សិង្ហ​បុរី គ្រោង​បញ្ជូន​គ្រូ​មកជួយ​បង្វឹក​កីឡា​បាល់​គប់​ក្នុង​ទឹក ដល់​កីឡាករ​កម្ពុជា ត្រៀម​សម្រាប់​ស៊ី​ហ្គេម​២០២៣

​ភ្នំពេញ​៖ តាមរយៈ​ជំនួប​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួងទេសចរណ៍​កម្ពុជា ភាគី​សិង្ហ​បុរី​បាន​សន្យា​បន្ត​ជួយ​គាំទ្រ​បច្ចេកទេស ហើយនឹង​បញ្ជូន​គ្រូ​មក​បង្វឹក​កីឡាករ​កម្ពុជា​លើ​ជំនាញ​កីឡា​បាល់​គប់​ក្នុង​ទឹក (Water Polo) ដើម្បី​ត្រៀមខ្លួន​ក្នុងការ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ស៉ី​ហ្គេម ឆ្នាំ​២០២៣ នៅ​កម្ពុជា​។​

 

​ជំនួប​នេះ​ធ្វើឡើង​នា​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២២ នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ ភាគី​កម្ពុជា​ដោយ​ដឹកនាំ​ដោយ​ឯកឧត្ដម ទិ​ត ចន្ថា រដ្ឋមន្ត្រី​ស្ដីទី​ក្រសួងទេសចរណ៍ ភាគី​សិង្ហ​បុរី​ដឹកនាំ​ដោយ​ឯកឧត្ដម ថុង អេ​ដ​វីន រដ្ឋមន្ត្រីក្រសួង​វប្បធម៌ សហគមន៍ និង​យុវជន​សិង្ហ​បុរី​។​

​ក្រោយ​បញ្ចប់​ជំនួប ឯកឧត្ដម វ៉ា​ត់ ចំរើន រដ្ឋ​ល​ខា​ធិ​ការ​ក្រសួង​ទេ​ចរណ៍ និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា បាន​លើកឡើងថា ភាគី​សិង្ហ​បុរី​បាន​សន្យា​បង្កើន​ការ​បង្វឹក និង​បង្កើន​គុណ​ផល​កីឡា​បាល់​គប់​ក្នុង​ទឹក (Water Polo) ដែល​សិង្ហ​បុរី​មាន​កម្រិត​បច្ចេកទេស​ល្អ និង​មាន​ឧត្តមភាព​ក្នុង​តំបន់​ដែរ​។​

​ឯកឧត្ដម​អគ្គលេខាធិកា​រ​បាន​បន្តថា ចំពោះ​កីឡា​បាល់​គប់​ក្នុង​ទឹក​នៅ​កម្ពុជា​នេះ គឺ​ស្ថិតក្រោម​សហព័ន្ធ​កីឡាហែលទឹក​កម្ពុជា ដែលមាន​ឯកឧត្ដម​ទេស​រដ្ឋ​ម​មន្ត្រី ស៊ុន ចាន់ថុល ជា​ប្រធាន​។​

​ឯកឧត្ដម វ៉ា​ត់ ចំរើន បានបញ្ជាក់​ទៀតថា កន្លងមក សហព័ន្ធ​កីឡាហែលទឹក​កម្ពុជា​បានរៀបចំ​ក្រុម​កីឡាករ​ដើម្បី​ត្រៀម​ចូលរួម​ហ្វឹកហាត់​ជាមួយ​គ្រូ​ជំនាញ​មកពី​សិង្ហ​បុរី​ម្នាក់ (​អតីត​កីឡាករ​ដ៏​ល្បី​របស់​សិង្ហ​បុរី​) ដែល​នឹង​បញ្ជូនមក​ពេល​ក្រោយ ហើយនឹង​មានការ​ជួយ​គាំទ្រ​ផ្នែក​បច្ចេកទេស​ពី​សិង្ហ​បុរី ក្នុងនោះ​ក៏​នឹង​បញ្ជូន​កីឡាករ​កម្ពុជា​ទៅ​ហ្វឹកហាត់​នៅ​សិង្ហ​បុរី​ផងដែរ​។​

​បើតាម​ឯកឧត្ដម​អគ្គលេខាធិកា​រ ការជួយ​គាំទ្រ​ពី​ភាគី​សិង្ហ​បុរី​នេះ​គឺមាន​សារសំខាន់​ណាស់​សម្រាប់​កីឡាករ​កម្ពុជា ក្នុងការ​ត្រៀមខ្លួន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៉ី​ហ្គេម ឆ្នាំ​២០២៣​។​ ​ឯកឧត្ដម វ៉ា​ត៉ ចំរើន បាន​បន្តទៀតថា ក្រៅពី​កីឡា​បាល់​គប់​ក្នុង​ទឹក​នេះ ភាគី​សិង្ហ​បុរី​ក៏បាន​សន្យា​ជួយ​បណ្ដុះបណ្ដាល​ផ្នែក​កីឡាបាល់ទាត់​លើ​ក្ដារ (Teqball) ដល់​កម្ពុជា​ទៀត​ដែរ ដើម្បី​ដាក់បញ្ចូល​ក្នុង​កម្មវិធី​កីឡា​សម្ដែង (​មិនមែនជា​កីឡា​ប្រកួត​ទេ​)​។​

​ឯកឧត្ដម​បាន​រំលឹកថា កិច្ចសហប្រតិបត្តិការ ការគាំទ្រ និង​ជួយ​គ្នា​ទៅវិញ​ទៅ​មក្រ​វាង​កម្ពុជា​និង​សិង្ហ​បុរី​ខាងលើនេះ គឺធ្វើឡើង​តាមរយៈ​ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) រវាង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​សិង្ហ​បុរី នៅ​ឆ្នាំ​២០១៧ ដើម្បី​ជួយ​គ្នា​ទៅវិញទៅមក​លើ​ផ្នែក​បច្ចេកទេស និង​ជំនាញ កីឡា​ផ្សេងទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close