សម្ដេច​ក្រឡាហោម ស ខេង ណែ​នាំឱ្យ​អនុវត្ត​វិធានការ​លើ​ការដឹកជញ្ជូន​ដី និង​ខ្សាច់​តាម​ដងផ្លូវ និង​ត្រួតពិនិត្យ​ឱ្យបាន​ត្រឹមត្រូវ នូវ​ដំណើរ​ការកែច្នៃ​យានយន្ត ការគ្រប់គ្រង​ដី​ចំណីផ្លូវ

នា​ព្រឹក​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២២​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍ បាន​អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០២២ នៅ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

​អញ្ជើញ​មានប្រសាសន៍​នាឱកាស​នោះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា បន្ទាប់ពី​ស្ថានភាព​កូ​វីដ​-១៩​នៅ​កម្ពុ​ជាមាន​ភាព​ធូរស្រាល ហើយ​រាជរដ្ឋាភិបាល​បានប្រកាស​បើក​ប្រទេស​ឡើងវិញ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​បាន​កើនឡើង​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២១​។ គិត​ជា​មធ្យម​ក្នុង​មួយថ្ងៃ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​៩​លើក ស្លាប់​៥​នាក់ និង​របួស​១០​នាក់​។ សម្ដេច​បន្តថា​ស្ថានភាព​នេះ ដោយសារតែ​កំណើន​នៃ​ការធ្វើ​ចរាចរណ៍​តាម​ដងផ្លូវ នៅពេលដែល​កម្ម​ភាព​សេដ្ឋកិច្ច និង​សង្គម​មានដំណើរ​ការឡើង​វិញ​កាន់តែច្រើន​។​

​សម្ដេច​បាន​បន្ត​ថាបើ​ប្រៀបធៀប​ស្ថានភាព​ចរាចរណ៍​កម្ពុជា ជាមួយ​ស្ថានភាព​ចរាចរណ៍​ជាស​កល​ឃើញថា រយៈពេល​១០​ឆ្នាំ ពី​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០២០ កម្ពុជា បាន​កាត់បន្ថយ​អ្នកស្លាប់​ចំនួន​៤​ពាន់​៧២០​នាក់ ស្មើ​៦៤​ភាគរយ នៃ​ចំនួន​អ្នកស្លាប់​តាម​ការ​ព្យា​ការណ៍​។ យ៉ាងណាក៏ដោយ សម្ដេច​បន្តថា​គណៈកម្មាធិកា​រ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បានចាត់ទុក​ហេតុការណ៍​នៃ​គ្រោះថ្នាក់​និង​ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាច​ណ៍​នេះ​ថា​នៅតែ​ជា​បញ្ហា​ប្រឈម​ទាមទារ​ការយកចិត្តទុកដាក់​ដោះស្រាយ​ឱ្យមាន​ប្រសិទ្ធភាព និង​ប្រកបដោយ​ការទទួលខុសត្រូវ​។​

​សម្ដេច​ក្រឡាហោម បាន​មានប្រសាសន៍ថា​ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍រ​យៈ​ពេល​៦​ខែ​ដើមឆ្នាំ​២០២២​នេះ បាន​តម្រូវឱ្យមាន​ការត្រួតពិនិត្យ​ឡើងវិញ​នូវ​ចំណុច​អវិជ្ជមាន​ទាំងឡាយ ដើម្បី​ដក​ពិសោធ​យកមក​ដោះស្រាយ​បញ្ហា​ប្រឈម ក្នុងនោះ​ដូចជា​មូលហេតុ​នៃ​គ្រោះថ្នាក់​ដោយសារ​ការបើក​បរ​លើស​ល្បឿន​កំណត់ និង​ការមិន​ពាក់មួក​សុវត្ថិភាព​ជាដើម​។
​សម្ដេច​បន្ថែមថា​«​យើង​ប្រមូលផ្ដុំ​បញ្ហា​ដើម្បី​ឈានទៅ​ដោះស្រាយ​ឱ្យចំ​បញ្ហា​នោះ​។ យើង​ផ្សព្វផ្សាយ និង​អប់រំ​ប្រជាពលរដ្ឋ​ទូទៅ​វា​ជាការ​ចាំបាច់​ហើយ ប៉ុន្តែ​យោបល់​ខ្ញុំ គឺថា​អ្នក​ដែល​ពាក់ព័ន្ធ​ផ្ទាល់​តែម្ដង ត្រូវ​ត្រួតពិនិត្យ អប់រំ និង​អនុវត្ត​វិន័យ និង​ច្បាប់​ឱ្យ​តឹងរឹង​»​។​

​សម្ដេច​ក្រឡាហោម ក៏បាន​ជំរុញ​ឱ្យ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បង្កើន​ការអប់រំ​អំពី​ច្បាប់​និង​បទដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​ជ្រួតជ្រាប​ទូលំទូលាយ និង​ផ្ដោត​ឱ្យចំ​ក្រុម​គោលដៅ ពង្រឹងគុណភាព​សាលាបង្រៀន​បើកបរ​យានយន្ត​ដោយ​ពិនិត្យ​លើ​ការលើកកម្ពស់​សមត្ថភាព​គ្រូ កំណែទម្រង់​កម្មវិធីសិក្សា និង​កែទម្រង់​គុណភាព​នៃ​ការប្រឡង​យក​បណ្ណ​បើកបរ​។

​សម្ដេច​ក៏បាន​ណែនាំ​ឱ្យ​យកចិត្តទុកដាក់​អនុវត្ត​វិធានការ​លើ​ការដឹកជញ្ជូន​ដី​និង​ខ្សាច់​តាម​ដងផ្លូវ និង​ត្រួតពិនិត្យ​ឱ្យបាន​ត្រឹមត្រូវ​នូវ​ដំណើរ​ការកែច្នៃ​យានយន្ត ការគ្រប់គ្រង​ដី​ចំណីផ្លូវ រួមទាំង​បន្ត​អនុវត្ត​ម៉ឺងម៉ាត់​ការទប់ស្កាត់​និង​បង្ក្រាប​ការ​នាំចូល​រថយន្ត​ចង្កូត​ស្ដាំ​តាម​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​។​

​សម្ដេច​ក្រឡាហោម​ក៏បានផ្ដល់​អនុសាសន៍​មួយចំនួន​ពាក់ព័ន្ធ​នឹង​ការស្ថាបនា​ផ្លូវ​ល្បឿន​ភ្នំពេញ​ព្រះសីហនុ ក្នុងនោះ​សម្ដេច​បានកត់សម្គាល់​អំពី​ការរៀបចំ​របាំង​ការពារ​សត្វ​ឆ្លងផ្លូវ ដោយ​គួររៀបចំ​ជា​សំណាញ់​ដែក​ជាជាង​ដាក់​បន្លា​លួស​។
​សម្ដេច​បានបង្ហាញ​ការកត់សម្គាល់​ក្រោយពី​បានធ្វើ​ដំណើរ​លើផ្លូវ​នោះ​កាលពីពេល​ថ្មីៗ​។ ដោយឡែក​សម្ដេច​ក៏​ឆ្លៀត​លើកឡើង​អំពី​ការស្នើ​សម្ដេច​តេ​ជោ ហ៊ុន សែន ដក​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ម្នាក់ ដោយសារ​ពាក់ព័ន្ធ​នឹង​ការសន្យា​បញ្ចូល​ក្របខណ្ឌ​នគរបាលជាតិ​ជា​ថ្នូរ​នឹង​ការផ្ដល់ប្រាក់​ក្នុង​ម្នាក់​ហោចណាស់​ចំនួន​២​ម៉ឺន​ដុល្លារ​អាម​រិ​ក​។​

​មុននឹង​បញ្ចប់ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បានបង្ហាញ​ក្ដីសង្ឃឹម​មុតមាំ​ថា​ផ្អែក​តាម​បទពិសោធ​ការងារ និង​ស្មារតី​ខិតខំ​ប្រឹងប្រែង​ទទួលខុសត្រូវ​ពី​គ្រប់​ក្រសួង​ស្ថាប័ន និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ កម្ពុជា​នឹង​អាច​សម្រេចបាន​ជោគជ័យ​ក្នុង​ការបង្ការ​ទប់ស្កាត់ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆមាស​ទី​២ ឆ្នាំ​២០២២​នេះ ក៏ដូចជា​រក្សា​សណ្ដាប់ធ្នាប់​ចរាចរណ៍​ផ្លូវគោក​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង ដើម្បី​ឈានទៅ​កាត់បន្ថយ​ឱ្យបាន​នូវ​អត្រា​អ្នកស្លាប់ និង​រងរបួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close