កម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃសន្និសីទអន្តរជាតិស្ដីពី កិច្ចការពារសម្បត្តិបេតិកភណ្ឌវប្បធម៌
ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២នេះ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ ស្ដីពីកិច្ចការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ “ការការពារ និងទប់ស្កាត់ការចរាចរជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់ ៖ ទស្សនៈពីអាស៊ាន” នៅខេត្តសៀមរាបក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ក្នុងពិធីបើកសន្និសីទអន្តរជាតិនេះដែរ ក៏មានការផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ថ្លែងសុន្ទរកថាស្វាគមន៍តាមរយៈអនឡាញ ពីឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា វេទិកានេះមានគោលបំណង ពិភាក្សាអំពីយុទ្ធសាស្ត្រដែលរដ្ឋាភិបាលនៃរដ្ឋសមាជិកអាស៊ានមួយចំនួន ដែលបានទទួលផលក្នុងការប្រគល់ទទួលវត្ថុបុរាណដែលត្រូវបានលួចត្រឡប់មកវិញ។
ជាមួយគ្នានេះ ឯកឧត្តមសង្ឃឹមថា ប្រទេសពាក់ព័ន្ធនឹងសហការគ្នាឆ្ពោះទៅរកការអនុវត្តសកម្មភាពរួមក្នុងការការពារបេតិកភណ្ឌវប្បធម៌ ទន្ទឹមនឹងការលើកកម្ពស់ការយល់ដឹង និងការផ្លាស់ប្តូរវប្បធម៌ដែលជាមូលដ្ឋានគ្រឹះនៃគោលដៅសុខសន្តិភាព និងការអភិវឌ្ឍន៍សេដ្ឋកិច្ចអាស៊ាន។ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាបញ្ចប់ការជួញដូរវត្ថុបុរាណ ហើយយើងនឹងធ្វើការរួមគ្នាជាមួយរដ្ឋាភិបាលអន្តរជាតិ និងដៃគូវិស័យឯកជន ដើម្បីឈានដល់ការបញ្ចប់រឿងនេះ៖ «យើងជឿជាក់ថាបញ្ហានៃការជួញដូរវត្ថុបុរាណគឺជាបញ្ហាដ៏ស្មុគស្មាញ និងជាបញ្ហានៃសមាជិកអាស៊ានផ្សេងទៀត។ ហេតុដូចនេះយើងបានអញ្ជើញតំណាងរដ្ឋាភិបាលអាស៊ាន អាស៊ានបូកបី ដៃគូសន្ទនា និងក្រុមអ្នកជំនាញអន្តរជាតិមកថ្ងៃនេះ ដើម្បីអភិវឌ្ឍន៍ជំហានទៅមុខរួមគ្នា»។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានគូសបញ្ជាក់ផងដែរថា កន្លងមកសម្បត្តិវប្បធម៌ជាច្រើនរបស់កម្ពុជាត្រូវបានគេលួចនាំចេញដោយខុសច្បាប់ពីប្រទេស និងបានចរាចរទៅដាក់លក់នៅលើទីផ្សារសិល្បៈអន្តរជាតិ។ ការលួចបំផ្លិចបំផ្លាញនេះហើយ ដែលនាំឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទីតាំងសម្បត្តិបេតិកភណ្ឌវប្បធម៌ លប់បំបាត់ការយល់ដឹងពីប្រវត្តិសាស្ត្រ និងអត្តសញ្ញាណរបស់ប្រជាជាតិមួយ។ សម្បត្តិវប្បធម៌ជាតិទាំងនោះ គួរតែស្ថិតនៅទីតាំងដើមរបស់វា ដែលជាដួងព្រលឹង និងជាកិត្យានុភាពជាតិ ទើអាចបង្កើតការងារចម្រុះដែលជាចរន្តសេដ្ឋកិច្ចដល់មនុស្សជាតិ។ ការយល់ដឹងអំពីកិច្ចការពារសម្បត្តិវប្បធម៌ និងការអភិរក្ស គឺជាកត្តាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងជាភារកិច្ចចម្បងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ជាមួយគ្នានេះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមផងដែរថា កន្លងមកពាក់ព័ន្ធនឹងការទាមទារមកវិញនូវសម្បត្តិវប្បធម៌ជាតិកម្ពុជា បានបង្ហាញឲ្យឃើញពីភាពជោគជ័យតាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងទាមទារកវិញនូវសម្បត្តិវប្បធម៌ជាតិដែលត្រូវបានគេលួចនាំចេញដោយខុសច្បាប់។
លោកជំទាវសង្ឃឹមថា ការរៀបចំសន្និសីទអន្តរជាតិប៉ុន្មានថ្ងៃនេះ នឹងអាចផ្តល់ឱកាសក្នុងកិច្ចពិភាក្សាយ៉ាងស៊ីជម្រៅ អំពីទំហំនៃការជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់នៅក្នុងតំបន់ និងបានគូសបញ្ជាក់យុទ្ធសាស្ត្រនានា ដែលអាចនិយាយបានថា ជាការចាប់ផ្តើមទទួលផ្លែផ្កានៃការនាំត្រឡប់មកវិញនៃវត្ថុបុរាណដែលត្រូវបានលួចទៅ៖ « យើងបាននឹងកំពុងរៀនសូត្រពីគ្នាទៅវិញទៅមកពីភាពសកម្មក្នុងនាមជាសមាជិកអាស៊ាន ក្នុងការការពារសម្បត្តិបេតិកភណ្ឌក្នុងតំបន់ ការលើកកម្ពស់ក្រមសីលធម៌ និងទីផ្សារសិល្បៈស្របច្បាប់។ បេសកកម្មនេះ គឺស្របតាមគោលបំណងសំខាន់របស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ ស្ដីពីកិច្ចការពារ និងការលើកកម្ពស់អត្តសញ្ញាណអាស៊ាន ទន្ទឹមនឹងនេះ កម្ពុជាក៏សង្ឃឹមថា នឹងអាចលើកស្ទួយការយល់ដឹងពីវប្បធម៌ និងជំរុញគោលដៅចម្បងនៃអាស៊ាន គឺសន្តិភាព សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់អាស៊ីអាគ្នេយ៍»។
សូមបញ្ជាក់ថា សន្និសីទអន្តរជាតិនេះរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមសហការដោយ Antiquities Coalition នៃសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីពិភាក្សា លើការការពារ និងការទប់ស្កាត់ការជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់ ដែលកំពុងរងការគម្រាមកំហែងដល់បេតិកភណ្ឌដ៏សម្បូរបែបក្នុងតំបន់អាស៊ីអាគ្នេយ៍, សហគមន៍ក្នុងតំបន់ និងសេដ្ឋកិច្ចជាតិ ដែលជាកត្តាចាំបាច់របស់ប្រជាជននៃតំបន់អាស៊ីអាគ្នេយ៍ ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីរដ្ឋាភិបាលនានានៅក្នុងតំបន់អាស៊ាន រួមជាមួយអ្នកជំនាញជាន់ខ្ពស់មកពីជុំវិញពិភពលោក ដែលជាអ្នកដឹកនាំផ្នែកគោលនយោបាយ ការអនុវត្តច្បាប់ សារមន្ទីរនានា ទីផ្សារសិល្បៈ និងសង្គមស៊ីវិលជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។