រៀង​អា​សិប​នេះ ក្រោយ​ចូល​ជា​ធរមាន​កាលពី​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០២២ កន្លងទៅ​។

បន្ថែម​លើ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​រំលេច​ពី​លទ្ធផល​ការសិក្សា​ដែល​ធ្វើឡើង​ដោយ​វិទ្យាស្ថាន ERIA ដែល​ក្នុង​នោះបាន​បង្ហាញថា កម្ពុជា​អាច​នឹងមាន​កំណើន​ប្រចាំឆ្នាំ​ការនាំចេញ​ក្នុង​រង្វង់​ប្រមាណ​ពី ៩,៤% ទៅ ១៨% ដែល​នឹង​ចូលរួមចំណែក​ក្នុង កំណើនសេដ្ឋកិច្ច​ជាតិ​បន្ថែម​ប្រចាំឆ្នាំ​ប្រមាណ​ពី​២% ទៅ ៣,៨%, កំណើន​ឱកាស​ការងារ​ប្រចាំឆ្នាំ​ប្រមាណ​ពី ៣,២% ទៅ ៦,២% និង​កំណើត​ចំណូល​ពន្ធ​ប្រចាំឆ្នាំ​ប្រមាណ​២% ទៅ ៣,៩% ផងដែរ​។

​ឯកឧត្តម​រដ្ឋមន្ត្រី​បញ្ជាក់ថា វិធាន​ដើមកំណើត​ទំនិញ ក្រោម​កិច្ចព្រមព្រៀង​អា​សិប ដែលមាន​លក្ខណៈសាមញ្ញ​និង​ងាយ​បំពេញបាន​ដូចនេះ នឹង​ជួយ​ជំរុញ​កម្ពុជា​ធ្វើ​សមាហរណកម្ម​ខ្លួន​ចូលក្នុង​ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម​តំបន់​កាន់តែ​ឆាប់រហ័ស និង​ជំរុញ​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់​។ មិនតែប៉ុណ្ណោះ ការបើក​ទីផ្សារ​ក្រោម​កិច្ចព្រមព្រៀង​អា​សិប​នេះ គួបផ្សំ​នឹង​វិធាន​ដើមកំណើត​ដែលមាន​លក្ខណៈសាមញ្ញ វិធាន​បូក​បន្ថែម និង​ការធ្វើ​សាមញ្ញ​កម្ម​នីតិវិធី​រដ្ឋ​បាល ក៏​នឹង​ក្លាយជា​កម្លាំងចលករ​ក្នុងការ ជួយ​ដល់​ដំណើរការ​នៃ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន​, ជួយ​បង្វែរ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​ចេញពី​ប្រទេស​សមាជិក​អា​សិប​ផ្សេងទៀត​ដែលមាន​ថ្លៃ​ពលកម្ម​ខ្ពស់ ឱ្យ​ងាក​មក​វិនិយោគ​នៅ​កម្ពុជា ដោយ​ផ្អែកលើ​គុណប្រយោជន៍​នៃ​ថ្លៃ​ពលកម្ម​សមរម្យ និង​កម្លាំង​ពលកម្ម​វ័យក្មេង ដែល​កត្តា​ទាំងនេះ​នឹង​រួមចំណែក​ដល់​ការបង្កើន​ចំណូល​ជាតិ តាមរយៈ​ការប្រមូល​ពន្ធ និង​ការបង្កើន​ឱកាស​ការងារ​។

នៅ​កិច្ចបញ្ចប់ ឯកឧត្តម​រដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ដល់​អ្នកចូលរួម ពិសេស​អ្នក​នាំចេញ ឱ្យ​ទាញ​ផលប្រយោជន៍​ជា​អតិបរិមា​ពី​សិក្ខាសាលា​នា​ថ្ងៃនេះ តាមរយៈ​ការសាកសួរ​ទៅកាន់​មន្ត្រី​ជំនាញ​ទទួលបន្ទុក​ផ្ទាល់​ជុំវិញ​បញ្ហា​បច្ចេកទេស និង​នីតិវិធី​ក្នុងការ​ស្នើសុំ​វិញ្ញាបនបត្រ​បញ្ជាក់​ដើមកំណើត​ទំនិញ​ទម្រង់​អា​សិប តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​។ ជាមួយគ្នានេះដែរ ក្រសួងពាណិជ្ជកម្ម នឹង​រៀបចំ​សិក្ខាសាលា​បែបនេះ​បន្តទៀត តាម​វិស័យ​អាទិភាព​នីមួយៗ​នៅតាម​បណ្តា​ខេត្ត​-​ក្រុង​ផ្ទាល់ ដែលមាន​សក្តានុពល​ខ្ពស់​ក្នុងការ​នាំចេញ​ផលិតផល ក្រោម​ក្របខ័ណ្ឌ​កិច្ចព្រមព្រៀង​អា​សិប និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ផ្សេងទៀត​ផងដែរ​

​សូមបញ្ជាក់​ផងដែរ​ថា កិច្ចព្រមព្រៀង​អា​សិប គឺជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដ៏​ធំ​បំផុត​ក្នុង​ពិភពលោក ដែល​គ្របដណ្តប់​លើ​៖ (១) ប្រជាជន​ប្រមាណ ២.២ ពាន់​លាន​នាក់ ឬ ៣០% នៃ​ចំនួន​ប្រជាជន​ពិភពលោក (២) ផលិតផល​ក្នុងស្រុក​សរុប​ប្រមាណ ២៦.២ ទ្រី​លាន ដុល្លារ​អាមេរិក ឬ ៣០% នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក និង (៣) ទំហំ​ពាណិជ្ជកម្ម​ចំនួន​ប្រមាណ ២៨% នៃ​ទំហំ​ពាណិជ្ជកម្ម​ពិភពលោក​ទាំងមូល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close