រដ្ឋមន្ត្រីក្រសួងការងារ ស្នើដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ បន្តជួយគាំទ្រសកម្មភាពសំខាន់ៗ របស់ក្រសួង ក្នុងវិស័យ TVET
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំលើកទី៥ របស់ក្រុមការងារបច្ចេកទេសចម្រុះសម្រាប់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំមជ្ឈមណ្ឌល ស្រាវជ្រាវ អភិវឌ្ឍ និងនវានុវត្ត ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រី និងជាប្រធានក្រុមការងារ (TWG-TVET) បានថ្លែងអំណរគុណដល់ក្រុមការងារដែលបានខិតខំបំពេញការងារកន្លងមកទទួលបានលទ្ធផលជាផ្លែផ្កាចាប់តាំងពីការរៀបចំបង្កើតឱ្យមានជាក្រុមការងារ (TWG-TVET) រួចមក ដែលមានកិច្ចប្រជុំលើកនេះមានសមាសភាពចូលរួមសរុបចំនួន ៦១រូប មកពីក្រសួងស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ។
កិច្ចប្រជុំមានគោលបំណងសំខាន់ចំនួន ៣ គឺ ទី១-ការធ្វើរបាយការណ៍វឌ្ឍនភាពលើការងារអាទិភាពវិស័យ អ.ប.វ. ឆ្នាំ២០២២ និងឆ្នាំ២០២៣ ដោយផ្តោតលើសេចក្តីព្រាងនៃការអភិវឌ្ឍច្បាប់ស្តីពី អ.ប.វ. ការបង្កើតប្រព័ន្ធឌីជីថលូបនីយកម្មវិស័យ អ.ប.វ. (ប្រព័ន្ធជាតិ អ.ប.វ. ពីចម្ងាយ ឬតាមអនឡាញ (TVET E-Learning), ប្រព័ន្ធជាតិវាយតម្លៃទទួលស្គាល់ការសិក្សាពីមុនពីចម្ងាយ ឬតាមអនឡាញ (E-RPL), ប្រព័ន្ធគ្រប់គ្រងគ្រឹះស្ថាន អ.ប.វ. (School Management System)), ការងារអាទិភាពឆ្នាំ២០២២, និងផែនការថវិកាវិស័យ អ.ប.វ. ឆ្នាំ២០២៣ ការធ្វើបច្ចុប្បន្នភាពគម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)។ ទី២. ការធ្វើបច្ចុប្បន្នភាពវឌ្ឍនភាពនៃការគាំទ្រក្នុងវិស័យ អ.ប.វ. របស់ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន។ ទី៣. គោលការណ៍ណែនាំសម្រាប់រៀបចំរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តសូចនាករតាមដានរួមគ្នាស្តីពី អ.ប.វ. ឆ្នាំ២០២១-២០២២ និងការកំណត់សូចនាករតាមដានរួមគ្នាស្តីពី អ.ប.វ. ឆ្នាំ២០២៤-២០២៨។
លោកស្រី Nadia Ottiger នាយករងទីភ្នាក់ងារអភិវឌ្ឍន៍ និងសហប្រតិបត្តិការស្វីស (SDC) និងជាអ្នកដឹកនាំសម្របសម្រួលដៃគូអភិវឌ្ឍន៍ក្រុម TWG-TVET ក៏បានផ្តល់នូវចំណាប់អារម្មណ៍កោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះអង្គប្រជុំ បន្ទាប់ពីឯកឧត្តមរដ្ឋមន្ត្រីបានលើកពីបានសកម្មភាពជាច្រើនក្នុងការអភិវឌ្ឍជំនាញនៅកម្ពុជាដែលធ្វើឱ្យក្រសួងសម្រេចបានក្នុងការបន្តអនុវត្តគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥ ការរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ ក្រោមប្រធានបទ “TVET បង្កើនផលិតភាពការងារ និងភាពប្រកួតប្រជែងខ្ពស់” ការបន្តអភិវឌ្ឍកញ្ចប់ស្តង់ដាបណ្តុះបណ្តាលផ្អែកលើសមត្ថភាព ការពង្រឹងសមត្ថភាពគ្រូបច្ចេកទេស ការពង្រឹង និងជំរុញការអនុវត្តភាពជាដៃគូរវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈជាមួយវិស័យឯកជនចំនួន ៦ខេត្ តដែលមានការចូលរួមពីវិស័យឯកជន ក្រុមហ៊ុន សហគ្រាស ធនាគារ យាន្តដ្ឋាន ការដ្ឋានសាងសង និងសណ្ឋាគារជាដើម ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈពីចម្ងាយ ឬតាមអនឡាញ (National TVET E-Learning Platform) ដែលគ្រឹះស្ថាន អ.ប.វ. កំពុងប្រើប្រាស់សរុបចំនួន ៦០ សម្រាប់ការបង្រៀន និងរៀនពីចម្ងាយ ឬតាមអនឡាញ, គ្រូបច្ចេកទេសចំនួន ១ ៥០០ នាក់បានប្រើប្រាស់, សិក្ខាកាម សិស្ស និស្សិតចំនួន ១០០ ០០០ នាក់ បានចូលរៀនក្នុងប្រព័ន្ធជាតិ, មាតិកាមេរៀននិងវីដេអូមេរៀនចំនួន ៤ ៥០០ ត្រូវបានបញ្ចូលក្នុងប្រព័ន្ធជាតិ និងចំនួនអ្នកទាញយកកម្មវិធី TVET E-Learningដាក់ក្នុងថេប្លេត ឬស្មាតហ្វូនសរុបប្រមាណ ២០ ០០០នាក់ បានរៀបចំវគ្គបណ្តុះបណ្តាលសញ្ញាបត្របច្ចេកទេស និងវិជ្ចាជីវៈ ១ (C1) ពិសេសចំនួន ៦៥០០នាក់ នៅឆ្នាំ២០២១ ហើយក៏បានកំពុងផ្សព្វផ្សាយ និងរៀបចំវគ្គបណ្តុះបណ្តាលសញ្ញាបត្របច្ចេកទេស និងវិជ្ចាជីវៈ១ (C1) ពិសេសសម្រាប់ឆ្នាំ២០២២បន្តទៀតលើមុខជំនាញបច្ចេកទេស និងវិជ្ជាជីវៈសំខាន់ៗ រួមមាន៖ វិស័យ សំណង់ អគ្គិសនី មេកានិក កម្មន្តសាល ធុរកិច្ច ព័ត៌មានវិទ្យា និងទេសចរណ៍ ដែលទីផ្សារការងារកំពុងមានតម្រូវការខ្ពស់ក្នុងពេលបច្ចុប្បន្ន និងទៅអនាគតចំនួន ៧ ៥០០នាក់ បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍នានា ជាពិសេសធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC), សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) និងដៃគូអភិវឌ្ឍន៍ផ្សេងៗក្នុងការអភិវឌ្ឍប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ។
ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ បន្តជួយគាំទ្រសកម្មភាពសំខាន់ៗ របស់ក្រសួងក្នុងវិស័យ TVET មួយចំនួនរួមមាន៖ ១) ការអនុវត្តគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥, ២)ការអភិវឌ្ឍច្បាប់ TVET ៣)ការធ្វើឌីជីថលូបនីយកម្មវិស័យ TVET ឱ្យស្របតាមតម្រូវការប្រើប្រាស់ទាំងគ្រឹះស្ថាន TVET វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធផ្សេងៗ និង៤)សូមជួយគាំទ្រថវិកា និងបច្ចេកទេសក្នុងការរៀបចំសន្និសិទ TVET ក្នុងតំបន់ ASEAN ដែលនឹងរៀបចំឡើងនៅកម្ពុជានៅចុងឆ្នាំ២០២២នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។