ក្រសួង​វប្បធម៌ សហការ​ជាមួយ​យូណេស្កូ បើក​សិក្ខាសាលា​អំពី “​ការតម្រង់​គោលនយោបាយ​លើកស្ទួយ​ឧស្សាហកម្ម​វប្បធម៌ និង​ច្នៃ​ប្រតិដ្ឋ​”

​ភ្នំពេញ​៖ នៅ​ទី​២៥ ខែសីហា ឆ្នាំ​២០២២ ក្រសួង​វប្ប​ធ៌ និង​វិចិត្រសិល្បៈ សហការ​ជាមួយ​ការិយាល័យ​អង្គការ​យូណេស្កូ​ភ្នំពេញ បានរៀបចំ​សិក្ខាសាលា​ប្រឹក្សា​យោបល់​ស្តីពី “​ការតម្រង់​គោលនយោបាយ​លើកស្ទួយ​ឧស្សាហកម្ម​វប្បធម៌ និង​ច្នៃ​ប្រតិដ្ឋ​” នៅ​សណ្ឋាគារ​ហា​យ៉ា​ត់ រី​ជីន​ស៊ី ភ្នំពេញ​។

​សិក្ខាសាលា​ប្រព្រឹត្តទៅ​ក្រោម​អធិបតី​លោកជំទាវ បណ្ឌិតសភា​ចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ឯកឧត្តម Sardar Umar Alam តំណាង​យូណេស្កូ​ប្រចាំ​កម្ពុជា​។ ក្នុង​អង្គសិក្ខាសាលា​ដ៏​មាន​សារៈសំខាន់​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ តំណាង​ក្រសួង ស្ថាប័ន​នានា​ចំនួន​១២ និង​តំណាង​អង្គទូត​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ចំនួន​១៦ ព្រមទាំង​លោក លោកស្រី​តំណាង​អង្គការ​សង្គម​ស៊ីវិល​ជា​ដៃគូ​ពាក់ព័ន្ធ វាគ្មិន​កិត្តិយស​ជាតិ អន្តរជាតិ និង​សិក្ខាកាម​សរុប​ប្រមាណ​៩០​នាក់​។​

​អង្គសិក្ខាសាលា​នេះ រៀបចំឡើង​ក្នុង​គោលបំណង​សំខាន់​បី​គឺ​៖
-​ផ្សព្វផ្សាយ​របាយការណ៍​ជា​សកល​ផ្សាយ​លើក​ទី​៣ របស់​អង្គការ​យូណេស្កូ​អំពី​ការរៀបចំ​តម្រង់​គោលនយោបាយ​វប្បធម៌ ជំរុញ​ឲ្យ​មាន​ការច្នៃ​ប្រតិដ្ឋ​ដើម្បី​ការ​អភិ​វ​ឌ្ឍុ​។​
-​ពិនិត្យមើល​គោលនយោបាយ​តាម​ក្រសួង ស្ថាប័ន​ជាតិ និង​រដ្ឋ​ភាគី​ពាក់ព័ន្ធ ដើម្បី​គាំទ្រ​ផ្នែក​ច្នៃ​ប្រតិដ្ឋ​។​
-​សិក្សា​រៀនសូត្រ ដកស្រង់​បទពិសោធ​ពី​បណ្តា​ប្រទេស​នានា ដើម្បី​កែទម្រង់​គោលនយោបាយ លើកស្ទួយ​ដល់​ឧស្សាហកម្ម​វប្បធម៌ និង​ការច្នៃ​ប្រតិដ្ឋ​នៅ​កម្ពុជា​។​
​ឆ្លើយតប​នឹង​បំណង​ខាងលើ អង្គសិក្ខាសាលា​បានរៀបចំ​របៀបវារៈ​សំខាន់​ពីរ​គឺ​៖
-​បទ​បង្ហាញ​និង​ការពិភាក្សា​ផ្តោត​សំខាន់​លើ​ឧស្សាហកម្ម​វប្បធម៌ ជាពិសេស​ពិនិត្យ​លើ​គោលនយោបាយ​តាម​បណ្តា​ក្រសួង ដែលមាន​បទ​បង្ហាញ​ពី​តំណាង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។ ជា​លទ្ធផល​នៃ​បទ​បង្ហាញ និង​កិច្ចពិភាក្សា​បានបង្ហាញ​ឱ្យ​ពី​ស្ថានភាព​បច្ចុប្បន្ន និង​គោលនយោបាយ​ជាតិ​ដែល​ពាក់ព័ន្ធ​នឹង​ឧស្សាហកម្ម​វប្បធម៌​នៅ​កម្ពុជា កម្មសិទ្ធិបញ្ញា ម៉ាក​ទំនិញ ម៉ាក​ភូមិសាស្ត្រ និង​ការប្រមូល​ពន្ធ ព្រមទាំង​ការបង់ពន្ធ​លើ​វិស័យ​ឧស្សាហកម្ម​វប្បធម៌​។​
-​ឧស្សាហកម្ម​វប្បធម៌​ក្នុង​បរិបទ​អាស៊ី ដែលមាន​បទ​បង្ហាញ​ពី​តំណាង​ស្ថានទូត​ឥណ្ឌូណេស៊ី ហ្វីលីពីន កូរ៉េ ជប៉ុន ចិន និង​វៀតណាម ដើម្បី​ចែករំលែក​បទពិសោធ​ស្តីអំពី​គោលនយោបាយ​ពាក់ព័ន្ធ​នឹង​ឧស្សាហកម្ម​វប្បធម៌​ក្នុង​បណ្តា​ប្រទេស​នីមួយៗ​។ ជាការ​កត់សម្គាល់ នៅក្នុង​បរិបទ​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩ គេ​សង្កេតឃើញ​បណ្តា​ប្រទេស​ខ្លះ​នៅតែ​ទទួលបាន​ចំណូល​ថវិកាជាតិ​ខ្ពស់ តាមរយៈ​វិស័យ​ឧស្សាហកម្ម​វប្បធម៌ និង​ច្នៃ​ប្រតិដ្ឋ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close