គ្រោះមហន្តរាយ​ទឹកជំនន់ អាចធ្វើ​ឲ្យ​សេដ្ឋកិច្ចពិភពលោក​ខាតបង់ ៥.៦​ទ្រី​លាន​ដុល្លារ នៅ​ឆ្នាំ​២០៥០

​គ្រោះរាំងស្ងួត ខ្យល់ព្យុះ និង​ភ្លៀង​ធ្លាក់​ខ្លាំង​នៅក្នុង​បណ្តា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំជាងគេ​មួយចំនួន របស់​ពិភពលោក អាច​បណ្តាលឱ្យ​មានការ​ខាតបង់​ចំនួន ៥.៦​ពាន់​ពាន់​លាន​ដុល្លារ​ដល់​សេដ្ឋកិច្ចពិភពលោក នៅ​ឆ្នាំ​២០៥០ នេះ​បើ​យោងតាម​របាយការណ៍រ​បស់ ក្រុមហ៊ុន​វិស្វកម្ម និង​ប្រឹក្សា​បរិស្ថាន កម្រិត​ពិភពលោក ហៅ​កាត់​ថា GHD មាន​មូលដ្ឋាន​នៅ​ប្រទេស​កាណាដា បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ចន្ទ​។​

​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុងឆ្នាំនេះ​បាន​បង្ក​ជា​ទឹកជំនន់​ដែល​ជន់​លិច​ទីក្រុង​នានា ក្នុងប្រទេស​ធំៗ និង​បាន​រំខាន​ដល់​ការផ្គត់ផ្គង់​ទឹក និង​អគ្គិសនី នៅក្នុង​ប្រទេស​ឥណ្ឌា ខណៈដែល​គ្រោះរាំងស្ងួត​បានធ្វើឱ្យ​ការប្រមូល​ផល​របស់​កសិករ​មាន​ហានិភ័យ​នៅ​ទូទាំង​ទ្វីបអឺរ៉ុប​។​

​ដោយឡែក កាលពី​ឆ្នាំមុន គ្រោះរាំងស្ងួត ទឹកជំនន់ និង​ព្យុះ​ខ្លាំង បាន​នាំឱ្យមាន​ការខាតបង់​ជា​សកល​ជាង ២២៤ ពាន់​លាន​ដុល្លារ នេះ​បើ​យោងតាម​ទិន្នន័យ​ព្រឹត្តិការណ៍​សង្គ្រោះបន្ទាន់ ដែល​រក្សាទុក ដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​លើ​ការរីក​រាលដាល​នៃ​គ្រោះមហន្តរាយ​ដែលមាន​មូលដ្ឋាន នៅ​ទីក្រុង​ព្រុ​ច​សែ​ល ប្រទេស​ប៊ែ​ហ្ស៊ិ​ក​។ ប៉ុន្តែ ដោយសារ​ការប្រែប្រួល​អាកាសធាតុ​ជំរុញឱ្យមាន​ភ្លៀង​ធ្លាក់​ខ្លាំង ទឹកជំនន់ និង​គ្រោះរាំងស្ងួត​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​ខាងមុខ ការចំណាយ​ទាំងនេះ​នឹង​កើនឡើង នេះ​ជាការ​ព្រមាន​ពី​របាយការណ៍​ដដែល​។​

GHD បាន​វាយតម្លៃ​ហានិភ័យ​ទឹក នៅក្នុង​ប្រទេស​ចំនួន​ប្រាំពីរ ដែល​តំណាងឱ្យ​លក្ខខណ្ឌ​សេដ្ឋកិច្ច និង​អាកាសធាតុ​ផ្សេងៗ​គ្នា សហរដ្ឋអាមេរិក ចិន កាណាដា ចក្រភព​អង់គ្លេស ហ្វីលីពីន អេ​មី​រ៉ា​ត​អារ៉ាប់​រួម និង​អូស្ត្រាលី ។ ដោយ​ប្រើ​ទិន្នន័យ​ធានារ៉ាប់រង​ជាស​កល និង​ការសិក្សា​វិទ្យាសាស្ត្រ​អំពី​របៀប​ដែល​ព្រឹត្តិការណ៍​ធ្ងន់ធ្ងរ​អាច​ប៉ះពាល់​ដល់​វិស័យ​ផ្សេងៗ​គ្នា ក្រុមការងារ​បាន​ប៉ាន់ប្រមាណ​ចំនួន​នៃ​ការខាតបង់​ដែល​ប្រទេស​ប្រឈមមុខ​ទាក់ទង​នឹង​ការចំណាយ​ភ្លាមៗ ក៏ដូចជា​សេដ្ឋកិច្ច​ទាំងមូល​។​

​ដូចជា គ្រាន់តែ​នៅ​សហរដ្ឋអាមេរិក ដែលជា​មហាអំណាច​សេដ្ឋកិច្ច​ធំជាងគេ​លើ​ពិភពលោក ការខាតបង់​អាច​នឹង​មាន​ចំនួន​សរុប ៣.៧​ពាន់​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​២០៥០ ជាមួយនឹង​ផលិតផល​ក្នុងស្រុក​សរុប​របស់​ស​ហ​រដ្ឋ​អាមេរិក​បាន ធ្លាក់ចុះ​ប្រហែល ០.៥% ក្នុង​មួយឆ្នាំ រហូតដល់​ពេលនោះ​។​

​ក្នុងចំណោម​វិស័យ​អាជីវកម្ម​ដែលមាន​សារៈសំខាន់​បំផុត​សម្រាប់​សេដ្ឋកិច្ចពិភពលោក ការផលិត និង​ការ​ចែកចាយ​នឹងរង​ផលប៉ះពាល់​ខ្លាំង​បំផុត​ដោយ​គ្រោះមហន្តរាយ​ដែលមាន​តម្លៃ ៤.២​ពាន់​ពាន់​លាន​ដុល្លារ ដោយសារ​កង្វះ​ទឹក​រំខាន​ដល់​ផលិតកម្ម ខណៈដែល​ព្យុះ និង​ទឹកជំនន់​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ នានា​។ វិស័យ​កសិកម្ម​ដែល​ងាយ​រងគ្រោះ​ទាំង​គ្រោះរាំងស្ងួត និង​ភ្លៀង​ធ្លាក់​ខ្លាំង អាច​ខាតបង់​ប្រាក់​ចំនួន ៣៣២ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០៥០​។ វិស័យ​ផ្សេងទៀត​ដែល​ប្រឈមមុខ​នឹង​បញ្ហា​ធំៗ​គឺ​ការ​លក់រាយ ធនាគារ និង​ថាមពល​។​

​នៅក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោក នៅ​ឆ្នាំ​២០២២ នៅ​ទីក្រុង​ដា​វ៉ូស ប្រទេស​ស្វី​ស ក្រុម​អ្នកជំនាញ​សាកល​មួយក្រុម​បាន​បើក​ដំណើរការ​គណៈកម្មាការ​ថ្មី​មួយ ដើម្បី​ស្រាវជ្រាវ​សេដ្ឋកិច្ច​ទឹក ដែលមាន​គោលបំណង​ផ្តល់យោបល់​ដល់​អ្នកបង្កើត​គោលនយោបាយ​ស្តីពី​ការគ្រប់គ្រង​ទឹក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close