រដ្ឋមន្ត្រីក្រសួង​ការងារ​៖ ADB កំពុង​រៀបចំ គម្រោង​ជំនាញ​សម្រាប់​សេដ្ឋកិច្ច​នាពេល​អនាគត ដើម្បី​ជួយ​ឧស្សាហកម្ម​នៅ​កម្ពុជា មាន​ភាពប្រសើរឡើង​

​ភ្នំពេញ​៖ ADB បាននិងកំពុង​សិក្សា​ស្រាវជ្រាវ​រៀបចំ​គម្រោង​ថ្មី ឈ្មោះថា “​គម្រោង​ជំនាញ​សម្រាប់​សេដ្ឋកិច្ច​នាពេល​អនាគត (Skills for Future Economy)” មាន​គោលបំណង​ចម្បង​គឺ​ធ្វើឱ្យ​ឧស្សាហកម្ម​នៅ​កម្ពុជា​ប្រសើរឡើង ជារួម គម្រោង​ទាំងនេះ បាន​ចូលរួម​អនុវត្ត​ឆ្លើយតប​ទៅនឹង​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​, គោលនយោបាយ​អភិវឌ្ឍ​ន៍​មុខរបរ និង​ការងារ​, គោលនយោបាយ​ជាតិ ស្តីពី​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​, ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​, ផែនការ​យុទ្ធសាស្ត្រ​សកម្មភាព​ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​ផែនការមេ​សម្រាប់​ការអភិវឌ្ឍ​គ្រឹះស្ថាន TVET រួមមាន​៖ ហេដ្ឋារចនាសម្ព័ន្ធ​, ការបំពាក់​ឧបករណ៍​សម្ភារ​, ការអភិវឌ្ឍ​ធនធានមនុស្ស​, ការអភិវឌ្ឍ​កម្មវិធីសិក្សា​, ការបណ្តុះបណ្តាល​, ប្រាក់ឧបត្ថម្ភ​សិស្ស​, កម្មសិក្សា (​គ្រូ​និង​សិស្ស​) និង​ការសិក្សា​ផ្អែកលើ​ការងារ​។​

​នេះ​ជាការ​បញ្ជាក់ របស់​ឯកឧត្តម​បណ្ឌិត អ៉ិ​ត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នា​ព្រឹក​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២២ ក្នុងឱកាស​អនុញ្ញាត​ឲ្យ​លោកជំទាវ Jyotsana Varma នាយិកា​ប្រចាំ​ប្រទេស​នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​មួយចំនួន ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) នៅ​ទីស្តីការក្រសួង​ការងារ​។

​ក្នុងនាម​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឯកឧត្តម​បណ្ឌិត អ៉ិ​ត សំហេង បាន​ស្វាគមន៍ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​បេសកម្ម និង​កិច្ចសហប្រតិបត្តិការ​នា​ពេលកន្លងមក របស់លោក​ជំទាវ Jyotsana Varma ជាមួយ​រាជរដ្ឋាភិបាល​ក​ម្ពូ​ជា​។ ឯកឧត្តម​រដ្ឋមន្ត្រី គូសបញ្ជាក់ថា តាំងពី​កម្ពុ​ជាមាន​សន្តិភាព​ពេញលេញ ADB បាន​ចូលរួមចំណែក​យ៉ាងសំខាន់ ក្នង​ភាពជា​ដៃគូ ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​កម្ពុជា ឲ្យ​មាន​វឌ្ឍនភាព ប្រកបដោយ​ផ្លែផ្កា​។

ADB គឺជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​ល្អ​មួយ​ក្នុង​រយៈពេល​បី​ទស្សវត្ស​កន្លងមកនេះ ដោយបាន​គាំទ្រ​វិស័យ TVET តាំងពី​ឆ្នាំ​១៩៩៦ ជាមួយនឹង​ការផ្តល់​ហិរញ្ញប្បទាន​លើ​គម្រោង Basic Skills Project និង​បន្ត​គាំទ្រ​វិស័យ TVET តាមរយៈ​កម្មវិធី​អភិវឌ្ឍន៍​វិស័យ​អប់រំ​ទី​១ និង​ទី​២, គម្រោង​ពង្រឹង​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (STVET), គម្រោង​អភិវឌ្ឍន៍​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVETSDP) ដែល​នឹង​ចប់​ជា​ស្ថាពរ​នៅ​ខែកញ្ញា ឆ្នាំ​២០២២ និង​គម្រោង​ជំនាញ​សម្រាប់​ការប្រកួតប្រជែង (Skills for Competitiveness) ដែល​កំពុង​អនុវត្ត ហើយនឹង​ត្រូវ​បញ្ចប់​នៅ​ខែមេសា ឆ្នាំ​២០២៥​។​

នាឱកាស​នោះ លោកជំទាវ Jyotsana Varma មានប្រសាសន៍ថា នៅក្នុង​ដំណាក់កាល​កូ​វីដ​-១៩ ទាំង​ADB និង​រាជរដ្ឋាភិបាល​កម្ពុជា មាន​កិច្ចការ​ច្រើនណាស់ ដើម្បី​រួមគ្នា​សម្រេចបាន​ជោគជ័យ ធ្វើ​យាង​ណា​ឲ្យ​យុវជន​ទទួលបាន​ការបណ្តុះបណ្តាល ទាំង​ចំណេះដឹង ជំនាញ កសាង​អនាគត​របស់​ពួកគេ​ឲ្យ​ភ្លឺស្វាង​។ យុវជន​ក​ម្ពូ​ជា​ចាំបាច់​ត្រូវមាន​ការអភិវឌ្ឍ​ចំណេះដឹង​របស់ខ្លួន​ដើម្បី​ដើរ​ឲ្យ​ទាន់​នូវ​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​ដ៏​ឆាប់រហ័ស​។

​ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​លើកឡើង​ពី​បញ្ហា​ប្រឈម​មួយចំនួន ដូចជា​កង្វះ​ពលកម្ម​ជំនាញ​របស់​កម្ពុជា ដើម្បី​ផ្គត់ផ្គង់​ទៅដល់​ទីផ្សារការងារ​។ យុវជន និង​សហគមន៍​មិនទាន់​បានផ្តល់​តម្លៃ​ទៅលើ​ជំនាញ​TVET​នេះ​ឲ្យ​បាន​ច្រើន​នៅឡើយ​ភាគច្រើន​អ្នក​ដែល​បាន​ចូលរៀន​ជំនាញ​TVET ជា​ក្រុម​ជនរងគ្រោះ អ្នក​បោះបង់​ការសិក្សា និង​អ្នក​ដែល​ធ្វើការ​ហើយ ត្រូវការ​បណ្តុះបណ្តាល​ប​ន្ត​។ ដើម្បី​ធ្វើ​កិច្ចការ​ទាំងនេះ​ឲ្យ​មាន​លទ្ធផល​ល្អ រដ្ឋាភិបាល​កម្ពុជា ត្រូវការ​ចូលរួម​ពី​ADB ដែលមាន​ជំនាញ និង​បទពិសោធន៍ ក្នុង​ការជួយ​លើ​កិច្ចការ​ទាំងនេះ​បន្ថែមទៀត​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី បានស្នើ​ដល់​ភាគី​ADB បន្ត​ជួយ​ជា​ជំនួយ​បច្ចេកទេសផ្នែក​វិស័យ​ការងារ និង​កិច្ចសហប្រតិបត្តិការ​បន្ត​ទៀត​លើ​វិស័យ TVET ដែលជា​មុំ​មួយ​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ ផ្តោតលើ​ការអភិវឌ្ឍ​ធនធានមនុស្ស​នេះ​។​

​ពាក់ព័ន្ធ​នឹង​ក្តីកង្វល់​របស់​ឯកឧត្តម​រដ្ឋមន្ត្រី ទៅលើ​កង្វះខាត​កម្លាំង​ពលកម្ម​ជំនាញ លោកជំទាវ បាន​បញ្ជាក់ថា កម្ពុជា​ត្រូវ​ផ្តោតលើ​វិស័យ​អាទិភាព​មួយចំនួន ឲ្យ​ក្លាយជា​វិស័យ​នាំមុខ ដោយ​ការបង្កើត​មជ្ឈមណ្ឌល​ន​វា​នុ​វត្ត​ន៍​ជាដើម ដោយមាន​ការទទួលស្គាល់​ជំនាញ​ពីគ្នា​ទៅវិញទៅមក​។ ចំណែក ការជំរុញ​ឲ្យ​មានការ​ចុះឈ្មោះ​ចូលរៀន​ជំនាញ​TVET លោកជំទាវ ចង់​ឲ្យ​កម្ពុជា បង្កើតជា​ទូត​សុ​ឆន្ទៈ​គម្រូ​ឲ្យ​បាន​ច្រើន ដើម្បី​ពន្យល់​ពី​ភាពជោគជ័យ បន្ទាប់ពី​បាន​រៀន​ជំនាញ​TVET​នេះ ទៅកាន់​យុវជន និង​សហគមន៍​ឲ្យ​បាន​យល់ដឹង​កាន់តែ​ទូលំទូលាយ​។  ​ចំពោះ​សំណើរ របស់​ឯកឧត្តម​រដ្ឋ​មន្ត្រី ដើម្បី​ឲ្យ ADB ជួយ​ជា​ជំនួយ​បច្ចេកទេស និង​បន្ត​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​ការងារ បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​នោះ លោកជំទាវ​រីករាយ និង​យក​សំណើ​ទាំងនេះ​ទៅ​ជជែក​ពិភាក្សា​ជាមួយ​សហការី​របស់លោក​ជំទាវ​បន្ថែមទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close