ប្រជាពលរដ្ឋ​រស់នៅ​តំបន់​រមណីយដ្ឋាន​អង្គរ​ចំនួន​ជិត​៧០០​គ្រួសារ ដែល​បាន​ស្ម័គ្រចិត្ត​រុះរើ សំណង់​ខុសច្បាប់​របស់ខ្លួន ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ

​សៀមរាប​៖ ប្រជាពលរដ្ឋ​ដែល​បាន​តាំង​ទីលំនៅ​ខុសច្បាប់ នៅក្នុង​តំបន់​រមនីយដ្ឋាន​អង្គរ​ចំនួន ៦៨៩​គ្រួសារ ក្នុងនោះ មាន​ចំនួន​២៣៤ គ្រួសារ រស់នៅ​ភូមិ​ទក្សិណ​ត្បូង និង ចំនួន ៤៥៥ គ្រួសារ​ទៀត រស់នៅ​ភូមិ​ត្រពាំង​សេះ បាន​ស្ម័គ្រចិត្ត​រុះរើ​សំណង់​ខុសច្បាប់​របស់ខ្លួន ទៅ​តាំង​លំនៅដ្ឋាន​ថ្មី​ស្ថិតនៅ​តំបន់​ភូមិ​ធម្មជាតិ​រុន​តា​ឯក ស្រុក​បន្ទាយស្រី តាមរយៈ​នៃ​ចាប់ឆ្នោត​ទទួលយក​ដី​ឡូ​តិ៍ ក្នុង​មួយ​ឡូ​តិ៍​មាន​ទំហំ ២០​ម៉ែត្រ គុណ​នឹង ៣០​ម៉ែត្រ ដែល​ផ្តល់​ដោយ​រាជរដ្ឋាភិបាល នៅ​សាលា​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២២​នេះ ។

​លោក ហាយ យុង តំណាង​ក្រុមការងារ​តម្រង់ទិស នៃ​ក្រុមការងារ​វាស់វែង​ដី​ក្នុង​តំបន់​អង្គរ បាន​លើក​ថា គោលការណ៍​ផ្ដល់​ដី​ដំបូង​ដល់​ប្រជាពលរដ្ឋ​មាន​ចំនួន​ជិត ៧០០​គ្រួសារ​នេះ ពួកគាត់​បាន​ស្ម័គ្រចិត្ដ​ទទួលយក​ក្បាលដី​ទីតាំង​ថ្មី បន្ទាប់ពី​បាន​វាស់វែង​រកឃើញថា ពួកគាត់​សាងសង់​លំនៅឋាន​នៅលើ​ដី​តំបន់​អង្គរ​គ្មាន​ច្បាប់​អនុញ្ញាត ខណៈដែល​ប្រជាពលរដ្ឋ​មួយចំនួនទៀត​មិន​ព្រម​ទទួល និង​មិនទាន់​រក​ម្ចាស់​ឃើញ ដោយ​មានតែ​ផ្ទះ​។ ​លោក​បាន​បន្ដថា ការផ្ដល់​ដី​ទីតាំង​ថ្មី​ដល់​ប្រជាពលរដ្ឋ​ជំ​ហ៊ាន​ដំបូង​នេះ អាច​នឹង​ចាប់ផ្ដើម​រុះរើ​លំនៅឋាន​ឱ្យ​ពួកគាត់​នៅ​ចុងឆ្នាំ​២០២២​នេះ ដោយសារ​ប្រជាពលរដ្ឋ​ខ្លះ​ជាប់​មានកូន​រៀន និង​ជួប​បញ្ហា​ផ្សេងៗ ប៉ុន្ដែ​មាន​ប្រជាពលរដ្ឋ​ខ្លះ​ពួកគាត់​បាន​រុះរើ​មួយចំនួន​ហើយ ។

​លោក​ថា អាជ្ញាធរ​នឹង​ឱ្យ​ពួកគាត់​ទៅពិនិត្យ​មើល​ក្បាលដី ក្រោយពី​ចាប់ឆ្នោត​រួច​បាន​ចាប់ពី ៤​ទៅ​៥​ថ្ងៃ ខណៈ​ក្រុមការងារ​កំពុង​ឈូសឆាយ​រៀបចំ​ប្លង់ដី​ស្របច្បាប់ ដែល​ទីតាំង​ដី​ថ្មី​នេះ ស្ថិតនៅ​ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រី ព្រមទាំង​មានការ​អភិវឌ្ឍ​គ្រប់​វិស័យ ដូចជា​សាលារៀន មន្ទីរពេទ្យ ទី​វត្ដ​អារាម និង​មាន​ផ្លូវថ្នល់​ខ្វាត់ខ្វែង​ផងដែរ​។

​គួររំលឹកថា កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២២​កន្លងទៅនេះ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ និង​ជា​ប្រធាន​នៃ​ក្រុម​ញ​ការងារ​តម្រង់ទិស​ដើម្បី​ដោះស្រាយ​បញ្ហា​សំណង់​និង​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​និង​តំបន់​មួយចំនួនទៀត បាន​ដឹកនាំ​កិច្ចប្រជុំ​មួយ នៅក្នុង​សាលសន្និសីទ​អង្គរ របស់​អាជ្ញាធរ​ជាតិ​អប្សរា ជុំវិញ​ការសាងសង់​សំណង់​ខុសច្បាប់​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ និង ប្រកាស​បើក​យុទ្ធនា​ការចុះវាស់វែង កំណត់​និយាម​ក្បាលដី​និង​អត្តសញ្ញាណ​អ្នកកាន់កាប់​ក្បាលដី​និង​សំណង់​ខុសច្បាប់​ទាំងឡាយ នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​និង​តំបន់​ដទៃទៀត ស្ថិតក្នុង​តំបន់​១ និង​តំបន់​២ ។​

​អនុវត្តតាម​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល​លេខ ២៦ សសរ ចុះ​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០២២ ស្តីពី ការបង្កើត​ក្រុមការងារ​តម្រង់ទិស ដើម្បី​ដោះស្រាយ​បញ្ហា​សំណង់​ខុសច្បាប់​និង​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ និង​តំបន់​ដទៃទៀត​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​អាជ្ញាធរ​ជាតិ​អប្សរា ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង សំណង់ បាន​ចាត់​បញ្ជូន​ក្រុមការងារ​បច្ចេកទេស​ចំនួន ៦៨ ក្រុម មាន​មន្ត្រី​ជំនាញ​សរុប​ចំនួន ៧៨១ រូប ចុះ​សហការ​ជាមួយ​មន្ត្រី​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ចំនួន​៣៥២ រូប ដោយមាន​ការសហការ ជាមួយ​មន្ត្រី​មូលដ្ឋាន​ថ្នាក់ភូមិ រដ្ឋបាល​ឃុំ សង្កាត់ ក្រុង ស្រុក ចំណុះ​រដ្ឋបាល​ខេត្តសៀមរាប ដើម្បី​ចុះ​វាស់វែង កំណត់​និយាម​កា​ក្បាលដី និង​អត្តសញ្ញាណ​អ្នកកាន់កាប់​ដី​និង​សំណង់​ខុសច្បាប់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ នឹង​តំបន់​ដទៃទៀត ស្ថិតក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា ក្នុង​បំណង​ការពារ​សម្បត្តិ​បេតិកភណ្ឌ​នៅក្នុង​តំបន់​អង្គរ ដែល​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក និង ដើម្បី​បញ្ចៀស​ការខុស​នូវ​លក្ខ​ន្តិ​កៈនា​នារ​បស់​អង្គការ​យូណេស្កូ ដែល​ប្រឈម​នឹង​ការដក​ប្រាសាទ​អង្គរ​ចេញពី​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។​

​យុទ្ធនា​ការចុះវាស់វែង ក្នុង​រយៈពេល​៦​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៨​ដល់​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២២​នេះ ក្រុមការងារ​បច្ចេកទេស​បានសម្រេច​លទ្ធផល​- វាស់វែង​ក្បាលដី​បាន​ចំនួន ២០ ០៣១ ក្បាលដី ក្នុងនោះ​ក្បាលដី​មាន​សំណង់​ចំនួន ១២.៣១៥ ក្បាលដី , ក្បាលដី​គ្មាន​សំណង់​ចំនួន ៦ ៧៣៧ ក្បាលដី ក្នុង​ទំហំ​សរុប ៤០ ១១៨ ហិកតា​នៃ​ទីតាំង , បំពេញ​សម្រង់​ព័ត៌មាន​របស់​អ្នក​សាងសង់ និង​កាន់កាប់​ដី​បាន​ចំនួន ១៧ ៣២២ គ្រួសារ ក្នុងនោះ​ប្រជាពលរដ្ឋ​ដែល​បាន​តាំង​ទីលំនៅ​ខុសច្បាប់​សរុប​ចំនួន ៦៨៩ គ្រួសារ ក្នុងនោះ ចំនួន ២៣៤​គ្រួសារ ស្ថិតនៅ​ភូមិ​ទក្សិណ​ត្បូង និង ចំនួន ៤៥៥​គ្រួសារ ស្ថិតនៅ​ភូមិ​ត្រពាំង​សេះ បាន​ស្ម័គ្រចិត្ត​ទៅ​រស់នៅ​តំបន់​ភូមិ​ធម្មជាតិ​រុន​តា​ឯក និង​ប្រជាពលរដ្ឋ​ដែល​សាងសង់​តូប​លក់​វត្ថុ​អនុស្សាវរីយ៍​ខុសច្បាប់ ចំនួន ៤៤ តួ​ប បាន​ស្ម័​ត្រ​ចិត្ត​រុះរើ ក្នុងនោះ​មាន ៣៤ តួ​ប ស្ថិតនៅលើ​ខឿន​ជុំវិញ​ស្រះស្រង់ ភូមិ​ស្រះស្រង់​ខាងត្បូង សង្កាត់​នគរធំ និង ចំនួន​១០​តូប ស្មើ ៧៩ ខ្ទុះ ស្ថិតនៅ​ភូមិ​ទក្សិណ​ត្បូង និង​ភូមិ​វាល សង្កាត់​គោកចក ក្រុង​សៀមរាប ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close