ឯកឧត្តម សាយ សំ​អាល់​៖ សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ​ពេញលេញ នាំឱ្យ​កម្ពុជា ស្គាល់​កំណើនសេដ្ឋកិច្ច​ខ្ពស់​ជាប្រចាំ មុន​ការមកដល់​នៃ​ជំងឺ​កូ​វីដ​-១៩

​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍន​ដោយ​ចីរភាព បាន​ប្រជុំពិភាក្សា​ជាមួយ​លោក Asad Naqvi ប្រធាន​លេខាធិការដ្ឋាន​កម្មវិធី​ភាពជា​ដៃគូ​សម្រាប់​សកម្មភាព​សេដ្ឋកិច្ច​បៃតង (Partnership for Action on Green Economy-PAGE) ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ប្រ​សួង​បរិស្ថាន តំណាង​ក្រសួង​ពាក់ព័ន្ធ តំណាង​នាយកដ្ឋាន​ជំនាញ​នៃ​ក្រសួងបរិស្ថាន និង​ស្ថាប័ន​ជំនាញ​ចំនួន​០៥​របស់​អង្គការសហប្រជាជាតិ​រួមមាន​៖ UNEP, ILO, UNDP, UNIDO និង​UNITAR សរុប​ចំនួន ២៧​រូប តាមរយៈ​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ នា​រសៀល​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០២២​។

​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ដើម្បី​ពិភាក្សា​ពី​កិច្ចសហប្រតិបត្តិការ​លើ​បរិវត្ត​កម្ម​សេដ្ឋកិច្ច​បៃតង (Green Economy Transformation) សម្រាប់​កម្ពុជា​។ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជម្រាបជូន​អង្គប្រជុំ​ថា សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ​ពេញលេញ​ឆ្នាំ​១៩៩៨ បាន​នាំឱ្យ​កម្ពុជា​ស្គាល់​កំណើនសេដ្ឋកិច្ច​ខ្ពស់​ជាប្រចាំ​មុន​ការមកដល់​នៃ​ជំងឺ​កូ​វីដ​-១៩​។ ទន្ទឹមនឹងនេះ កម្ពុជា​ចាប់អារម្មណ៍​ក្នុងការ​ជំរុញឱ្យមាន​សេដ្ឋកិច្ច​បៃតង​ផងដែរ ដោយ​ឯកឧត្តម​បានស្នើ​ឱ្យមាន​ការពិភាក្សា​ស៊ីជម្រៅ​ជាមួយ​អ្នកជំនាញ​ជាតិ និង​សិក្សា​ឱ្យបាន​ច្បាស់​ពី​អ្វីដែល​កម្ពុជា​ត្រូវ ឬ​គួរ​ធ្វើ​ដើម្បី​ជំរុញឱ្យមាន​បរិវត្ត​កម្ម​សេដ្ឋកិច្ច​បៃតង​ក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច​របស់​កម្ពុជា​។

​ក្នុងឱកាស​នោះដែរ តំណាង PAGE បាន​ជម្រាបជូន​ពីបទ​ពិសោធន៍​សកល​មួយចំនួន​ក្នុងការ​ជំរុញ​វិស័យ​ផ្សេងៗ​នៃ​សេដ្ឋកិច្ច ដើម្បី​ជំរុញ​ការផ្លាស់ប្តូរ​ទៅកាន់​សេដ្ឋកិច្ច​បៃតង ដូចជា​ការដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ ការអភិរក្ស​ជីវៈចម្រុះ ប្រសិទ្ធភាព​ថាមពល ការប្រើប្រាស់​ធនធាន​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុង​ផលិតផល​ក្នុងស្រុក​សរុប (GDP) ជាដើម ដែល​នឹង​បង្កើតឱ្យមាន​ប្រាក់ចំណូល ការងារ ភាពក្រីក្រ និង​ពង្រឹង​មូលដ្ឋានគ្រឹះ​អេកូឡូស៊ី​សេដ្ឋកិច្ច​។

​ជា​លទ្ធផល​ចម្បងៗ​នៃ​កិច្ចប្រជុំ​នេះ​រួមមាន​៖ ១)​ឯកភាព​ឱ្យមាន​ការសិក្សា​ស៊ីជម្រៅ​អំពី​ការអភិវឌ្ឍន​សេដ្ឋកិច្ច​បៃតង​នៅ​កម្ពុជា​ដើម្បី​កំណត់​រក​សកម្មភាព និង​អនុសាសន៍​គោលនយោបាយ​សម្រាប់​សេដ្ឋ​កិច្ច​បៃតង ដោយមាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​ដោយ​ចីរភាព​ជា​អ្នកសម្របសម្រួល​ជាមួយ PAGE និង​២)​ការជួបពិភាក្សា​កម្រិត​នយោបាយ​សម្រាប់​កំណត់​យុទ្ធសាស្ត្រ ចំណុច​ចាប់ផ្តើម និង​ការសម្របសម្រួល​ក្នុងការ​អនុវត្ត​សេដ្ឋកិច្ច​បៃតង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close