សម្ដេច​ក្រឡាហោម ស ខេង ដឹកនាំ​កិច្ចប្រជុំ ត្រួតពិនិត្យ​ការប្រយុទ្ធប្រឆាំង​គ្រប់​ទម្រង់ នៃ​អំពើ​ជួញដូរ​មនុស្ស ជួញដូរ​ពលកម្ម និង​អាជីវកម្ម​ផ្លូវភេទ នៅ​ខេត្ត​ព្រះសីហនុ​

​ព្រះសីហនុ​៖ នា​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២២ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ ត្រួតពិនិត្យ​ការប្រយុទ្ធប្រឆាំង​គ្រប់​ទម្រង់ នៃ​អំពើ​ជួញដូរ​មនុស្ស ជួញដូរ​ពលកម្ម និង​អាជីវកម្ម​ផ្លូវភេទ នៅ​ខេត្ត​ព្រះសីហនុ​។​

​កិច្ចប្រជុំ​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ឧ​ត្ត​ម​សេនីយ៍ ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​ព្រះសីហនុ និង​មន្ត្រីជាន់ខ្ពស់​មួយចំនួនទៀត​។

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា​កិច្ចប្រជុំ​នា​ថ្ងៃនេះ​ជា​ផ្នែក​មួយ​នៃ​ការជួយ​គាំទ្រ​បន្ថែមទៀត​ដល់​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ក្នុង​ខេត្ត​ព្រះសីហនុ​ដែលមាន​ការ​ប្រឈម​ទៅនឹង​បទល្មើស​ប្រភេទ​នេះ​។ សម្ដេច​ក៏បាន​រម្លឹក​ជាថ្មីទៀត​អំពី​ការប្ដេជ្ញាចិត្ត​របស់​កម្ពុ​ជា​ក្នុង​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ពិសេស​អនុសាសន៍​ជំរុញ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​សម្ដេច​ក្រឡាហោម បាន​បន្តថា​កាលពីពេល​ថ្មីៗ​នេះ ក្រសួង​បានរៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​កិច្ចប្រតិបត្តិការ​លើ​ការងារ​នេះ ហើយ​ក្នុងឋានៈ​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជូរ​មនុស្ស សម្ដេច​ក៏បាន​អំពាវនាវ​ឱ្យមាន​ការគាំទ្រ​និង​ចូលរួម​ក្នុង​ការងារ​នេះ ដោយបាន​ផ្ដល់​បណ្ដាញ​និង​លេខ​ទូរ​សព្ទ​ទំនាក់ទំនង​រាយការណ៍​អំពី​ករណីនេះ​។ សម្ដេច​ឱ្យដឹងទៀតថា​រហូតមក​ដល់ពេលនេះ ក្រសួង​បានទទួល​បណ្ដឹង និង​ការរាយការណ៍​ចំនួន​១៨៦​ករណី​។​

​ក្នុងឱកាស​នោះដែរ ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​រាយការណ៍​ជូន​សម្ដេច​ក្រឡាហោម និង​អង្គប្រជុំ​អំពី​វឌ្ឍនភាព​នៃ​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស​ន្ស​នៅ​ខេត្ត​ព្រះសីហនុ ក្រោម​កិច្ចប្រតិបត្តិការ​របស់​កម្លាំង​នគរបាលជាតិ និង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក្នុងនោះ​រួមទាំង​លទ្ធផល​នៃ​កិច្ចប្រតិបត្តិការ​ក្រោយពី​មានការ​ដាក់ចេញ​ផែនការ​ដោយ​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​។​

​ក្នុង​កិច្ចប្រជុំ​នោះ សម្ដេច​ក្រឡាហោម ស ខេង បាន​ជំរុញ​រដ្ឋបាលខេត្ត និង​គ្រប់ភាគី​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ព្រះសីហនុ បន្ត​ការខិតខំ​ប្រឹងប្រែង​បង្ក្រាប​គ្រប់​ទម្រង់​នៃ​អំពើ​ជួញដូរ​មនុស្ស ដោយ​ប្រកាន់យក​គោលការណ៍​៣​ក្នុង​កិច្ចប្រតិបត្តិការ គឺ​សង្គ្រោះ​ជនរងគ្រោះ បង្ក្រាប​ទីតាំង​ប្រព្រឹត្ត​បទល្មើស និង​ចាប់ខ្លួន​ជនល្មើស បណ្ដាញ និង​មេក្លោង​ពាក់ព័ន្ធ​មក​ផ្ដន្ទាទោស​ទៅតាម​ច្បាប់ ដើម្បី​ពង្រឹង​សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព​សង្គម ព្រមទាំង​កិត្តិយស​ជាតិ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close