រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​សភា​ស​ហ​រដ្ឋ​អាម៉េរិក ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​និង​វិនិយោគ​កម្ពុជា​-​សហរដ្ឋ​អាម៉េរិក​

​ភ្នំពេញ​៖ នា​រសៀល​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២២ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​សភា​ស​ហ​រដ្ឋ​អាម៉េរិក ដែល​ដឹកនាំ​ដោយ លោកជំទាវ Carol Miller សមាជិកសភា​សហរដ្ឋ​អាម៉េរិក​ប្រចាំ​រដ្ឋ West Virginia ក្នុង​គោលបំណង ឈ្វេងយល់​ពី​កាលានុវត្តភាព​វិនិយោគ​នៅ​កម្ពុជា និង​សំដៅ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​។​

ជា​កិច្ច​ចាប់ផ្តើម ឯកឧត្តម​រដ្ឋមន្ត្រី បាន​សម្តែង​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​គណៈប្រតិភូ ព្រមទាំង​សហការី ដែល​បាន​អញ្ជើញ​មក​ធ្វើ​ទស្សនកិច្ច​ដោយផ្ទាល់​នៅ​ក្រសួងពាណិជ្ជកម្ម និង​បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក​ក្នុងការ​ផ្តល់នូវ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ ដល់​កម្ពុជា​ប្រមាណ​ជាង ៣​លាន​ដូ​ស ដល់​ប្រជាជន​កម្ពុជា ដែល​នេះ​ជាការ​រួមចំណែក​យ៉ាងសំខាន់​ដល់​ការបើក​សកម្មភាព​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​ឡើងវិញ​។​

​ជាមួយគ្នានេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជម្រាបជូន​អំពី​វឌ្ឍន​ភាពជោគជ័យ​នៃ​ការរៀបចំ​កិច្ចប្រជុំ​អាស៊ាន ដែល​កម្ពុជា​ធ្វើជា​ប្រធាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នានា ជាពិសេស​ការត្រៀម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី​៥៤ នៅ​សៀមរាប នាពេល​ខាងមុខនេះ​។ បន្ថែម​ពីនេះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​លើកឡើង​ពី​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​អាម៉េរិក ដែលមាន​ការកើនឡើង​យ៉ាង​ល្អប្រសើរ ទោះបី​ស្ថិតក្នុង​វិបត្តិ​កូ​វីត​-១៩ ក៏ដោយ​។​

​លើសពីនេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជម្រាបជូន​ជា​សង្ខេប​ពី​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្របខ័ណ្ឌ​ច្បាប់​នានា​ដែល​គាំទ្រ​ដល់​ការធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​នៅ​កម្ពុជា ប្រកបដោយ​ភាព​ប្រកួតប្រជែង​ខ្ពស់ ដើម្បី​ឈានដល់​ការសម្រេច​គោលដៅ​ក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​ជាងនេះទៅទៀត ឯកឧត្តម​រដ្ឋមន្ត្រី បានលើកឡើង​ពី​អត្ថប្រយោជន៍​ដែល​កម្ពុជា​ទទួលបាន​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) របស់​សហរដ្ឋ​អាម៉េរិក ដែល​បាន​ទាក់ទាញ​រោងចក្រ​ផលិត​សម្ភារៈ​ធ្វើដំណើរ​ជាច្រើន​មក​កម្ពុជា និង​បាន​បង្កើត​ការងារ​ជាច្រើន​ដល់​ប្រជាជន​កម្ពុជា​។​

​ឆ្លៀត​ក្នុងឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បានស្នើ​ឱ្យ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក​ជួយ​គាំទ្រ និង​បន្ត​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) របស់​សហរដ្ឋ​អាម៉េរិក​ដល់​កម្ពុជា​បន្ត​ទៀត ព្រមទាំង​បានបញ្ជាក់​ពី​តម្រូវការ​ចាំបាច់​របស់​កម្ពុជា​នាពេល​បច្ចុប្បន្ន ក្នុងការ​អភិវឌ្ឍ​លើ​វិស័យ​បច្ចេកវិទ្យា ស្របតាម​បរិបទ​ថ្មី​នៃ​សង្គម​ឌីជីថល រួមមាន​៖ បច្ចេកវិទ្យា​ថ្មីៗ អ្នកបច្ចេកទេស និង​ការអភិវឌ្ឍ​ធនធានមនុស្ស ជាដើម​។​

​ជាការ​ឆ្លើយតប លោកជំទាវ និង ឯកឧត្តម​សមាជិកសភា​សហរដ្ឋ​អាម៉េរិក បាន​ថ្លែងអំណរគុណ​យ៉ាង​ក្រៃលែង​ដល់ ឯកឧត្តម​រដ្ឋមន្ត្រី ព្រមទាំង​ថ្នាក់ដឹកនាំ​នៃ​ក្រសួងពាណិជ្ជកម្ម ដែល​បានទទួល​គណៈប្រតិភូ​យ៉ាង​កក់ក្តៅ និង​បាន​សម្តែង​ចំណាប់អារម្មណ៍​ចំពោះ​បរិយាកាស​ធុរកិច្ច និង​វិនិយោគ​នៅ​កម្ពុជា លើ​វិស័យ​សំខាន់ៗ​មួយចំនួន និង​ស្វែងយល់​ពី​សក្តានុពល​រប​ស់​កម្ពុជា និង​កិច្ចការ​នានា ដែល​សហរដ្ឋ​អាម៉េរិក​អាចជួយ​ជ្រោមជ្រែង​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​កម្ពុជា​។​

​ជា​កិច្ចបញ្ចប់ ឯកឧត្តម​រដ្ឋមន្ត្រី និង​លោកជំទាវ​គណៈប្រតិភូ បាន​សម្តែង​នូវ​ការប្តេជ្ញាចិត្ត​បន្ត​កិច្ចសហការ​សម្របសម្រួល និង​ជំរុញ​សកម្មភាព​ធុរកិច្ច និង​វិនិយោគ ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំងពីរ ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close